ខេត្តបាត់ដំបង ៖ ប្រភពព័ត៌មានបានរាយការណ៍ពីតាមបណ្តាច្រកតំបន់ក្នុងស្រុកភ្នំព្រឹក ជាប់ព្រំដែនសៀមមកថា ការលួចនាំចូលម្ហូបអាហារខូចគុណភាព ពិសេសឆ្អឹង និងសាច់មាន់ពីប្រទេសសៀមចូលមកកម្ពុជាតាមច្រកភ្នំដី ស្រុកភ្នំព្រឹក កំពុងកើតមានពេញបន្ទុកពីសំណាក់ឈ្មួញទុច្ចរិតដែលគេសង្ស័យថា មានការបើកភ្លើងខៀវពីមន្ត្រីពាក់ព័ន្ធប្រចាំច្រកនេះ ។ ប្រភពព័ត៌មាននេះត្រូវគេដឹងថា បានបែកធ្លាយដោយសារតែការបង្ក្រាបរបស់មន្ត្រីជំនាញនៅច្រកភ្នំដី ដែលជាច្រកតំបន់ធ្វើឡើងតែលើអ្នករកស៊ីកំប៉ិកកំប៉ុកនាំចូលម្តងពី១០ទៅ២០គីឡូក្រាម រីឯពួកឈ្មួញរកស៊ីដឹកជញ្ជូនក្នុងទ្រង់ទ្រាយធំរាប់តោនបែរជាមន្ត្រីទាំងនោះបិទភ្នែកធ្វើមិនឃើញទៅវិញ ។
ស្ត្រីរកស៊ីនាំចូលឆ្អឹងមាន់ខូចគុណភាពពីសៀមម្នាក់សុំមិនប្រាប់ឈ្មោះបានទំលាយរឿងអាស្រូវនេះតាមទូរស័ព្ទថា មន្ត្រីកាំកុងត្រូល និងមន្ត្រីពាក់ព័ន្ធនៅច្រកភ្នំដីនេះ មិនដែលអើពើនឹងរទេះរុញរបស់ឈ្មួញ២នាក់ដែលនាំចូលឆ្អឹង សាច់មាន់ខូចគុណភាពទាំងតោនៗនោះទេ ប៉ុន្តែពួកមន្ត្រីទាំងនោះបែរជាមកគាបសង្កត់តែអ្នករកស៊ីតូចតាចម្តងបួនដប់គីឡូក្រាមទៅវិញ ។ ស្ត្រីរូបនេះបាននិយាយបែបក្តៅក្រហាយថា អ្នករកស៊ីតូចតាចគ្មានប្រាក់បង់ត្រូវគេបង្ក្រាប តែសម្រាប់ឈ្មួញរកស៊ីធំដុំមានប្រាក់សូកប៉ាន់ចង់ដឹកសម្ញែងកាត់ពីមុខប៉ុស្តិ៍តាមច្រកភ្នំដីនេះទាំងថ្ងៃ ក៏ពួកមន្ត្រីទាំងនោះមិនយកភ្នែកមើលដែរ ។ ស្ត្រីរូបនេះបានបញ្ជាក់ប្រាប់ថា បច្ចុប្បន្នឈ្មួញដែលរកស៊ីនាំចូលឆ្អឹងមាន់ខូចគុណភាពនេះធំជាងគេមាន២នាក់ គឺម្នាក់ឈ្មោះឆៃ ភេទប្រុស មានរថយន្តកាមរីពណ៌ស រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក និងម្នាក់ទៀតឈ្មោះផល្លា ជាប្រពន្ធមន្ត្រីគយម្នាក់ មានរថយន្តកាមរីគូទប៉ោងពណ៌ស្ករ ។
ទាក់ទិននឹងការបែកធ្លាយរឿងអំពើពុករលួយខាងលើនេះ មន្ត្រីកាំកុងត្រូលដែលទទួលខុសត្រូវច្រកភ្នំដីនេះ លោកគឹម ប្រុស បានបំភ្លឺតាមទូរស័ព្ទថា គ្មានការនាំចូលសាច់មាន់ ឬឆ្អឹងមាន់ខូចគុណភាពក្នុងទ្រង់ទ្រាយធំដុំទេ ប៉ុន្តែលោកទទួលស្គាល់ចំពោះការលួចនាំចូលតិចតួចដែលបង្កប់តាមរយៈរុញ ។ មន្ត្រីរូបនេះបានបញ្ជាក់ថា លោកបានចាប់សាច់មាន់ទាំងនេះដុតកំទេចចោលស្ទើររាល់ថ្ងៃ ។ ចំពោះឈ្មួញធំៗ២នាក់ខាងលើនេះ លោកគឹម ប្រុស បានបដិសេធថា លោកមិនធ្លាប់ស្គាល់ទេ ។ លោកប៉ែន សេដ្ឋា ប្រធានការិយាល័យបសុពេទ្យមិនលើកទូរស័ព្ទដើម្បីបំភ្លឺរឿងនេះទេ កាលពីព្រឹកថ្ងៃទី១៧ មីនា។ បើតាមប្រភពថា ឈ្មួញ២នាក់នេះបានលួចនាំចូលសាច់មាន់ និងឆ្អឹងមាន់ខូចគុណភាពនេះក្នុង១សប្តាហ៍ម្តង ហើយម្តងៗមិនតិចជាង១,៥តោននោះទេ ដោយដឹកយកមកចែកចាយលើទីផ្សារខេត្តបាត់ដំបង និងខេត្តផ្សេងៗ៕
ចែករំលែកព័តមាននេះ