ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក រ៉ុង ឈុន ដឹក​នាំ​អ្នក​ទាម​ទារ​ដី​ធ្វើ​បាតុ​កម្ម​តវ៉ា​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​ព្រឹក​ថ្ងៃទី​​២៦ មេសា ​​២០១២ មាន​​អ្នក​ភូមិ​ចម្រុះ​គ្នា​ប្រមាណ​​៨០​នាក់​​​​ ខ្លះ​មកពី​​​​បុរី​កីឡា​​​ និង​បឹងកក់​​ ក្រោមការ​​រៀបចំ​ពីលោក​​រ៉ុង ឈុន ប្រធាន​សមាគម​​គ្រូបង្រៀន​កម្ពុជាឯករាជ្យ បាន​ទៅជួប​ជុំ​គ្នា​​​នៅទីលាន​​​ប្រជា​ធិបតេយ្យ​​​​ ដើម្បី​ធ្វើ​ការ​ទាមទារ​និង​​សុំ​ការជួយ​អន្តរាគមន៍ពី​​សម្តេច​

រាជធានីភ្នំពេញ​ ៖ ​ព្រឹក​ថ្ងៃទី​​២៦ មេសា ​​២០១២ មាន​​អ្នក​ភូមិ​ចម្រុះ​គ្នា​ប្រមាណ​​៨០​នាក់​​​​ ខ្លះ​មកពី​​​​បុរី​កីឡា​​​ និង​បឹងកក់​​ ក្រោមការ​​រៀបចំ​ពីលោក​​រ៉ុង ឈុន ប្រធាន​សមាគម​​គ្រូបង្រៀន​កម្ពុជាឯករាជ្យ បាន​ទៅជួប​ជុំ​គ្នា​​​នៅទីលាន​​​ប្រជា​ធិបតេយ្យ​​​​ ដើម្បី​ធ្វើ​ការ​ទាមទារ​និង​​សុំ​ការជួយ​អន្តរាគមន៍ពី​​សម្តេច​តេជោ​​​ហ៊ុន សែន ​។ ការ​តវ៉ា​​របស់​​ប្រជា​ពល​រដ្ឋ​ ក្រោម​ការ​រៀបចំ​​របស់​លោក​​​​រ៉ុង ឈុន  ​ នេះ​មាន​​ការ​អនុញ្ញាត​ពី​​សាលា​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​​ត្រូវ​អនុវត្ត​​តាម​កិច្ច​ព្រម​ព្រៀង​​លើ​​កំណត់​​​ហេតុ​នៃការ​ជួបជុំ​​​ ជាមួយ​អាជ្ញាធរ​រាជធានី​​ កាលពី​​ថ្ងៃទី​​២៥ មេសា ។​

​ការ​តវ៉ា​​​​នេះ​មាន​ការ​ជួបជុំ​គ្នា​​នៅទីលាន​​ប្រជា​ធិបតេយ្យ​​ រួម​មាន​​ការ​ហែ​ក្បួន​ដើម្បី​​យក​ញ្ញត្តិ​​​ ជូន​​ខុទ្ទកាល័យ​សម្តេច​តេជោ​​ នៅ​​វិមាន​ឯក​រាជ្យ​​​ ដោយ​ដង្ហែ​​ក្បួន​​ចេញពី​​ទីលាន​ប្រជា​ធិបតេយ្យ​តាម​​​មហា​វិថី​ព្រះ​នរោត្តម ​ចូល​​​តាម​​ផ្លូវ​​​ក្រោយ​​​រាជវាំង កាត់​​តាម​ផ្លូវ​មុខវត្ត​បទុម​​វតី​ និង​ឆ្ពោះ​​​​ទៅ​ក្រោម​​ដើម​ពោធិ៍​​វិមាន​ឯករាជ្យ​តែម្តង ។ ​បន្ទាប់​​​ពី​​តំណាង​ខុទ្ទកាល័យ​​​ទទួល​​ញ្ញ​ត្តិ​​រួច តំណាង​​​សមាគម​​​​គ្រូ​បង្រៀន​​​​កម្ពុជា​ឯករាជ្យ​​ លោក​រ៉ុង ឈុន ​ដែល​​ជាអ្នក​ដឹកនាំ​​​​នោះ​បាន​​តម្រូវ​​ឱ្យ​ប្រកាស​​រំសាយ​ដើម្បី​​រង់​ចាំ​​​ចម្លើយ​​។ ប៉ុន្តែ​តំណាង​អ្នក​តវ៉ា​​ដែល​​មាន​​ក្រុម​ខុសគ្នា​ គឺខ្លះ​មកពី​​បុរីកីឡា​ និង​ខ្លះ​​មកពី​បឹង​​កក់ ហាក់​មិន​ស្តាប់​លោក​​រ៉ុង ឈុន ​ជា​មេខ្លោង​​របស់​​ខ្លួន​ទេ ​នៅ​​តែបន្ត​​ស្រែក​តវ៉ា​​ទៀត។ លុះ​​ក្រោយ​មក​មាន​ការ​​​​រំសាយ​​ដោយ​ខ្លួនឯង​តែម្តង ។ ​ក្រុម​អ្នកតវ៉ា​​​មកពី​តំបន់​​​បឹង​កក់​​​កាន់​​មេក្រូ​​​​ក្បាល​​ឆែង​ម៉ែង​ គឺ​អ្នក​ស្រី​​ទេព វន្នី ​​គេស្គាល់​​​ច្បាស់​​គ្រប់​បាតុកម្ម​ តែ​ង​​​មាន​​មុខ​មាត់​​លេច​ធ្លោ​​ជាងគេ ដែលគេស្គាល់​​ទៀត​ថា ជា​សកម្ម​ជន​​​របស់​គណបក្ស​សម រង្ស៊ី​ប្រចាំ​បឹង​​កក់។​

អាជ្ញាធរ​​រាជធានី​ភ្នំពេញ​​បាន​ធ្វើ​ការ​​ចោទ​ប្រកាន់​​ត្រង់ៗ​​ទៅលើ​លោក​រ៉ុង ឈុន ប្រធាន​​សមាគម​គ្រូបង្រៀន​​​កម្ពុជា​ឯករាជ្យ​ដែល​បាន​​​ដឹកនាំ​អ្នក​ភូមិ​បុរីកីឡា​​ជួបជុំ​គ្នា​​ដង្ហែ​​​ញ្ញត្តិ​​តវ៉ា​​​​សុំឱ្យ​​​សម្តេចតេជោ​ជួយ​​អន្តរាគមន៍​​​ គឺធ្វើ​​​​ខុស​នូវ​​អ្វី​ដែល​​ខ្លួន​​បាន​​សន្យា​​ និង​ព្រម​ព្រៀង​​គ្នា​​ ជាមួយ​អាជ្ញាធរ​​រាជធានី ។ ​​អាជ្ញាធរ​​ក្រុង​​​និយាយ​ថា ​លោក​​រ៉ុង ឈុន ខ្លួន​ឯង​​​​កន្លងមក​​​តែងតែ​​ស្រែក​​ក្តែងៗ​ថា ​​ខ្លួន​ធ្វើ​​ពិតជា​​គោរព​ច្បាប់​​ និង​គោរព​​​ពាក្យ​សន្យា​ជាដើម ​ប៉ុន្តែ​​ការដឹកនាំ​​​​ក្បួន​​តវ៉ា​​​នា​ថ្ងៃ​ទី​២៦​ មេសា នេះគឺធ្វើ​​ផ្ទុយពី​អ្វីដែល​​​ខ្លួន​​បាន​​សន្យា​ និង​ព្រមព្រៀង​​​​គ្នា ។​

​មន្ត្រី​ជាន់​ខ្ពស់​​សាលា​រាជធានី​ភ្នំពេញ ​ម្នាក់​​បានឱ្យ​​កោះ​សន្តិភាព​ដឹងថា ការដឹក​​នាំ​ការជួប​ជុំ​គ្នា​​​ និង​ហែក្បួន​របស់​​លោក​រ៉ុង ឈុន  ប្រធាន​​​សមាគម​​គ្រូបង្រៀន​​កម្ពុជា​ឯករាជ្យ​​ នាព្រឹក​ថ្ងៃទី​២៦មេសា​នេះ ធ្វើ​​ខុសនូវ​​​អ្វី​ដែល​បាន​ព្រម​ព្រៀង​​​​គ្នា​នៅ​​ក្នុង​ការជួប​ជាមួយ​អាជ្ញាធរ​រាជធានី​ កាល​ពី​​ថ្ងៃទី​២៥ មេសា។ ​ពេល​​សុំ​ច្បាប់​​​នោះ លោក​បាន​​​ព្រម​ព្រៀង​​នូវចំនួន​​៦​ចំណុច​ លើ​​កំណត់​​​ហេតុ​ច្បាស់​លាស់​ ។ ត្រង់​ចំណុច​​​ទី​២ កំណត់​​ហេតុ​​បាន​​សរសេរ​ច្បាស់​​ណាស់​​ គឺចំពោះ​អ្នក​ចូលរួម​ក្នុងការ​​ជួបជុំ​នៅទីលាន​​ប្រជា​ធិបតេយ្យ​​ និង​អ្នក​ដង្ហែ​​ គឺសុទ្ធ​សឹង​​ជា​ប្រជាពល​រដ្ឋ​បុរីកីឡា​ ហើយ​​ស្នាម​​​មេដៃ​ក្នុង​ញ្ញត្តិ​​ក៏ត្រូវ​តែជា​​​​ស្នាម​​មេដៃ​​របស់​ពួកគាត់​​ដែរ ។  ក្នុង​​ករណី​​មាន​ការ​​បន្លំ​​ស្នាម​​​មេដៃ​ និង​សមាសភាព​អ្នក​ផ្សេងចូល​នោះ​​ សមា​គម​គ្រូ​បង្រៀន​​​កម្ពុជា​​​ឯក​រាជ្យ​ ដែល​​លោករ៉ុង ឈុន ​​ជា​ប្រធាន​​​​ត្រូវ​ទទួល​​​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ និង​បណ្តឹង​ពាក់ព័ន្ធ​​ផ្សេងៗ ។ ប៉ុន្តែ​​ផ្ទុយ​​​ទៅ​វិញ​​​ ទាំងការជួប​​ជុំ និង​​ការ​ហែ​ក្បួន​​នោះ​ លោក​រ៉ុង ឈុន បាន​ប្រមែ​ប្រមូល​​ទាំង​អ្នក​បុរី​​កីឡា ​អ្នក​បឹងកក់​ អ្នក​ស្ទឹង​មាន​ជ័យ និង​អ្នក​​ត្រពាំង​ឈូក​ជា​ដើម ​ដែល​មានចំនួន​​សរុប​​ប្រមាណ​​៨០​នាក់​​ឱ្យ​ទៅ​ចូលរួម។​

​មន្ត្រី​​​សាលា​​រាជធានី​ភ្នំពេញ​​ដដែល​​នោះ​បាន​​​​ឱ្យ​ដឹង​ទៀត​ថា ​លោក​រ៉ុង ឈុន​ ​ខ្លួន​​ឯង​ដែល​​​​​​​ធ្លាប់​​តែស្រែក​​ក្តែង​ៗថា លោក​ជាអ្នក​​គោរព​​​​ច្បាប់​ សិទ្ធិ​ និងគោរពពាក្យ​សន្យា​​​នោះ​គឺ​​​វា​ផ្ទុយ​ស្រឡះ​ ពីការ​ពិតទាំង​ស្រុង ។ បើ​ធ្វើ​បែបនេះ​​ តើ​​និយាយ​​អ្វី​ឱ្យ​​គេជឿ​បាន​ទៀត​​ទេ ? ម្យ៉ាង​​​ទៀត​​​នោះ​លោក​​​​មិន​​អាចគ្រប់គ្រង​សមាជិក​ដែល​​ចូលរួម​​​បាន​​ផង គឺ​ក្រុម​​អ្នក​ផ្សេង​​ៗដូចជា​អ្នក​បឹង​​​កក់​ជា​ដើម មិន​គោរព​​​តាម​ពាក្យ​​សម្តី​ដែល​បាន​​​សន្យា​ ។  ​ក្រុម​ប្រជាពល​​រដ្ឋ​មួយចំនួន​តូចនេះ​ដែល​ប្រមូល​ពី​កន្លែង​​ផ្សេងៗ​​នោះ​សុទ្ធសឹង​​​ជា​អ្នក​​មិន​មាន​​ឯក​សារអ្វីទាំងអស់​ ជាអ្នក​កេង​ចំណេញ​​ នឹង​មិន​ត្រូវ​ទទួល​ការ​​ដោះ​ស្រាយគោល​នយោបាយ​​នោះ​  ទេ ។ មិន​ដូច​ក្រុម​អ្នកតវ៉ា​នៅ​​បុរី​កីឡា ​​មួយចំនួន​ធំ ពួកគាត់​​បានទៅ​ជួបជុំ​និង​​ដោះ​ស្រាយ​​គ្នា​​នៅ​​ស្នង​ការ​​ដ្ឋាន​នគរ​បាល​រាជធានី នាព្រឹក​​​​ថ្ងៃនេះ​ដែរ  គឺ​ពួក​​គាត់​​មាន​ការទាមទារ​​​តាម​ច្បាប់​​រដ្ឋ​បាល​ត្រឹម​ត្រូវ មាន​​​ឯកសារ​​​កាន់​ក្នុង​ដៃ​​ ។ ឯអ្នក​ដទៃ​ទៀត​​ផ្អើល​​តាម​​​គេឯង​ក្នុង​​បំណង​បង្ក​ភាព​អនាធិប​តេយ្យ ។​

​ក្រុម​អ្នក​វិភាគ​ជាក្រុម​គ្រូ​បង្រៀន​​​បាន​និយាយ​​​ថា លោក​​​​រ៉ុង ឈុន ដឹកនាំ​​ប្រជា​ពល​រដ្ឋ​​តវ៉ា​លើបញ្ហា​​ដីធ្លី​ខុសពី​ទិសដៅ​របស់​​សមាគម​​គ្រូ​​បង្រៀន​កម្ពុជា​​ឯករាជ្យ​របស់​ខ្លួន ។ ​លោក​​ធ្វើ​បែប​​នេះ​​តើ​​នៅពេល​​ខាង​​មុខ ​ធ្វើ​យ៉ាង​ណា​​​ឱ្យ​គ្រូ​បង្រៀន​​មាន​ការជឿជាក់​​​បានទៅ ? ដែល​​កន្លង​មក​​សមាគម​​គ្រូបង្រៀន​​កម្ពុជាឯករាជ្យ​​​​តែង​តែ​​មាន​​ការដឹក​​នាំ​ទាមទារ​តំណាង​ឱ្យ​គ្រូបង្រៀន​​​ដ៏​មាន​កិត្តិយស​​ឱ្យ​​ធ្វើ​ការ​​តវ៉ា​ផ្សេងៗ​ តែ​ពេល​នេះ​លោក​រ៉ុង ឈុន ​​​បែរជា​​​មក​​ដឹកនាំ​ទាមទារ​នូវ​​បញ្ហា​ដីធ្លី​​ ដែល​ខ្លះ​ចេញ​​ពី​​សំណង់​អនាធិបតេយ្យ​ ទៅវិញ ប្រហែល​ជា​អស់​មាន​គ្រូបង្រៀន​​​ណា​​​សម្រាប់​ដឹកនាំ​ទៀត​ហើយ​មើលទៅ ។​

​គួរបញ្ជាក់​​ថា ​បើ​តាម​ការអះអាង​ពី​មន្ត្រី​​រាជធានីភ្នំពេញ​​បាន​ឱ្យ​ដឹង​ថា ​សាលា​រាជធានី​​ភ្នំពេញ​​​បាន​អនុញ្ញាត​ឱ្យ​​តំណាង​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​​ឯក​រាជ្យ​​​ដែល​​ដឹកនាំដោយ​​លោក​​រ៉ុង ឈុន ​នោះ​មាន​ការ​ជួបជុំ​គ្នា​​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ ​​ជាអ្នក​​​បុរីកីឡា​សុទ្ធសាធ ។ ​ ​​មាន​ការ​អនុញ្ញាត​ហែក្បួន​​ដែល​មាន​តំណាង​តែ​២០​រូប ដើម្បី​​យកញ្ញត្តិ​​ជូន​ខុទ្ទកាល័យ​​សម្តេចតេជោ​​​ ប៉ុន្តែ​ក្រុម​អ្នក​​តវ៉ា​​នោះ​មិន​​អនុវត្ត​តា​ម​ការ​​ព្រម​ព្រៀង​​គ្នា​​នោះ​ទេ បែរជា​ហែក្បួន​មាន​​សមាជិកជាង​៨០​​នាក់​ ​បង្ក​ឱ្យ​មាន​ការស្ទះ​ផ្លូវ​ចរាចរណ៍​​​​បង្ក​​ការ​លំបាក​ដល់​អាជ្ញាធរ​​សណ្តាប់​ធ្នាប់ ៕