ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ​​វេលារសៀល សម្តេច​​តេជោ​ហ៊ុន សែន ​អញ្ជើញ​​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​​នៅអង្គ​ភាពប្រឆាំង​អំពើពុករលួយ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​នឹង​អញ្ជើញ​​ទៅប្រកាសទ្រព្យ​សម្បត្តិ​​នៅទីស្តីការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​នា​វេលាម៉ោង​​៤​រសៀលថ្ងៃ​សុក្រ​ ទី​​១ មេសា ២០១១ ស្អែក​នេះ ។ នេះ​បើ​​យោង​តាម​ប្រធាន​អង្គ​​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក​​ឱម យ៉ិន​ទៀង ​ដែលថ្លែងប្រាប់​កោះ​សន្តិភាព​​តាម​ទូរស័ព្ទ​នៅ​​ព្រឹក​ថ្ងៃទី​​​៣១ មីនា​ ។ លោកបង្ហើប​ឱ្យ​​ដឹង​ថា ​មក​ទល់នឹង​ពេល​នេះ​​មាន​​មន្ត្រីជាន់ខ្ពស់​​​រាជ​រដ្ឋាភិ​បាល​​ រដ្ឋសភា និង​ព្រឹទ្ធសភា​កម្ពុជា​​ជា​ច្រើននាក់​​ហើយ​​​បានចូល​មក​ប្រកាស​​​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​ខ្លួន ។ ​ក្នុងនោះ​​លោកប្រធាន​​អង្គ​ភាពប្រឆាំង​អំពើ​​ពុក​រលួយ ឱម យ៉ិន​ទៀង ​​បញ្ជាក់​ឱ្យ​ដឹងទៀត​ថា សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​ សំរិន ​ក៏​បាន​​ប្រកាសទ្រព្យ​សម្បត្តិ​​​រួច​រាល់​ហើយ​ដែរ ។​

គួរ​​បញ្ជាក់​​ថា កាលពី​ពេលថ្មី​ៗ​នេះ​​អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ​​​បានប្រកាស​ជូនដំណឹង​​ដោយ​ទុកពេល​​ឱ្យ​មន្ត្រីជាប់​កាតព្វ​កិច្ច​​ប្រកា​ស​ទ្រព្យ​សម្បត្តិ​​ និងបំណុល​ត្រឹមថ្ងៃទី​៧ មេសា ២០១១ ខាង​មុខ ក្នុងការមកប្រកាស​ទ្រព្យ​សម្បត្តិ​​ និងបំណុលរបស់ខ្លួន ។ សេចក្តីជូន​​ដំណឹង​​ដដែល​ក៏​បាន​​បញ្ជាក់ទៀត​ថា ​មន្ត្រី​​​ទាំងឡាយ​ណា​ដែល​​ជាប់កាតព្វ​កិច្ចត្រូវ​​ប្រកាសទ្រព្យ​សម្បត្តិ​​ និង​​បំណុល ហើយ​​គេចវេះ​មិន​បានប្រកាស ត្រូវ​ផ្តន្ទាទោស​​ជាប់ពន្ធនាគារ​​ពី​១ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​​ពី​១សែន​​​រៀលទៅ​​២លានរៀល ។ ​សូម​បញ្ជាក់​​ផងដែរ​ថា មកទល់នឹង​ពេលនេះ​មាន​មន្ត្រី​​​រាជការ​​១ភាគ​៤​ប៉ុណ្ណោះ​ដែលក្លាហាន​ក្នុង​ការ​ប្រកាស​​ទ្រព្យ​សម្បត្តិ​​​ និងបំណុល ​​ក្នុង​ចំណោម​​​មន្ត្រី​​​២ម៉ឺន​​៥ពាន់​នាក់ ដែល​ជាប់​​​កាតព្វ​កិច្ច​​ត្រូវប្រកាស​​ទ្រព្យសម្បត្តិ​​ និងបំណុល ។

គួរ​បញ្ជាក់​​ដែរ​ថា ​មន្ត្រីដែល​ជាប់កាតព្វ​កិច្ច​​ត្រូវ​​ប្រកាស​​ទ្រព្យសម្បត្តិ​​ និង​បំណុល ​គឺ​មន្ត្រី​​រាជ​ការ​​ស៊ីវិល ដែលមានឋានៈ​ចាប់ពីប្រធាន​​នាយក​ដ្ឋាន​ និង​មន្ត្រីយោធា​ ​នគរបាល ​ដែល​មាន​ឋានន្តរ​​ស័ក្តិ​​ចាប់ពីវរ​សេនីយ៍​​ឯក​ឡើងទៅ ​មន្ត្រី​ដែល​មាន​អាណត្តិ​​ជ្រើសតាំង​ដូចជា​ក្រុម​​ប្រឹក្សា​ឃុំ-​សង្កាត់​​ ស្រុក​ ខណ្ឌ ​​ខេត្ត​-រាជធានី ​សមាជិក​រដ្ឋ​​សភា ​សមាជិក​ព្រឹទ្ធសភា សមាជិក​រាជ​​រដ្ឋាភិ​បាល​​ ចៅក្រម​​អាសនៈ ចៅក្រម​​អយ្យការ សារ​ការី ក្រឡាបញ្ជី និងអាជ្ញា​​សាលា ៕