ខេត្តកណ្តាល ៖ ករណីចរន្តអគ្គិសនីឆក់២ ផ្សេងគ្នាបណ្តាលឱ្យបុរស២នាក់ស្លាប់ និងម្នាក់របួស ។ ករណីទី១បុរសម្នាក់ជាម្ចាស់មេក្រូត្រូវចរន្តអគ្គិសនីខ្សែកាបឆក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈអ្នកទាំងពីររៀបចំចាក់មេក្រូក្នុង ពិធីបុណ្យដារលាននៅភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ។ អ្នកទាំងពីរលើកមេក្រូ ភ្ជាប់នឹងបង្គោលដែកប៉ះជាមួយខ្សែកាបកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ថ្ងៃទី១២ មីនា ។
ប្រភពព័ត៌មានឱ្យដឹងថា អ្នកស្លាប់ឈ្មោះធី ធន់ អាយុ២៣ឆ្នាំ ជាម្ចាស់មេក្រូ និងកម្មករម្នាក់រងរបួសធ្ងន់ឈ្មោះពេញ ចន្ថា អាយុ២១ឆ្នាំ អ្នកទាំងពីររស់នៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានឱ្យដឹងថា ម្ចាស់មេក្រូ និងកម្មករបានរៀបចំចាក់មេក្រូនៅក្នុងពិធីបុណ្យដារលាន ។ ទាំង២នាក់នេះ ពេលចងមេក្រូ នឹងបង្គោលដែកហើយលើកឡើងបានប៉ះនឹងខ្សែកាបខ្សែភ្លើងរាយនៅខាងលើទើបបណ្តាលឱ្យឆក់ ។ ភ្លាមនោះអ្នកឃើញហេតុការណ៍ព្យាយាមជួយសង្គ្រោះ ប៉ុន្តែឈ្មោះធី ធន់ បានស្លាប់ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ប៉ូលិសទៅពិនិត្យកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់មែន ហើយប្រគល់សពទៅឱ្យក្រុមគ្រួសារធ្វើបុណ្យ ។
ចំណែកករណីទី២ បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ដែរ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១២ មីនា នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខណៈជនរងគ្រោះឡើងលើផ្ទះតចរន្តអគ្គិសនី ។ ជនរងគ្រោះឈ្មោះផុន ជឿន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកជ្រៃ ឃុំព្រែកប្ញស្សី ស្រុកល្វាឯម ខេត្តកណ្តាល តែបានទៅជួយធ្វើផ្ទះឱ្យបងថ្លៃឈ្មោះឈាន ខាន់ ។
ប្រភពព័ត៌មានឱ្យដឹងថា ជនរងគ្រោះបានកាត់តខ្សែភ្លើងនៅលើផ្ទះជាន់លើ ហើយត្រូវចរន្តអគ្គិសនីឆ្លងឆក់ បណ្តាលឱ្យរងរបួសធ្ងន់ត្រូវគេជួយសង្គ្រោះដោយយកទៅត្រាំក្នុងភក់ ។ ដោយជនរងគ្រោះមិនដឹងខ្លួនត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្តទៀត ប៉ុន្តែពេលទៅមន្ទីរពេទ្យត្រូវគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយដោយនៅលើខ្លួនមានស្នាមរោលខ្មៅ ៕
ចែករំលែកព័តមាននេះ