រាជធានីភ្នំពេញ ៖ នាយកដ្ឋានសិល្បៈទស្សនីយភាព ដោយមានការគាំទ្រ និងសហការពីសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នឹងរៀបចំការសម្តែងសិល្បៈដ៏អស្ចារ្យសំដៅលើកកម្ពស់អរិយធម៌កេរមរតកនាសម័យអង្គរ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង៧យប់ ចាប់ពីថ្ងៃទី១១ មីនា ឆ្នាំ២០១១ តទៅនៅសាលសន្និសីទចតុមុខ។
លោកអាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា ផ្ទាំងទស្សនីយភាពនៃការសម្តែងសិល្បៈដ៏អស្ចារ្យនោះ គឺមានគោលបំណងថែរក្សា និងលើកតម្កើងសិល្បៈអរិយធម៌ និងកេរមរតកនាសម័យអង្គរដ៏រុងរឿងនៅលើឆាកជាតិ និងអន្តរជាតិ។ ទន្ទឹមនោះ ក៏ជួយបង្កើតការងារដល់សិល្បករ សិល្បការិនីនៅក្នុងការចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ បង្កើតទំនាក់ទំនងរវាងប្រជាជនក្នុងពិភពលោកឱ្យមានភាពស្និទ្ធស្នាល និងសន្តិភាព ព្រមទាំងជួយបង្កើតផលិតផលផ្នែកទេសចរណ៍បន្ថែមទៅដល់សមាជិកនៃសមាគម CATA រួមទាំងអ្នកទស្សនា និងអ្នកដែលមានការពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
លោកអាង គឹមអៀង បញ្ជាក់ថា កម្មវិធីនោះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ការសម្តែងជាលក្ខណៈអាជីពទៅដល់សិល្បករ សិល្បការិនីឱ្យកាន់តែប្រសើរឡើង។ អ្នកដែលចូលរួមទស្សនានឹងទទួលបាននូវក្តីរំភើបរីករាយ និងកោតសរសើរចំពោះទេពកោសល្យនៃការសម្តែងរបស់សិល្បករ សិល្បការិនីខ្មែរយើងដែលរាល់គ្នាមិននឹងស្មានដល់អំពីកម្រិតនៃភាពជំនាញរបស់ពួកគេ។
អ្នករៀបចំកម្មវិធីនៃការសម្តែងសិល្បៈបានប្រាប់ថា តម្លៃសំបុត្រសម្រាប់ចូលទស្សនាគឺ១០ដុល្លារ សម្រាប់ជនបរទេស និង១០.០០០រៀល សម្រាប់ជនជាតិខ្មែរ។ ប៉ុន្តែសម្រាប់សមាជិកនៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាគឺ៧ដុល្លារសម្រាប់ជនបរទេស។ អ្នកទស្សនាអាចទំនាក់ទំនងការងារផ្សេងៗទាក់ទងនឹងការសម្តែងបាននៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
ចែករំលែកព័តមាននេះ