ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូតជប៉ុន​បង្ហាញ​គ្រូបង្រៀន​ការ​តុប​តែង​ផ្កាតាម​បែប​ប្រពៃណីអ៊ីកេបាណា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នា​រសៀល​​ថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ​២០១០​ មាន​​រៀបចំ​បង្ហាញ​គ្រូ​បង្រៀន​ការ​តុប​តែង​​ផ្កា​តាម​បែប​ប្រពៃណី​​​​ដោយ​ មានអ្នក​គ្រូមក​ពី​ទីក្រុង​តូក្យូ​ចំនួន​៤​នាក់ និង​មា​ន​ការ​ចូលរួម​ពីលោក​ជំទាវ​ លោក​ស្រី​ជា​ភរិយា​ថ្នាក់​ដឹកនាំ​ក្នុង​ព្រឹទ្ធ​សភា​​និង​ព្រះបរម​​រាជវាំង​ រួមទាំង​បណ្តា​ស្ថាប័ន​នានា​ជា​ច្រើន​រូប​​ទៀត ។​ លោក​​ Masa Fumi Kuroki ​ឯកអគ្គ​រាជ​ទូត​ជប៉ុន​​បាន​មាន​ប្រសាសន៍​ថា «អ៊ីកេបាណា» ជាផ្នែក​​មួយ​មិន​អាច

រាជធានីភ្នំពេញ​ ៖ នៅស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ នា​រសៀល​​ថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ​២០១០​ មាន​​រៀបចំ​បង្ហាញ​គ្រូ​បង្រៀន​ការ​តុប​តែង​​ផ្កា​តាម​បែប​ប្រពៃណី​​​​ដោយ​មានអ្នក​គ្រូមក​ពី​ទីក្រុង​តូក្យូ​ចំនួន​៤​នាក់ និង​មា​ន​ការ​ចូលរួម​ពីលោក​ជំទាវ​ លោក​ស្រី​ជា​ភរិយា​ថ្នាក់​ដឹកនាំ​ក្នុង​ព្រឹទ្ធ​សភា​​និង​ព្រះបរម​​រាជវាំង​ រួមទាំង​បណ្តា​ស្ថាប័ន​នានា​ជា​ច្រើន​រូប​​ទៀត ។​ លោក​​ Masa Fumi Kuroki ​ឯកអគ្គ​រាជ​ទូត​ជប៉ុន​​បាន​មាន​ប្រសាសន៍​ថា «អ៊ីកេបាណា» ជាផ្នែក​​មួយ​មិន​អាច​ផ្តាច់​ចេញ​ពី​វប្ប​ធម៌​​របស់​ជប៉ុន​​បានឡើយ ។ ក្នុង​ខណៈ​ដែល​ប្រទេស​ជប៉ុន​មាន​ដំណើរ​ការ​ជឿន​លឿន​​គ្រប់​បច្ចេក​វិជ្ជា​ឧស្សា​ ហកម្ម​ផ្សេងៗ​ដូចជា​ ក្រុម​​ហ៊ុន​ផលិត​រថយន្ត​តូយ៉ូ​តា ក្រុម​ហ៊ុន​ហុងដា ក្រុម​ហ៊ុន​សូនី ដែល​ល្បីៗ​នៅ​ប្រទេស​ជប៉ុន​និង​ជុំវិញ​​ពិភព​លោក​នោះ ​ប្រទេស​ជប៉ុន​ក៏នៅតែ​អភិរក្ស​​ប្រពៃណី​​ទំនៀម​ទំលាប់​​របស់​ខ្លួន​ជានិច្ច​។ អ៊ីកេបាណា​ គឺជា​វប្បធម៌​​ប្រពៃ​ណី​​​មួ​យរបស់​ជប៉ុន​ដែល​មាន​កំណើតតាំង​ពី​សតវត្ស​​ទី​១៦​ ​ជា​សិល្បៈ​នៃ​ការ​​រៀបចំ​ផ្កា​ដែល​តំណាង​ឱ្យ​ឋាន​សួគ៌​​ ផែនដី​ និង​មនុស្ស​ជាតិ ។ ការ​តុប​តែង​ផ្កា​​​ត្រូវ​បាន​រៀបចំ​​ដោយ​ចង្អុល​​ទៅ​កាន់​​ឋាន​សួគ៌​ដែល​ជាការ​បង្ហាញ​នូវ​ជំនឿ ។

លោក​ឯកអគ្គ​រាជ​ទូត​បន្ត​ថា អ៊ីកេបាណា​គឺ​ជា​​សិល្បៈ​មួយក្នុង​ចំណោម​សិល្បៈជា​ច្រើន​​ដែល​ស្ត្រី​សិក្សា​នៅ​ក្នុង​សាលា​ជាលក្ខណៈ​ប្រពៃណី​មុន​នឹង​រៀបអាពិពាហ៍​ពិពាហ៍​​ ។ អ៊ីកេបាណេ​ បាន​ដើរ​តួសំខាន់​នៅ​ក្នុង​វប្បធម៌​របស់​ជប៉ុន​ដែល​ទាក់​ទង​នឹងធម្ម​ជាតិ​ រុក្ខជាតិ​ផ្សេងៗ ​រួម​ជាមួយ​នឹង​ការ​តុបតែង​សួន​ច្បារ​​ទៅតាមការ​​​ច្នៃប្រឌិត​​រៀប​ផ្កា​ឱ្យ​មាន​សោភ័ណ​ភាព​ល្អ​ស្អាត ។ ថ្ងៃនេះ ស្ថាន​ទូត​បានអញ្ជើញ​ស្ត្រី​ដែល​ជា​គ្រូ​រៀបចំ​តុបតែង​​​ផ្កា​​មកពី​ប្រទេស​​ជបប៉ុនចំនួន​​៤​រូប​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​រៀបចំ​បង្ហាត់​បង្រៀន​ប្រជាជន​ជប៉ុន​​ជា​ច្រើន​ ហើយ​មាន​សញ្ញាបត្រ​​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ចេញពី​សាលា​«សូកេតស៊ូ​»​ក្នុង​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុននោះគឺ១-លោក​ស្រី​ Seiyu Ito  ជាសមាជិកា​គណៈ​​​នាយក​នៃ​សមា​គម​​គ្រូ​បង្រៀន​សូកេត​ស៊ូ ២-លោក​ស្រី​ Kosen Otsuka ​៣​-លោក​​ស្រី​ Chisei Iwamoto និង​៤- លោក​ស្រី​ Tanho Tagaya ​។

លោក​ស្រី​ Seiyu Ito បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​តុប​តែង​ផ្កា​មិន​ពិបាក​ទេ ហើយ​ផ្កា​ក៏​មិន​ពិបាក​រកដែរ គឺ​ដើម​រុក្ខជាតិ​ផ្សេងៗ​នៅ​ក្នុង​សួន​ច្បារ​ក្បែរ​លំនៅ​ឋាន​របស់​យើង​អាច​បេះកាត់​យក​មករៀបចំ​តុបតែង​ធ្វើ​បាន។ ​ដូចជា​ពេលនេះ​ ​លោក​ស្រី​បាន​យករុក្ខជាតិ​មួយ​ចំនួ​ន​នៅ​ក្នុង​សួន​ច្បារ​​នៃ​ស្ថានទូត​មក​រៀបចំ​ច្នៃ​ប្រឌិត​​ឱ្យ​បាន​ស្អាត​ ប៉ុន្តែ​ក៏​មាន​ផ្នែក​ខ្លះ​យក​មក​ពី​ប្រទេស​ជប៉ុន​ដែរ ដូចជា​ដើម​ឫស្សី​​នេះ​ជា​ដើម ។ ដូច្នេះ​​ហើយ ​ឫស្សី​ជប៉ុន​ផ្សំ​ជាមួយ​ផ្កា​កម្ពុជា​​ពិតជា​ស្រស់​ស្អាត​ និង​បង្កើត​​បាននូវ​​ភាព​រឹត​ចំណង​សាមគ្គី​ភាព​ថែមទៀត​ ។ ក្រៅពី​បង្ហាញ​​ការ​តុប​តែង​រៀបចំ​ផ្កា​ហើយ​ នៅ​រសៀល​​នោះក៏​មាន​ការ​បង្ហាញ​ពី​របៀប​ឆុងតែ​ផងដែរ​ដែលជា​ប្រពៃណី​ជប៉ុន ។ ការ​រៀបចំ​តុបតែង​ផ្កា​​នា​រសៀល​​នោះ​មាន​រុក្ខ​ជាតិ​ផ្សំ​ជា​ច្រើន​ដូចជា​ ផ្កា​ក្រដាស​ មែក​ជ្រៃ​ក្រឹម ផ្កា​កុលាប ដើម​ពោល្យំ ស្លឹក​ចេក ចំរៀក​ឫស្សី​ ដើម​ឫស្សី​ជប៉ុន ដើម​ចេក​មាស ដើម​ចំប៉ី​ជា​ដើម ៕