នាពេលថ្មីៗនេះមានការលើកឡើងដោយខុសឆ្គងចំពោះបញ្ហាប្រាសាទព្រះវិហារខ្មែររបស់លោកឆានវីត កាសេតស៊ីរិ អ្នកប្រវត្ដិសាស្ដ្រថៃក្នុងអ្វីដែលបានលើកឡើងថា «បេតិកភណ្ឌពិភពលោកធម្មជាតិ និងវប្បធម៌ចម្រុះតាមទន្លេមេគង្គ និងដងរែក ជាគំរូមួយដើម្បីបញ្ចប់ជម្លោះ»។ ហើយលោកឆានវីត បានលើកឡើងនូវគំរូមួយនៃឧទ្យានទឹកធ្លាក់ IguaZu តាំងស្ថិតនៅលើព្រំ ដែននៃប្រទេសអាហ្សង់ទីន និងប្រេស៊ីល ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានចុះបញ្ជីឧទ្យានជាតិនៃប្រទេសអាហ្សង់ទីន ជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៨៤ ហើយគណៈកម្មាធិការបេតិកភណ្ឌក៏បានចុះបញ្ជីចំណែករបស់ប្រទេសប្រេស៊ីលជាសម្បត្ដិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៨៦ផងដែរ។ ក្នុងអត្ថបទនេះដដែល លោកស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី បានសរសេរថា «ថៃនិងកម្ពុជាបានមានជម្លោះលើប្រាសាទព្រះវិហារក្នុងកន្លះទសវត្ស។ សំណើរបស់កម្ពុជា ដើម្បីចុះបញ្ជីប្រាសាទជាបេតិកភណ្ឌពិភពលោកបានបង្កឱ្យមានជម្លោះប្រទេសជិតខាង»។ ក្រុមអ្នកជាតិនិយមថៃមួយចង់ឱ្យរដ្ឋាភិបាលថៃរារាំងការប៉ុនប៉ងរបស់កម្ពុជា ដើម្បីគ្រប់គ្រងប្រាសាទព្រះវិហារ និងបណ្ដេញសហគមន៍ខ្មែរចេញពីតំបន់នៅក្បែរប្រាសាទ។ «សាលដីកាតុលាការយុត្ដិធម៌អន្ដរជាតិរកឃើញថា ព្រះវិហារស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យរបស់កម្ពុជា ប៉ុន្ដែក្រុងបាងកកលើកឡើងថា តំបន់ជុំវិញប្រាសាទ ហើយសូម្បីដីដែលប្រាសាទតាំងនៅជាកម្មសិទ្ធិរបស់ថៃ»។ «ប្រាសាទព្រះវិហារអាចត្រូវបានចុះបញ្ជីរួមគ្នាជាសម្បត្ដិបេតិកភណ្ឌពិភពលោក នៅពេលដែលតួប្រាសាទស្ថិតក្នុងទឹកដីកម្ពុជា ប៉ុន្ដែតំបន់ជុំវិញប្រាសាទ ស្ថិតក្នុងទឹកដីថៃ»។
ការលើកឡើងរបស់លោកឆានវីត និងលោកស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី គឺបានផ្ទុយស្រឡះពីការពិតក្នុងប្រវត្ដិសាស្ដ្រ និងច្បាប់អន្ដរជាតិ។ វាជាការគួរឱ្យខ្មាសអៀនដែលលោកឆានវីត កាសេតស៊ីរិ និងលោកស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី បានបង្កើតគំនិតដោយស្មានមិនប្រាកដ គ្មានភាពសមហេតុផលតាមតក្កវិទ្យានៃច្បាប់អន្ដរជាតិដែលអាចធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្ដរជាតិទទួលយកបានឡើយ។ អ្នកប្រវត្ដិសាស្ដ្រដូចជារូបលោកឆានវីត កាសេតស៊ីរិ គួរគប្បីសរសេរនូវហេតុការណ៍ពិតទាំងឡាយក្នុងពេលវេលាច្បាស់លាស់ ដើម្បីទុកឱ្យមនុស្សជំនាន់ក្រោយទទួលបាននូវការពិតដែលជាសច្ចធម៌ក្នុងប្រវត្ដិសាស្ដ្រ ដោយមិនត្រូវធ្វើការបកស្រាយឱ្យខុសពីការពិតឡើយ។
ការពិតក្នុងប្រវត្ដិសាស្ដ្ររវាងកម្ពុជា និងថៃ មិនដែលមានជម្លោះលើបញ្ហាព្រំដែន ឬបញ្ហាប្រាសាទព្រះវិហារឡើយ។ ទើបតែក្នុងឆ្នាំ១៩៤៩ប៉ុណ្ណោះ កងទ័ពថៃបានចូលឈ្លានពានទឹកដីកម្ពុជា ដោយរំលោភទៅនឹងធម្មនុញ្ញសហប្រជាជាតិក្នុងមាត្រា២ កថាខណ្ឌទី៣ និងរំលោភខ្សែបន្ទាត់ព្រំដែនអន្ដរជាតិរវាងប្រទេសទាំងពីរដែលត្រូវបានកំណត់រួចហើយអស់រយៈពេលជាងកន្លះសតវត្សចាប់ពីឆ្នាំ១៩០៨។ ជម្លោះតែម្ដងគត់ជា មួយនឹងថៃលើបញ្ហាអធិបតេយ្យដែនដីត្រង់ព្រះវិហារត្រូវបានដោះស្រាយនៅតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេ ក្នុងឆ្នាំ១៩៥៩។ ហើយក្នុងឆ្នាំ១៩៦២ តុលាការយុត្ដិធម៌អន្តរជាតិក្រុងឡាអេបានសម្រេចលើជម្លោះអំពីអធិបតេយ្យដែនដីត្រង់តំបន់ព្រះវិហារ ដោយចៅក្រមអន្ដរជាតិបានពិនិត្យលើទិដ្ឋភាពច្បាប់ ក្នុងនោះមានអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ទាក់ទងទៅនឹងការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ និងផែនទីឆ្នាំ១៩០៨ ដែលជាផែនទីឧបសម្ព័ន្ធ១សន្លឹកដងរែក ព្រមទាំងអំពើរបស់ភាគីទាំងពីរក្នុងឆ្នាំ១៩២៥, ១៩៣៧ ព្រមទាំងដំណោះស្រាយចុងក្រោយឆ្នាំ១៩៤៦។ តុលាការយុត្ដិធម៌អន្ដរជាតិបានរកឃើញថា នៅឆ្នាំ១៩០៨-១៩០៩ ថៃពិតជាបានព្រមទទួលយកផែនទីឧបសម្ព័ន្ធ១ថា ជាលទ្ធផលនៃការងារកំណត់ព្រំដែន ដែលជាហេតុនាំឱ្យខ្លួនទទួលស្គាល់ខ្សែបន្ទាត់នៅលើផែនទីនោះ ជាខ្សែព្រំដែនដែលអនុភាពនៃការទទួលយកនេះ គឺដាក់ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជា។ តុលាការយុត្ដិធម៌អន្ដរជាតិយល់ឃើញថា ការព្រមទទួលយកផែនទីឧបសម្ព័ន្ធ១ ដោយភាគីទាំងពីរ នាំឱ្យផែនទីនេះចូលទៅក្នុងដំណោះស្រាយសន្ធិសញ្ញា និងក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាននៃដំណោះស្រាយសន្ធិសញ្ញានេះ។ ហើយតុលាការយុត្ដិធម៌អន្ដរជាតិយល់ថា ភាគីទាំងពីរបានសំរេចយកការបកស្រាយមួយនៃដំណោះស្រាយសន្ធិសញ្ញាដែលបណ្ដាលឱ្យខ្សែនៅលើផែនទីនេះមានអនុភាពលើសលប់លើបទប្បញត្ដិផ្សេងៗទៀតរបស់សន្ធិសញ្ញា។ ដូច្នេះ តុលាការយុត្ដិធម៌អន្ដរជាតិបានសម្រេចដោយសម្លេង៩ទល់នឹង៣សម្រេចថា ប្រាសាទព្រះវិហារ និងតំបន់ស្ថិតនៅជុំវិញប្រាសាទ ស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យរបស់កម្ពុជា។ ត្រង់ចំណុចនេះ លោកឆានវីត និងអ្នកនិពន្ធអត្ថបទនេះ ត្រូវរៀនសូត្រឱ្យបានយល់ដឹងត្រឹមត្រូវ ដើម្បីជៀសវាងធ្វើការបកស្រាយខុស ដែលអាចនាំឱ្យមានការយល់ដឹងខុស ឬយល់ដឹងមិនត្រឹមត្រូវ ក្នុងចំណោមមជ្ឈដ្ឋានជនជាតិថៃ ក្នុងឋានៈលោកជាអ្នកប្រវត្ដិសាស្ដ្រថៃម្នាក់។
ចំពោះប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ ជាកម្មសិទ្ធិរបស់កម្ពុជាដែលលោកឆានវីត និងលោកស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី អាចបើកមើលឃើញក្នុងគេហទំព័ររបស់តុលាការយុត្ដិធម៌អន្តរជាតិ ក្រុងឡាអេ នឹងបានមើលឃើញយ៉ាងប្រាកដ។ ឥឡូវនេះវាមានរយៈពេល៤៨ឆ្នាំហើយ ដែលកម្ពុជាបានគ្រប់គ្រងប្រាសាទព្រះវិហារតាមអំណាចនៃសាលដីកាតុលាការយុត្ដិធម៌អន្តរជាតិ។ នៅក្នុងឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលជាផ្នែកមួយនៃអង្គការសហប្រជាជាតិបានអនុម័តដោយសម្លេងឯកច្ឆ័ន្ទដាក់ប្រាសាទព្រះវិហាររបស់កម្ពុជា ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេបិច ប្រទេសកាណាដា ហើយក្នុងសម័យប្រជុំលើកទី៣៤ នៃគណៈកម្មាធិការបេតិកភណ្ឌ នាទីក្រុងប្រេស៊ីលីយ៉ានៃប្រទេសប្រេស៊ីលបានព្រមទទួលយកផែនការគ្រប់គ្រងដើម្បីការអភិរក្ស និងអភិវឌ្ឍប្រាសាទព្រះវិហារប្រកបដោយចីរភាពរបស់កម្ពុជា ហើយគណៈកម្មាធិការបេតិកភណ្ឌបានលើកទឹកចិត្ដឱ្យកម្ពុជាបន្ដការងារនេះ ដោយស្នើឱ្យមានកិច្ចសហការអន្ដជាតិក្នុងក្របខណ្ឌគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិ-ព្រះវិហារ។
ដូច្នេះវាគ្មានហេតុផលណាមួយដែលប្រាសាទព្រះវិហារខ្មែរត្រូវធ្លាក់ចូលទៅក្នុងគំនិតស្រមើស្រមៃរបស់លោកឆានវីត កាសេតស៊ីរិ ដែលនិយាយថា បេតិកភណ្ឌពិភពលោកធម្មជាតិ និងវប្បធម៌ចម្រុះតាមទន្លេមេគង្គ និងដងរែកជាគំរូមួយដើម្បីបញ្ចប់ជម្លោះ ឬថាប្រាសាទព្រះវិហារអាចត្រូវបានចុះបញ្ជីរួមតាមគំនិតស្មានមិនប្រាកដរបស់លោកស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌីឡើយ។ លោកឆានវីត កាសេតស៊ីរិ និងលោកស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី ត្រូវរៀនសូត្រយល់ដឹងឱ្យបានច្បាស់ថា ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ ជាខ្សែបន្ទាត់ព្រំដែនអន្ដរជាតិច្បាស់លាស់ និងស្ថាពរដែលមានអាយុជាង១០០ឆ្នាំហើយ៕
ចែករំលែកព័តមាននេះ