ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍កាលពីថ្ងៃទី៩ មីនា ថា ក្រុមហ៊ុន ROSOBORON-EXPORT ជាក្រុមហ៊ុននាំចេញអាវុធរុស្ស៊ីបានលាតត្រដាងពីផែនការនាំចេញអាវុធរបស់ខ្លួនក្នុងឆ្នាំ២០១១ ថា នឹងមាន៩,៥ពាន់លានដុល្លារ។
លោកអាណាតូលី អ៊ីសៃគីន អគ្គនាយករបស់ក្រុមហ៊ុននេះថ្លែងថា រុស្ស៊ីចង់រក្សាជំហររបស់ខ្លួនជាអ្នកនាំចេញអាវុធធំជាងគេទី២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ។ លោកគូសបញ្ជាក់ថា ផែនការនាំចេញអាវុធឆ្នាំ២០១១នឹងមានលើសពីឆ្នាំ២០១០ ហើយនឹងត្រូវឡើងដល់៩,៥ពាន់លានដុល្លារ ។ ក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត ការនាំចេញអាវុធរបស់រុស្ស៊ីត្រូវឡើងដល់៣៨.៥ពាន់លានដុល្លារ ។ លោកអះអាងថា រុស្ស៊ី និងបារាំងបានចាប់ផ្តើមដំណាក់កាលទីមួយនៃការចរចាលើការទិញដោយរុស្ស៊ីនូវនាវាចម្បាំងធុន MISTRAL ជានាវាផ្ទុកឧទ្ធម្ភាគចក្រផលិតនៅបារាំង ។
លោកអ៊ីសៃគីន ក៏គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន ROSOBORONEXPORT ធ្វើការចរចាជាមួយក្រសួងការពារប្រទេសអាេមរិកស្តីពីការផ្តល់ឧទ្ធម្ភាគចក្ររុស្ស៊ីដល់អាហ្វហ្គានីស្ថាន និងអុីរ៉ាក់ ។ យើងកំពុងស្ថិតក្នុងដំណាក់កាលនៃការចរចាគ្នា ។ នៅពុំទាន់មានកុងត្រានានានៅឡើយ ក៏ប៉ុន្តែមានសំណើទិញឧទ្ធម្ភាគចក្ររុស្ស៊ី។ លោកបញ្ជាក់ថា ការផ្តល់ឧទ្ធម្ភាគចក្រដល់អាហ្វហ្គានីស្ថានគឺជាគំរោងមួយដែលនឹងអាចអនុវត្តក្នុងពេលខាងមុខឆាប់ៗ ។ ប្រទេសរុស្ស៊ីក៏រួមសហការដែរក្នុងកម្រិតយោធា និងបច្ចេកទេសជាមួយប្រទេសមួយចំនួនជាសមាជិកអូតង់ ។
អគ្គនាយកក្រុមហ៊ុននេះគូសបញ្ជាក់ទៀតថា យន្តហោះ និងឧបករណ៍យោធាទាំងឡាយទាក់ទិនដល់៤៣% នៃការនាំចេញអាវុធរបស់រុស្ស៊ីនាវាចម្បាំង និងឧបករណ៍នាវាចរណ៍តំណាងឱ្យការនាំចេញ២២%អាវុធនិងឧបករណ៍យោធាសម្រាប់កងទ័ពជើងគោក តំណាងឱ្យ១០% ហើយប្រព័ន្ធការពារអាកាស១៣% ៕
ចែករំលែកព័តមាននេះ