ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​៥នាក់​នាំគ្នា​ទទូរ​ភួយ​ជក់​គ្រឿង​ញៀន​ប៉េអឹម​ក្របួច

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​៥​នាក់​បាននាំគ្នា ប្រព្រឹត្ត និង​សេពគ្រឿងញៀន ​កាលពី​ម៉ោង​១១ និង៣០​នាទី​យប់ថ្ងៃទី៨ មីនា ​ត្រូវសមត្ថ​កិច្ច​​កង​រាជ​អាវុធហត្ថ​ខណ្ឌ៧​មករាឃាត់ខ្លួន​ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ប្រមូលផ្តុំ​នៅ​ច្រក​​ឌឿង​ហែម ​សំយាបផ្ទះ​ប្រជាពល​រដ្ឋ​​ផ្លូវ​លេខ​២១៣ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ។ ជាមួយ​​នឹង​ការ​ឃាត់​ខ្លួន​យុវ​ជន​ទាំង៥​នាក់​នោះ សមត្ថកិច្ច​ដក​ហូត​​ម្សៅថ្នាំ​ញៀន​១​កញ្ចប់តូច និងឧបករណ៍​​ប្រើប្រាស់​​​​មួយចំនួន ។

​យុវ​ជន​ទាំង៥​នាក់​១-ឈ្មោះ​ម៉ៅ សុវណ្ណ​ឧត្តម ​អាយុ​២០​ឆ្នាំ ​​ជាសិស្ស​ ស្នាក់នៅ​​ផ្ទះលេខ​១៩៤E1 ផ្លូវ​លេខ​៩៣ សង្កាត់​ផ្សារ​ថ្មី ខណ្ឌ​ដូន​ពេញ ។ ២-ឈ្មោះ​ឈឹម សុវឌ្ឍនា ​អាយុ​២១​ឆ្នាំ ​ជា​សិស្ស ​ស្នាក់​នៅ​ផ្ទះ​លេខ​៩E2Z ផ្លូវ​លេខ​២១៧ សង្កាត់​ផ្សារ​ថ្មី​ទី២ ​ខណ្ឌ​ដូនពេញ ​៣-ឈ្មោះ​មុត ចាន់​ធឿន អាយុ​២៤​ឆ្នាំ ​​ជា​ជាង​ឈើ ​ស្នាក់​នៅ​ផ្ទះលេខ​១Eo ផ្លូវ​​លេខ​២១៣ សង្កាត់​វាលវង់ ខណ្ឌ៧មករា ៤- ឈ្មោះ​ជា បូរិទ្ធ ​អាយុ​២​០​ឆ្នាំ ​ជា​និស្សិតស្នាក់​នៅ​ផ្ទះលេខ​៣Eo ផ្លូវ​លេខ​២១៧ សង្កាត់​ផ្សារថ្មីទី២ ​ខណ្ឌ​ដូនពេញ ​និង៥-​ឈ្មោះ​ឆឹង ឃួន ថាវី អាយុ​២៤ឆ្នាំ ​មុខ​របរ​មិនពិត​ប្រាកដ ស្នាក់នៅ​ផ្ទះ​លេខ​២៨០E4 ផ្លូវលេខ​២០០ សង្កាត់​​​បឹង​រាំង ខណ្ឌ​ដូនពេញ ​។

តាមការ​អះ​អាងពី​លោក​វរ​សេនីយ៍ត្រី​សយ ចាន់ឌី ​មេ​បញ្ជា​ការ​កង​រាជអាវុធហត្ថ​​ខណ្ឌ៧​មករាឱ្យ​ដឹង​ថា នៅវេលាម៉ោង​ខាងលើ កម្លាំង​ល្បាត​ដែលជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌបាន​​ល្បាត​​ជួប​ប្រទះ​ឃើញ​ក្រុម​យុវជន​ទាំង៥​នាក់​បានប្រមូល​ផ្តុំ​​​គ្នាទទូរ​ភួយ​ជក់គ្រឿង​ញៀន នៅ​តាម​សំយាប​ផ្ទះ​ប្រជាពលរដ្ឋ ។ ដោយឃើញ​ដូច្នេះ ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ដែល​បាន​ដើរ​ល្បាត​ក្នុង​មូល​ដ្ឋាននោះ​ក៏​បានឃាត់ខ្លួន​​ទាំង​៥នាក់​នាំ​ទៅ​កាន់​ទី​បញ្ជា​ការ ​ជាមួយនោះ​ក៏​ឆែកឆេរ​​ទៅ​ឃើញ​​​មាន​ម្សៅ​គ្រឿងញៀន​ និងឧបករណ៍​ប្រើ​ប្រាស់មួយ​ចំនួនផង ។

​លោកសយ ចាន់ឌី ​បានឱ្យ​ដឹង​​ទៀត​ថា ​ក្រោយ​ពេល​យើង​​ឃាត់ខ្លួន​ពួកគេ​​បានសារភាព​ថា ​ថ្នាំញៀន​​ដែល​បាន​យកមក​ប្រើប្រាស់​នេះ​គឺ​ឈ្មោះ​ឆឹង ឃួនថាវី ជា​អ្នកទិញ​ និងលក់​បន្ត​ឱ្យ​ពួកគេ​​ ។ ដូច្នេះ​ឈ្មោះ​ឆឹង ឃួនថាវី មានភារកិច្ច​២ គឺ​ទិញ​គ្រឿង​ញៀន​យក​មក​លក់ឱ្យយុវជន​៤​នាក់​ប្រើប្រាស់ផង និង​ខ្លួនឯង​​ក៏ប្រើ​ប្រាស់​ផង ។ ចំណុច​នេះ​ហើយ​ដែល​លោក​ចាត់​ទុកថា យុវ​ជន​​ទាំង៥នាក់​មានអ្នក​​ប្រព្រឹត្ត​បទ​ល្មើស​ជួញដូរ​ និង​​មានអ្នក​ប្រើ​ប្រាស់​​គ្រឿងញៀន ។ ក្រោយ​ពីឃាត់​ខ្លួន​ ទាំង​មនុស្ស​​ ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​​ទៅកាន់​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​​រាជ​ធានីភ្នំពេញ​ដើម្បីកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​តាមផ្លូវ​ច្បាប់៕