ខេត្តកណ្តាល ៖ ទូកបូមខ្សាច់មួយកំពុងធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ នៅក្នុងទន្លេបាសាក់នៅចំណុចខាងមុខវត្តកំពង់ថ្កុល ហៅវត្តចាស់ នៅតំបន់ចុងកោះខ្សាច់ ឃុំសំពៅពូន ស្រុកកោះធំ ។ ក្រុមហ៊ុននេះធ្វើការបូមខ្សាច់នៅចំណុចខាងលើអស់រយៈពេលជិតមួយខែមកហើយ ដោយពុំមានលិខិតឯកភាពជាគោលការណ៍របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៃក្រសួងធនធានទឹក និងឧតុនិយម និងគ្មានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលឡើយ ។ ប៉ុន្តែក្រុមហ៊ុននេះ បានធ្វើសំណើសុំបូមខ្សាច់ចាក់បំពេញដីឡូត៍ចំនួន៣ម៉ឺនម៉ែត្រគូប ដែលបានសុំច្បាប់ត្រឹមអាជ្ញាធរតំបន់តែប៉ុណ្ណោះ ។ ការបូមនៅចំណុចមុខវត្តកំពង់ថ្កុល ហៅវត្តចាស់ ក្នុងតំបន់ចុងកោះខ្សាច់ ឃុំសំពៅពូន របស់ក្រុមហ៊ុននោះគឺបូមនៅក្នុងដែនឡូត៍របស់ក្រុមហ៊ុនផារីដា ទឿងរិទ្ធខនស្ត្រាក់សិន និងឌីវេឡុបមែន ដែលមានលិខិតអនុញ្ញាតជាគោលការណ៍ពីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ព្រមទាំងមានអាជ្ញាប័ណ្ណស្របច្បាប់ទៀតផង ។
បើតាមការឱ្យដឹងពីមន្ត្រីជំនាញ ការធ្វើអាជីវកម្មបូមខ្សាច់គឺត្រូវគោរពតាមគោលការណ៍ច្បាប់ ទី១-ចាំបាច់ត្រូវដាក់ពាក្យសុំទៅក្រសួងធនធានទឹក ទី២-ត្រូវសិក្សាពីបច្ចេកទេសជលវិទ្យា ទី៣-មានលិខិតអនុញ្ញាតជាគោលការណ៍ពីក្រសួងធនធានទឹក ទី៤-ត្រូវសុំស្លាកសញ្ញាពីក្រសួងធនធានទឹក ទី៥-ត្រូវចុះបញ្ជីនៅក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ទី៦-ធ្វើកិច្ចសន្យាព្រមព្រៀងជាមួយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ទី៧-មានអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ទី៨-ត្រូវចូលរួមប្រជុំជាមួយអន្តរក្រសួងដើម្បីកំណត់ថ្លៃបង់សួយសារអាករ និងទី៩-ចាំបាច់ត្រូវបង់ពន្ធសួយសារអាករ និងពន្ធផ្សេងៗទៀត ដែលទាក់ទង នឹងការបូមខ្សាច់នេះ ។ ដោយសារតែការបូមខ្សច់មិនគោរពតាមគោលការណ៍ខាងលើ ធ្វើឱ្យបាត់បង់ថវិកាចំណូលរបស់រដ្ឋមួយចំនួន ម្យ៉ាងទៀតការបូមខ្សាច់ដោយមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវពីមន្ត្រីជំនាញអាចមានផលប៉ះពាល់យ៉ាងច្រើននៅពេលខាងមុខ ដូចជាការបាក់ច្រាំងជាដើមនោះ សមត្ថកិច្ចជំនាញគួរមានវិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីការពារប្រយោជន៍ជាតិ បើពុំនោះទេការបូមខ្សាច់អនាធិបតេយ្យអាចនឹងកើតមានគ្រប់ទីកន្លែង ហើយផលប៉ះពាល់ក៏កើតមានច្រើន ដោយសារតែទង្វើគ្មានច្បាប់នេះ ៕
ចែករំលែកព័តមាននេះ