ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​ជាតិ​មានការ​សាងសង់​រយៈពេល​៣​ឆ្នាំ ការ​ឆ្លងកាត់​របប​គ្រប់គ្រង​បន្ដបន្ទាប់​ធ្វើ​ឱ្យ​រង​គ្រោះ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ស្ថាបនា​អគារសារមន្ទីរ​ជាតិ​ចាប់ផ្ដើម​នៅ​ឆ្នាំ​១៩១៧ នៅលើ​ទីតាំង​របស់​សាលា​សិល្បៈ​ខ្មែរ (​សាលារចនា​)​។ ពិធី​សម្ពោធ​ជា​ផ្លូវការ​មួយ ត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​១៩២០ ដែល​ជា​ថ្ងៃ​ទី​មួយ​នៃ​ពិធី​ចូល​ឆ្នាំ​ខ្មែរ ។

រាជធានី​ភ្នំពេញ ៖ ការ​ស្ថាបនា​អគារសារមន្ទីរ​ជាតិ​ចាប់ផ្ដើម​នៅ​ឆ្នាំ​១៩១៧ នៅលើ​ទីតាំង​របស់​សាលា​សិល្បៈ​ខ្មែរ (​សាលារចនា​)​។ ពិធី​សម្ពោធ​ជា​ផ្លូវការ​មួយ ត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​១៩២០ ដែល​ជា​ថ្ងៃ​ទី​មួយ​នៃ​ពិធី​ចូល​ឆ្នាំ​ខ្មែរ ។

ព្រះមហាក្សត្រ​ព្រះករុណា​ស៊ី​សុវត្ថិ បានចេញ​ព្រះរាជក្រឹត្យ​មួយ​ដោយ​ដាក់​ឈ្មោះ​សារមន្ទីរ​នេះ​ថា “​អាល់​ប៊ែ​រ​សារ៉ូ​ត៍​” ដើម្បី​ជា​កិត្ដិយស​ដល់​លោក​ទេសាភិបាល​បារាំង​ប្រចាំឥណ្ឌូចិន ។ គោលបំណង​ជាដំបូង​នៃ​ការស្ថាបនា​សារមន្ទីរ​ជាតិ​នេះ គឺ​ដើម្បី​បានជាមជ្ឈមណ្ឌល​សំរាប់​ការ​ទុកដាក់ការ​ការពារ និង​ការ​តាំង​បង្ហាញ​នូវ​វត្ថុ​ដ៏​មាន​តំលៃ​ផ្នែក សិល្បៈ​ប្រវត្ដិសាស្ដ្រ និង​ផ្នែក​បុរាណវិទ្យារបស់​ខ្មែរ​។ បារាំង​បាន​គ្រប់គ្រង​នូវ​គ្រប់សកម្មភាព​ទាំងអស់​របស់​សារមន្ទីរ​រហូត​ដល់ ឆ្នាំ​១៩៥១ បន្ទាប់​មក​ទើប​សារមន្ទីរ​នេះ​ស្ថិតនៅ​ក្រោម​អំណាច​របស់​រដ្ឋាភិបាល​ខ្មែរ និងត្រូវ​បាន​ផ្លាស់​ឈ្មោះ​ថា “​សារមន្ទីរ​ជាតិ​នៃកម្ពុជា​” វិញ ។ លុះ​មក​ដល់​ឆ្នាំ​១៩៦៦ ទើបមាន​អភិរក្ស​ខ្មែរ​ជា​លើក​ទី​មួយ គឺ​លោក​ជា ថៃ​សេង ដែល​ត្រូវ​បាន​ចាត់តាំង​ឱ្យមក​ដឹកនាំគ្រប់​សកម្មភាព​ទាំងអស់​របស់​សារមន្ទីរ ។

អគារ​សារមន្ទីរ​ត្រូវ​បាន​គូរ​ប្លង់​រួម​បញ្ចូល​ទាំង​ការ​តុបតែង​លំអ​ផ្នែក​ស្ថាបត្យកម្ម​ខ្មែរផង ដោយ​អ្នក​ប្រវត្ដិវិទូ​បារាំង​ដ៏​ចំណាន​ម្នាក់ឈ្មោះ​ហ្ស៊​ក គ្រោ​លី​យេ ។ ទ្វារ​ចូល​ធ្វើ​អំពី ឈើ​ដ៏​ធ្ងន់ និង​បង្អួច​ត្រូវ​បាន​ច្នៃប្រឌិត​ឡើង ដោយ​សាស្ដ្រាចារ្យ និង​និស្សិត​សាលា​រចនាដោយ​បាន​ឆ្លាក់​ជា​ក្បាច់​ភ្ញី ដែល​គេ​បានឃើញនៅ​ប្រាសាទបន្ទាយស្រី (​សតវត្ស​ទី​១០)​។

សន្លឹក​បង្អួច​ជួរ​ខាងលិច​នៃ​ថែវ​ដ៏​សំខាន់នេះ (​ផ្នែក​ខាងក្នុង​ថែវ​សំរឹទ្ធិ​) ត្រូវ​បាន​គូរគំនូរ​តាម​វត្ដ​ខ្លះ​ៗ​នៃ​រឿង​រាមកេរ្ដិ៍ និង​តាមរឿងព្រេង​ខ្មែរ​ជា​ច្រើន​ទៀត ។ តាំងពី​ឆ្នាំ ១៩៧០ ក្នុង​សម័យ​សង្គ្រាមស៊ីវិល វត្ថុ​សិល្បៈជា​ច្រើន​ត្រូវ​បាន​ដឹកនាំ​ពី​សារមន្ទីរ​ខេត្ដ​នានាយក​មក​ទុក​នៅ​សារមន្ទីរ​ជាតិ​ដើម្បី​រក្សាសុវត្ថិភាព ។

ក្នុង​សម័យ​ខ្មែរក្រហម​ត្រួតត្រា (១៩៧៥ -១៩៧៨) សារមន្ទីរ​ជាតិ​ត្រូវ​បាន​គេ​បោះបង់​ចោល រីឯ​មន្ដ្រីរាជការ​របស់​សារមន្ទីរ​ក៏ ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចេញពី​ភ្នំពេញ​ជាមួយនឹងប្រជាជន​ដែល​នៅ​សេសសល់ ។ តាំងពី​ពេលនោះ​មក សារមន្ទីរ​ត្រូវ​បាន​រង​គ្រោះ​យ៉ាងដំណំ​ដោយសារ​គេ​មិន​យកចិត្ដទុកដាក់​។ ក្រោយ​ការ​រំដោះ​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី​៧ មក​រា ១៩៧៩ សារមន្ទីរ​ត្រូវ​បាន​ជួប​ប្រទះ​នូវភាព​ទ្រុឌទ្រោម​ដោយសារ​ដំបូល​ពុក និង​រូបចំលាក់​ជា​ច្រើន​នៅ​រាយ​ប៉ាយ​តាម​ថែវ និងតាម​ទីធ្លា​ខាងក្នុង ។

សារមន្ទីរ​ត្រូវ​បាន​រៀបចំ និង​បើក​ឡើងវិញ​ជូន​សាធារណជន​ទស្សនា​នៅ​ថ្ងៃ​ទី​១៣ មេ​សា ឆ្នាំ​១៩៧៩​។ ជាង​ពីរ​ទស​វត្ស​មក ហើយដោយ​មានការ​ឧបត្ថម្ភ​គាំទ្រ​ពីរ​ដ្ឋា​ភិបាលបរ​ទេស និង​ពី​អង្គការ​នានា ជា​ពិសេសប្រទេស​អូស្ដ្រាលី បារាំង និង​យូ​ណេ​ស្កូសារ មន្ទីរ​ជាតិ​ត្រូវ​បាន​រីក​ចំរើន​ជា​លំដាប់​ក្នុង​ការថែរក្សា​អគារ និង​សមុច្ច័យ​ទាំងអស់ ។ ទោះ ជា​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មាន​ឧបសគ្គសំខាន់​ៗ​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​សារមន្ទីរ​ជាតិ​ពុំអាច​ឈាន​ទៅ​ដល់​កំរិត ស្ដង់ដា​អន្ដរជាតិបាន ។ ប្រភព​ដ៏​ធំ​ពីរ​របស់​ឧបសគ្គ​នោះ​មាន ១-​ការ​ខ្វះខាត​ថវិកា​ជា​ចំបង​សំរាប់​ទ្រទ្រង់ ផែនការ​អភិវឌ្ឍ​, ២-​មន្ដ្រីរាជការ​ជា​ច្រើនគ្មាន​ជំនាញ​។

គេ​នៅ​តែ​សង្ឃឹម​ជា​និច្ច​ថា ឧបសគ្គ​ទាំងពីរ​នេះ​នឹង​អាច​ដោះស្រាយ​បាន​តាម​រយៈជំនួយ​សប្បុរសធម៌​ពី​សំណាក់​សហគមន៍​អន្ដរជាតិ​ដែល​គេ​បាន​យល់​ពីសារ​សំខាន់​នៃ​ការ​ថែរក្សា​វប្បធម៌​របស់​មនុស្សលោក ៕