ខេត្តកំពត ៖ ថ្នាំញៀនគ្រាប់ប្រភេទយ៉ាម៉ាចំនួន៩៩.៩៣៧គ្រាប់ និងដើមកញ្ឆា ព្រមទាំងសំភារមួយចំនួន ត្រូវបានដុតបំផ្លាញចោលនៅបរិវេណមុខស្នងការដ្ឋាននគរបាលខេត្ត កាលពីរសៀលថ្ងៃទី២៤ មីនា ដោយមានការអញ្ជើញចូលរួមពីលោកជុំ សំបាន ប្រធានសាលាដំបូងខេត្ត លោកស្រីកង សៅធន អភិបាលរងខេត្ត លោកវរសេនីយ៍ទោសៅ សំអឿន អនុប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ខេត្ត លោកវរសេនីយ៍ឯក អ៊ិន ជីវ៉ា ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌។
លោកទៀង សុផាត ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ពិធីដុតបំផ្លាញនេះមានថ្នាំញៀនប្រភេទយ៉ាម៉ាជាច្រើនម៉ឺនគ្រាប់ និងដើមកញ្ឆាចំនួន៥០ដើម ។លោកវរសេនីយ៍ទោសៅ សំអឿន អនុប្រធានការិយា ល័យកណ្តាលនគរបាលយុត្តិធម៌ខេត្ត មានប្រសាសន៍ថា ថ្នាំញៀនប្រភេទយ៉ាម៉ាជិត១០ម៉ឺនគ្រាប់នេះ ខាងនគរបាលខេត្តស្ទាក់ចាប់បាននៅចំណុចស្ពានភូមិតាអេង កាលពីថ្ងៃទី១ ឧសភា ២០០៥ កន្លងមក ។ លោកមានប្រសាសន៍បន្តថា ការនាំគ្រាប់ថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះគឺជនសង្ស័យមានចំនួន២នាក់ម្នាក់ឈ្មោះលីវ ស៊ឺ ម្នាក់ទៀត ឈ្មោះណយ ផល្លា ហៅយោង ។ ជនទាំង២នាក់នេះ រស់នៅខេត្តស្ទឹងត្រែង ពួកគេបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម ។
លោកជុំ សំបាន ព្រះរាជអាជ្ញាសាលាដំបូងមានប្រសាសន៍ថា ថ្នាំយ៉ាម៉ាដែលគណៈកម្មការបានរាប់ចំនួន ឃើញ៩៩.៩៣៧គ្រាប់ និងសំភារមួយចំនួនត្រូវបានដុតបំផ្លាញ និងជនជាប់ពាក់ព័ន្ធត្រូវបានសាលាដំបូងបើកសវនាការកាត់ទោសពួកគេរួចជាស្រេចហើយ ៕
ចែករំលែកព័តមាននេះ