ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ព្រៃ​សហគមន៍នៅ​ស្រុក​ទឹក​ឈូ

11 ឆ្នាំ មុន

ខេត្តកំពត ៖ នៅក្នុង​ភូមិសាស្ត្រ​ព្រៃ​សហគមន៍មួយ​​​ ស្ថិត​ក្នុងភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​​កំពត បាន​ធ្វើ​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​​សហគមន៍​ព្រៃ​ឈើ​ នៅ​ថ្ងៃ​ទី​២៦ មេសា ក្រោម​អធិបតី​ភាព​លោក​ហេង វន្ថា អភិបាល​រង​ខេត្ត និង​លោក​ស្រី​បណ្ឌិត​​អ៊ូ ស៊ី​រីតា អនុប្រធាន​

ខេត្តកំពត ៖ នៅក្នុង​ភូមិសាស្ត្រ​ព្រៃ​សហគមន៍មួយ​​​ ស្ថិត​ក្នុងភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​​កំពត បាន​ធ្វើ​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​​សហគមន៍​ព្រៃ​ឈើ​ នៅ​ថ្ងៃ​ទី​២៦ មេសា ក្រោម​អធិបតី​ភាព​លោក​ហេង វន្ថា អភិបាល​រង​ខេត្ត និង​លោក​ស្រី​បណ្ឌិត​​អ៊ូ ស៊ី​រីតា អនុប្រធាន​រដ្ឋបាល​ព្រៃ​ឈើ ។

​ចូល​រួម​​ជា​កិត្តិយស​​ក្នុង​ពិធី​ចុះ​​កិច្ច​ព្រម​ព្រៀង​ព្រៃសហគមន៍​​នេះ​​មាន​លោក​ស្រី ហ៊ូ ​កល្យាណ តំណាង​អ្នក​សម្រប​សម្រួល​​កម្ម​វិធី​របស់​រីខូស (RECOFTC) នៅ​កម្ពុជា​ តំណាង​​អង្គការ​ដានីដា (DANIDA) នៅ​កម្ពុជា​ លោក​នាយ​អធិការដ្ឋាន​ឈូង​សមុទ្រ នាយ-នាយរង​ខណ្ឌ  នាយ-នាយ​រង​ផ្នែក​​រដ្ឋបាល​​​ព្រៃ​ឈើ នាយ-នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ ប្រធាន​ទី​ប្រឹក្សា​​ប្រចាំ​ខេត្ត​កំពត និង​តំណាង​ដៃ​គូ​​អភិវឌ្ឍន៍​ក្នុង​ខេត្ត​កំពត អភិបាល​ អភិ​បាល​​រង​ស្រុក មេឃុំ មេភូមិ​ លោក​គ្រូ​ អ្នក​គ្រូ សិស្សា​ នុសិស្ស​​​​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ និងអធិការនគរបាល​ស្រុក ព្រម​ទាំង​ព្រះសង្ឃ និង​សមា​ជិក​សហ​គមន៍​មក​ពី​បួន​​​សហគមន៍​​ក្នុង​ស្រុក​ពីរ​ គឺ​ស្រុកទឹក​ឈូ និង​ស្រុក​ដង​ទង់​សរុប​​មនុស្ស​ចូល​រួម​៣៥០​នាក់ ។

លោក​ស៊ឹម ឡា​បុ័ង​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត បានថ្លែង​ថា ​ពិធី​​ចុះ​កិច្ច​ព្រម​ព្រៀង​​ព្រៃ​សហគមន៍​នេះ មាន​ចំនួន​៤​សហគមន៍​ដែល​មាន​ផ្ទៃ​​ដី​សរុប​ចំនួន​១.៩៣៦​ហិកតា មាន​សមាជិក​ចូល​រួម​ចំនួន​២.១៣៩​គ្រួសារ​ ស្មើនឹង​៥.៩១៣​នាក់​ ស្រី​៤.២២០​នាក់ មាន​ក្នុង​ឃុំ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ថ្នង ឃុំ​ព្រែក​ត្នោត​ ស្រុក​ទឹក​ឈូ និង​ឃុំ​ស្រែ​ជា​ខាង​ត្បូង ស្រុក​ដង​ទង់​ រូម​មាន​ទី​១-​សហគមន៍​ព្រៃ​ឈើ​ជ្រោះ​កង្កែប​ ឃុំ​ព្រៃ​ឃ្មុំ​ ស្រុក​ទឹក​ឈូ មាន​ផ្ទៃ​ដីចំនួន​៨៥​ហិក​តា ទី​២-សហគមន៍​ព្រៃ​ឈើ​គុប​ធ្យូង​ ឃុំព្រៃ​ថ្នង ស្រុក​ទឹក​ឈូ មាន​ផ្ទៃ​ដី​ចំនួន​១២១​ហិកតា ទី​៣-​សហគមន៍​ព្រៃ​ឈើ​ព្រែក​ត្នោត​ ឃុំ​ព្រែក​ត្នោត​ ស្រុក​ទឹក​ឈូ​​មាន​ផ្ទៃ​ដី​ចំនួន​១.០០៧​ហិកតា ទី​៤-សហគមន៍​ព្រៃ​ឈើ​ភ្នំ​ទទឹប ឃុំ​ស្រែ​ជា​ខាង​ត្បូង ស្រុក​ដង​ទង់​ មាន​ផ្ទៃដី​​ចំនួន​៧២៣​ហិកតា ។​ សហគមន៍​​ព្រៃ​ឈើ​​មុន​នេះ មាន​ការ​ឧបត្ថម្ភ​គាំ​ទ្រ​ពី​គម្រោង​​គ្រប់​គ្រង​​ព្រៃ​ឈើ​​ដោយ​និរន្ត​រភាព និង​ឧបត្ថម្ភ​ថវិកា​ដោយ​សហភាព​អឺ​រ៉ុប និង​អង្គការ​ដានីដា (DANIDA) សហការជា​មួយ​រដ្ឋ​បាល​​ព្រៃ​ឈើ។

លោក​បន្ត​ថា ដោយ​មើល​ឃើញពីភាព​បាត់​បង់​​ធន​ធាន​ព្រៃឈើ​​ដែល​កើត​មាន​ចំពោះ​មុខ​ក្រសួង​​កសិកម្ម​រុក្ខា​ ប្រមាញ់ និង​នេសាទ ​ដឹក​នាំ​ដោយ​លោក​បណ្ឌិតច័ន្ទ​ សារុន រដ្ឋ​មន្ត្រី​​ក្រសួង​កសិកម្ម​​ រុក្ខា​ប្រមាញ់​ និង​នេសាទ​​​ បាន​ដឹក​នាំ​អនុវត្ត​ និង​ដាក់​ចេញ​​ផែន​ការ​គោល​នយោ​បាយ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​ ដែល​មាន​សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ​​ហ៊ុន សែន ជា​​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​ដោយ​មាន​ការ​គាំ​ទ្រ និង​សហការ​ពី​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់បាន​អនុវត្ត​​គោល​នយោបាយ​​វិមជ្ឈការ ដោយ​ផ្តល់​សិទ្ធិការ​ទទួល​ខុស​ត្រូវ​​ដល់​សហគមន៍​​មូល​ដ្ឋាន​ក្នុង​ការ​ចូល​រួម​គ្រប់​គ្រង​​ព្រៃសហគមន៍​ដែល​បង្កើត​ឡើង​​ក្នុង​គោល​បំណង​​រក្សា​បាន​នូវ​ធន​ធាន​ព្រៃ​ឈើ សត្វ​ព្រៃ និង​ការ​ប្រើ​ប្រាស់​​អនុផល​ព្រៃ​ឈើ​ឱ្យ​មាន​និរន្ត​រភាព ។ ដូច្នេះ​យើ​ង​ត្រូវ​សហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋ​បាល​ព្រៃ​ឈើ​មូល​ដ្ឋាន អាជ្ញា​ធរ​គ្រាប់​លំដាប់​ថ្នាក់​ អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​​នានា ជា​ពិសេស​​សហគមន៍​មូល​ដ្ឋាន​ផ្ទាល់ ។​

​​លោក​ស៊ឹម ឡា​បុ័ង បាន​ថ្លែង​អំណរគុណ​ចំពោះ​លោក​អភិបាល​ខេត្ត​កំពត អង្គការដានីដា​ អង្គការ​ RECOFTC និង​សូម​អំពាវ​ដល់​អង្គការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាតិ និង​អន្តរជាតិ ​ម្ចាស់​ជំនួយ​នានា ដើម្បី​បន្ត​ជួយ​ពង្រឹង​ការ​កាំ​ទ្រ​​ដល់​ការ​អភិវឌ្ឍ​សហគមន៍​ព្រៃ​ឈើ ដើម្បី​បង្កើន​ជីវភាព​ដល់​សហគមន៍​មូល​ដ្ឋាន​ ពិសេស​​​ប្រជាពលរដ្ឋ​​រស់​នៅ​តំបន់​ឆ្នេរ​​ដែល​ងាយ​រង​គ្រោះ​​ដោយ​​​ផល​ប៉ះ​ពាល់​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ដែល​ជា​កង្វល់​រួម​របស់​មនុស្ស​ជាតិ​ទាំង​មូល​​ ។

លោក​ហេង វន្ថា អភិបាល​រង​ខេត្ត​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ពី​ថ្នាក់​ដឹក​នាំ​​ក្រសួង​កសិក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​​ ក៏​ដូច​ជា​មន្ត្រី​ថ្នាក់​ដឹក​នាំ ​រដ្ឋ​បាល​ព្រៃ​ឈើ​គ្រប់​លំដាប់​ថ្នាក់​​​ និងថ្លែង​កោត​សរសើរ​​​ចំពោះ​លោក​នាយ​ខណ្ឌ​​រដ្ឋ​បាល​​ព្រៃ​ឈើ​​កំពត​ ព្រម​ទាំង​អង្គការ​ដានី​ដា​ជា​​ម្ចាស់​ជំនួយ​ និង​គំរោង​គ្រប់​គ្រង​​ព្រៃឈើ​​ដោយ​​និរន្តរ​ភាព​ និង​លើក​​កម្ពស់​របរ​ចិញ្ចឹម​ជីវិត​​នៅ​ជន​បទ​តាម​រយៈ​សហគមន៍​ព្រៃ​ឈើ ៕