ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​ជប៉ុន​៖ ការ​ផ្គត់​ផ្គង់​ភ្លើង​ធ្លាក់​ចុះ​ខ្លាច​រោង​ចក្រ​ជា​ច្រើន​ឈប់​ដើរ

15 ឆ្នាំ មុន

រង​ការ​ប៉ះ​ពាល់ដោយ​ការ​ដាច់​អគ្គិ​សនី​ថ្មីៗ​កាល​ពី​ថ្ងៃ​ទី​១៧ មីនា ក្រុង​តូក្យូ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​អគ្គិ​សនី​យ៉ាង​តិច​៦​ខែ​ទៀត​ ខណៈ​ពេល​មាន​ការ​ខូច​ខាត​ក្នុង​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ទាំង​ឡាយ​ដោយ​សារ​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី កាល​ពី​ថ្ងៃ​ទី​១១ មីនា កន្លងមក​ញាំុង​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ដល់​ការ​​លែង​ដំណើរ​ការ​នៃ​រោងច​ក្រ​ជា​ច្រើន​ជា​ឈ្នាន់​សេដ្ឋ​កិច្ច​ដ៏​សំខាន់​។
ការ​រញ្ជួយ​ដី​មា​នកម្លាំង​៩​រីស្ទ័រ​ និង​រលក​យក្ស​ស៊ូ​ណា​មី​ដែល​បំផ្លាញ​ភាគ​ឥសាន​ជប៉ុន​បង្ខំ​ឱ្យ​​មាន​ការកាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​អគ្គិ​សនី​ក្នុង​រាជ​ធានី​ជប៉ុន​ចំនួន​១​ភាគ​៤​។ ភ្លើង​ក្នុង​តំបន់​មួយ​ចំនួន​ ក្នុង​នោះ​មាន​ទី​ក្រុង​តូ​ក្យូ​ផង​ដែរ ហើយ​តំណាង​ឱ្យ​៤០​%​នៃ​ផលិត​កម្ម​ជប៉ុន​ត្រូវ​ដាច់​ភ្លើង​៣​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​ស្ទះ​ដល់​ការ​ធ្វើ​ដំណើរ​​តាម​រថ​ភ្លើង​លឿន​ និង​បណ្តាល​ឱ្យ​ដាច់​ភ្លើង​ស្តុប​ និង​ភ្លើង​ផ្តល់​សញ្ញា​ទាំង​ឡាយ​។
ការ​ខ្វះ​ភ្លើង​នេះ​តំណាង​ឱ្យ​ការ​ប្រឈម​ជា​គន្លឹះ​មួយ​ក្នុង​ការ​ជំរុញ​សេដ្ឋ​កិច្ច​ជប៉ុន​ឡើង​វិញ ក្រោយ​គ្រោះ​មហន្ត​រាយ​ដែល​តម្លៃ​នៃ​ការ​ខូច​ខាត​អាច​មាន​ដល់​២០០​ពាន់​លាន​ដុល្លារ​។ ការ​ខ្វះ​ភ្លើង​ប្រើ​នឹង​មាន​ពេល​យ៉ាង​ហោច​ណាស់​៦​ខែ​រង់​ចាំ​ការ​ជួស​ជុល​ ឬ​ការ​ជំនួស​ដោយ​ប្រភព​ថាម​ពល​ដទៃៗ​ទៀត​ដោយ​ប្រការ​នេះ​​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បណ្តា​សហ​​គ្រាស​ដែល​ជា​ឈ្នាន់​គន្លឹះ​ក្នុង​ផលិត​កម្ម​ និង​ពាណិជ្ជ​កម្ម​ជប៉ុន​។​ ជាមួយ​នឹង​រេ​អាក់​ទ័រ​នុយ​ក្លេ​អ៊ែរ​៤​លែង​ដំណើរ​ការ​ប្រហែល​ជា​អចិន្ត្រៃយ៍​ សេចក្តី​ត្រូវ​ការ​ប្រេង និង​ឧស្ម័ន​របស់​ជប៉ុន​ប្រើ​ប្រាស់​សំរាប់​ផលិត​កម្ម​អគ្គិ​សនី​ត្រូវ​បង្កើន​ ហើយ​​ជំរុញ​ឱ្យ​តម្លៃ​ថាម​ពល​ទាំង​នេះ​ឡើង​ថ្លៃ​កាន់​តែ​ខ្ពស់​។
ផល​ប៉ះ​ពាល់​ខាង​សេដ្ឋ​កិច្ច​ដោយ​សារ​ការ​រញ្ជួយ​ដី​នោះ​វាជា​រឿង​មួយ​ជាមួយ​នឹង​វិបត្តិ​បង្ក​ឡើង​ដោយ​ការ​ខូច​ខាត​បណ្តាល​មក​ពី​ស៊ូ​ណា​មី​ក្នុង​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា​ ដាយ​អ៊ីជី។ ក៏​ប៉ុន្តែ​ផល​វិបាក​ទាំង​ឡាយ​​នឹង​អាច​មាន​ធំ​ធេង​បំផុត​នៅ​ពេល​មាន​ការ​ដាច់​ភ្លើង​អគ្គិ​សនី​ដែល​ប៉ះ​ពាល់​ដល់​បណ្តា​សហ​គ្រាស​ជប៉ុន​ដែល​មាន​ក្នុង​តំបន់​ទាំង​ឡាយ​រហូត​ដល់​ឧស្សាហ​កម្ម​​រថ​យន្ត​។ ក្រុម​ហ៊ុន​តូ​យ៉ូ​តា​បាន​វាយ​តម្លៃ​ពី​ការ​ខូច​ខាត​នៃ​ផលិត​កម្ម​របស់​ខ្លន​ថា មាន​យ៉ាង​តិច​រថ​យន្ត​៩៥.០០០​គ្រឿង​។ ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ជប៉ុន​ដទៃៗ​ទៀត​ព្យាករណ៍​ពី​ការ​ខូច​ខាត​ប្រហាក់​ប្រហែល​គ្នា​នេះ​។
ក្រុម​ហ៊ុន TOKYO ELECTRIC POWER ដែល​ធ្វើ​អាជីវ​កម្ម​លើ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​ហ្វូ​គូ​ស៊ីម៉ា​ ថ្លែង​ថា ការ​ខូច​ខាត​ទាក់​ទិន​ដល់​ការ​រញ្ជួ​យ​ដី​គឺ​ញាំុង​ឱ្យ​មាន​ការ​កាត់​បន្ថយ​សមត្ថ​ភាព​ផលិត​កម្ម​អគ្គិ​សនី​ដល់​ទៅ​៣៣,៥​លាន​គីឡូវ៉ាត់​​ក្នុង​មួយ​ថ្ងៃ​គឺ​២៥%​ក្រោម​សេចក្តី​ត្រូវ​ការ​។
ប្រទេស​ជប៉ុន​បាន​បិទ​រេ​អាក់​ទ័រ​ចំនួន​១១​ក្នុង​ចំណោម​រេ​អាក់​ទ័រ​នុយ​ក្លេ​អ៊ែរ​ទាំង​៥៤​របស់​ខ្លួន​ក្រោយ​ការ​រញ្ជួយ​ដី​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​បំផុត​ដល់​សេដ្ឋ​កិច្ច​ដែល​ពឹង​ផ្អែក​លើ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​សំរាប់​៣០%​នៃ​ផលិត​កម្ម​អគ្គិ​សនី​របស់​ខ្លួន។ គេ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ដែល​កើត​ចំពោះ​​បណ្តាញ​ចែក​ចាយ​ និង​បណ្តា​ហ្សេ​នេរ៉ា​ទ័រ​ដែល​ប្រើ​ធ្យូង​ថ្ម​ និង​ឧស្ម័ន​។
សំរាប់​ពេល​នេះ​ជប៉ុន​ត្រូវ​បំពេញ​ការ​ខ្វះ​ខាត​អគ្គិ​សនី​ដោយ​ប្រើ​បណ្តា​ហ្សេ​នេ​រ៉ា​ទ័រ​ដើរ​ដោយ​​ឧស្ម័ន​ ប្រេង​ម៉ា​ស៊ូត​ ឬ​ធ្យូង​ថ្ម។ សេចក្តី​ត្រូវ​ការ​ថាម​ពល​នឹង​ត្រូវ​បង្កើន​ផង​ដែរ​ជាមួយ​ការ​ងារ​កសាង​ឡើង​វិញ​។
បណ្តា​សហ​គ្រាស​ជប៉ុន​ប៉ុន​ប៉ង​ទិញ​ក្នុង​ចំនួន​ច្រើន​ទៀត​នូវ​ប្រេង​ឥន្ធនៈ​នៅ​លើ​ទី​ផ្សារ​អន្តរ​ជាតិ៕