ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​កូន​កំលោះកូន​ក្រមុំ វិលត្រឡប់​ពី​សុំ​ច្បាប់​រៀប​ការ ជួប​គ្រោះ​អកុសល​ស្លាប់​និង​របួស

15 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​មួយ​បណ្តាល​ឱ្យ​នារី​អនាគតកូន​ក្រមុំ​ និង​ក្មួយ​​ស្រី​តូច​អាយុ​២ឆ្នាំស្លាប់ ​ចំណែក​អនា​គត​កូនកំលោះ​បានរងរបួស​ធ្ងន់ ក្នុង​ហេតុ​ការណ៍​​​ម៉ូតូ​ម៉ាក​ឌ្រីម​C125 ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ ២០០៨ មួយគ្រឿង ត្រូវ​រថយន្ត​​ឈ្នួល​ម៉ាក​កាមរី​ឆ្លាម​ពណ៌​ពង​មាន់​ពាក់ស្លាក​លេខ​ 2K-9801 បុក​​នៅវេលាម៉ោង​​ប្រមាណ១ និង​២០នាទី ​រសៀល​ថ្ងៃទី១៦ មីនា កន្លងទៅនេះ ។

តាម​ប្រភព​ពីកន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ជនរង​គ្រោះ​ដែលស្លាប់​ឈ្មោះ​បិញ សុថា អាយុ​២២ឆ្នាំ ​ជា​អនា​គត​កូនក្រមុំ និង​ក្មេង​ស្រី​មិន​ស្គាល់​​ឈ្មោះ​អាយុ​២ឆ្នាំ ត្រូវ​ជាក្មួយ​ជា​អ្នក​រស់​នៅ​ឃុំដូនកែវ ​ស្រុកពួក ខេត្ត​សៀមរាប ។ ​គ្រោះថ្នាក់​ចរា​ចរណ៍នេះកើតឡើង​ ខណៈ​ពេល ដែលនាងក្រមុំ​​ឈ្មោះបិញ សុថា ​អាយុ​២២​ឆ្នាំ នោះ​បានជិះ​ម៉ូតូ​​ដែល​យុវ​ជនជា​គូ​ដណ្តឹង​​​ឈ្មោះ ឆែម ​ឈឿត ជាអ្នកបើកបត់ចេញ​ពីក្នុង​ផ្លូវ​​បំបែក​ក្រវាត់​ក្រុងឡើង​មក​ទ្រូងថ្នល់​ ។ ជា​អកុសល​ចៃដន្យ ​ក៏​ត្រូវរថយន្ត​តាក់ស៊ី​ធុន​ឆ្លាម​ខាងលើ ដែលមានផ្ទុក​អ្នកដំណើរ​ចំនួន​៧​នាក់ និង​បើក​​​ក្នុង​ល្បឿន​លឿន​ពីលិច​ទៅ​កើត​សំដៅ​ចូល​ក្រុង​សៀម​រាប បុក​ពេញ​ទំហឹង​ប៉ើង​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ ​។ ក្នុងហេតុ​ការណ៍​ខាង​លើ​នេះ បណ្តាល​ឱ្យ​នារី​ជា​អនាគត​កូន​ក្រមុំ​ និង​ក្មួយ​ស្រី​អាយុ​២ឆ្នាំ​របស់​នាង​​ដែលជិះ​ពីក្រោយ​​ផ្លោង​ធ្លាក់បោក​ក្បាលស្លាប់ រីឯយុវជន​ជាគូ​ដណ្តឹង​​ និង​ជា​អនាគតកូនកំលោះរង​របួស​ធ្ងន់​ត្រូវបាន​ដឹក​បញ្ជូនទៅសង្គ្រោះបន្ទាន់​ក្នុង​មន្ទីរ​ពេទ្យ។​

ក្រោយពេលកើតហេតុ អ្នកបើកបរ​រថយន្ត​​បានគេចខ្លួនបាត់ បន្សល់ទុកតែ​ការ​ភ្ញាក់ផ្អើល​​នៅកន្លែងកើតហេតុ​ ។ សាកសពជន​រង​គ្រោះ​ត្រូវ​បានសមត្ថ​កិច្ច​ប៉ូលិស​ចរាចរផ្លូវគោក​ប្រគល់​​ឱ្យ​ក្រុមគ្រួសារយកទៅធ្វើ​បុណ្យ​តាម​ទំនៀម​ទំលាប់​ប្រពៃណី ឯ​រថយន្ត​និង​ម៉ូតូ​​ត្រូវ​បាន​យក​ទៅរក្សា​ទុក​បណ្តោះ​អាសន្ននៅ​ស្នង​ការ​​ដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។​ ក្នុងហេតុការណ៍នេះដែរ អ្នកដំណើរ​ដែលជិះ​ក្នុងរថយន្ត​ឈ្នួលនោះ​មិន​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។​​ តាមប្រភពព័ត៌​មាន​បានឱ្យ​ដឹង​ថា ទាំង​អនា​គត​កូនកម្លោះ​ និងកូនក្រមុំនេះ​គឺ​ទើបតែ​វិល​ត្រឡប់​មកពី​សុំច្បាប់​រៀប​អាពាហ៍​ពិពាហ៍​ពី​សាលា​ឃុំ ៕