ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​វាង​អង្គរជំហាន​ទី២ប្រវែង​ជាង​២០គីឡូម៉ែត្រ​ជំនួយ​កូរ៉េ​ត្រូវ​បាន​បើក​ការដ្ឋាន

15 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ផ្លូវ​វាង​ប្រាសាទ​អង្គរ​ជំហាន​​ទី​២​មានឈ្មោះ «មិត្ដភាព​កម្ពុជា​-​កូរ៉េ» ​ចេញពី​ផ្លូវ​មុខ​អង្គ​រត​ភ្ជាប់​វង់​ធំ​ក្នុងស្រុក​អង្គរធំ​ដែល​មាន​ប្រវែង​ជាង២០​គីឡូម៉ែត្រ ត្រូវ​បាន​បើកការដ្ឋាន​សាងសង់​អ៊ុត​កៅស៊ូ​ដោយគ្រោង​ចំណាយ​​អស់​ទឹកប្រាក់​សរុប​ចំនួន១១,៥លាន​ដុល្លារអា​មេ​រិ​ក ជា​ជំនួយ​របស់​សាធារណរដ្ឋ​កូរ៉េ តាម​រយៈ​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្ដិការ​អន្ដរ ជាតិ​កូរ៉េ ។

ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​វាង​អង្គរ​ដ៏​មាន​សារ​ប្រយោជន៍​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី១៧ មី​នា ឆ្នាំ២០១១ នៅ​ក្នុងភូមិ​សាស្ដ្រ​ភូមិ​គោក​តា​ចាន់​ សង្កាត់​គោក​ចក ក្រុង​សៀមរាប ក្រោម​អធិប​តីភាពលោក​ស៊ូ ភិ​រិ​ន្ទ អភិបាល​ខេត្ដ​ និងលោក Jang Jin ho  ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋកូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ដោយមានការចូល​រួមមន្ដ្រី កង​កម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ​ប្រមាណ​ជាង៣​ពាន់​នាក់​ ​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋានលោក​ស៊ូ ភិ​រិ​ន្ទ បាន​មាន​ប្រសាសន៍​ថា ផ្លូវ​វាងអង្គរ​ឈ្មោះ​មិត្ដ​ភាព​កម្ពុជា​-​កូរ៉េ» ​ជំហាន​ទី២ដែល​កំពុងបើក​ការដ្ឋាន​សាងសង់​នេះ​ជា​ជំនួយ​របស់សាធារណ​រដ្ឋ​កូរ៉េតាម​រយៈ​ទី​ភ្នាក់ងារ​កិច្ច​សហប្រតិបត្ដិការ​អន្ដរជាតិ​កូរ៉េ «កូយ​កា» ។ ​ផ្លូវ​នេះ​មាន​ប្រវែង​២០,៥គីឡូម៉ែត្រ ​ត្រូវ​សាងសង់​ទៅ​ជា​ផ្លូវ​អ៊ុត​កៅស៊ូ​គ្រោង​នឹង​ចំណាយ​រយៈពេល២ឆ្នាំ ដោយ​ចាប់ផ្ដើម​ពី​ពេល​នេះ​តទៅ​រហូត​ដល់​ដំណាច់​ខែតុលា ឆ្នាំ២០១២ ដែល​ត្រូវ​ចំណាយ​ជា​ទឹក​ប្រាក់សរុប​ប្រមាណ​១១.៥​លាន​ដុល្លារអា​មេ​​រិ​ក​។

​លោក​ស៊ូ ភិ​រិ​ន្ទ ក៏​បាន​សំដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារ​ណ​រដ្ឋ​កូរ៉េ ​ដែល​បាន​ផ្ដល់​នូវ​ហិរញ្ញប្បទាន​ដ៏ថ្លៃថ្លា​សម្រាប់​ការ​សាងសង់​ផ្លូវ «​មិត្ដភាព​​កម្ពុជា​-​កូរ៉េ» នេះ ​ឡើង​សំរាប់​បម្រើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​វាង​តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជាបេតិកភណ្ឌ​ពិភពលោក និង​បំរើដល់​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​​នៅ​ក្នុង​តំបន់​អង្គរ ។ ជា​ពិសេស​បងប្អូន​ដែល​រស់នៅ​ក្នុង​ក្រុង​សៀម​រាបតាម​បណ្ដោយ​ផ្លូវ​នេះ ក្នុង​ការ​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​កសិផល និង​ផលិតផល​ផ្សេង​ៗ​បាន​យ៉ាងងាយ​ស្រួល និង​ចំណាយ​តិច ដែល​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់របស់​សម្ដេច​អគ្គមហាសេនា​ប​តីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជាគឺ ​«មាន​ផ្លូវ មាន​ក្ដី​ស​ង្ឃឹម» ​។ រ​ដ្ធា​ភិ​បាលនៃ​សាធារណរ​ដ្ធ​កូរ៉េ កំពុង​តែ​ដើរ​តួ​នាំ​មុខគេ​ក្នុង​ការ​ផ្ដល់​ជំនួយ​លើ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវថ្នល់ ដែលប្រៀប​បានជា​សរសៃ​ឈាម​យ៉ាង​សំខាន់ត​ភ្ជាប់​ពី​ប្រាសាទ​មួយ​ទៅ​ប្រាសាទ​មួយ​នៃ​ឧទ្យាន​អង្គរ​ បេ​តិក​ភណ្ឌ​ពិភពលោក​ដ៏​ល្បាញ​ល្បី​។

លោក​ប៊ុ​ន ណា​រិទ្ធ អគ្គនាយក​អា​ជា្ញ​ធរ​អប្សរាបាន​មាន​ប្រសាសន៍​រំលឹក​ថា សាធារណ​រដ្ឋ​កូរ៉េ​គឺជា​ប្រទេស​នាំមុខ​គេ​ក្នុង​ការ​ផ្ដល់​ជំ​នួយ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ឧទ្យាន​អង្គរ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​ការ​ស្ថាបនា​​ផ្លូវ​នេះ​ជា​ជំហាន​ទី២​ហើយ ។ ​នៅ​ចន្លោះ​ពី​ឆ្នាំ២០០៦​ដល់​ឆ្នាំ២០០៨ សា​ធារណរដ្ឋ​កូរ៉េ​ បាន​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​សរុបចំនួន៥​លាន៩​សែន​ដុល្លារ​អា​មេរិ​ក ​ស្ថាបនា​ផ្លូវក្រួ​ស​ក្រហម​រួច​ចាក់​កៅស៊ូ​ចំនួន​ពីរ​ខ្សែ ​គឺខ្សែ​ទី​១ ផ្លូវវាង​ប្រាសាទ​អង្គរ​ពី​ខាងលិចប្រវែង៤,៨​គីឡូ​ម៉ែត្រ ទទឹង៨​ម៉ែត្រ ចាប់​ពី​ផ្លូ​វជាតិ​លេខ៦ជាប់​សាលា​បឋម​សិក្សាក្រួ​សមក​ភ្ជាប់​នឹង​ផ្លូវកៅស៊ូ​ខាង​មុខប្រាសាទអង្គរវត្ដ​ក្បែរ​អតីត​ទីបញ្ជាការ​យោធភូមិភាគ​៤ ​។ ខ្សែ​ទី​២ ផ្លូវ​វាង​ពី​ខាងកើត​ប្រវែង​១០,៤គីឡូម៉ែត្រ ទទឹង៨​ម៉ែត្រចាប់​ពីផ្លូវជាតិ​លេខ៦ចំណុចផ្សារសា្វ​យ​ធំ​មក​​ភ្ជាប់​នឹង​ផ្លូវបំបែក​ផ្សារ​ព្រះ​ដាក់ ហើយ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ ទី៥ ឧសភា ឆ្នាំ២០០៩ កន្លង​ទៅ​ក្រោម​អធិប​តីភាព​ដ៍​ខ្ព​ង​ខ្ពស់​របស់​លោ​កបណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​​រដ្ឋមន្ដ្រី​ រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ដ្រីនិង​ជា​ប្រធាន​អា​ជា្ញ​ធរ​ជាតិ​អប្សរា ។

លោក​អគ្គនាយក​​បាន​បន្ដ​ទៀត​ថា នៅ​ចុង​ក្រោយ​នេះ​សាធារណ​ដ្ឋេ​កូរ៉េ​បាន​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន១១,៥​លានដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ ស្ថាបនា​ផ្លូវ​វាង​អង្គរជំហាន​ទី​២ ដោយអ៊ុត​កៅស៊ូ​​ប្រវែង២០,៥​គីឡូម៉ែត្រត​ភ្ជាប់​ផ្លូវ​អ៊ុត​កៅស៊ូ ទាំង​២ខ្សែ​ខាងលើ​ឱ្យ​ក្លាយជា​ផ្លូវ​ខ្សែ​ក្រ​វា​ត់​ជុំវិញ​តំបន់​ប្រាសាទ​អង្គរ ដើម្បីចូលរួម​ចំណែក​ការពារ និង​លើក​តម្លៃ​តំបន់​សៀមរាប​-​អង្គរ​ឱ្យ​បាន​គង់​វង្ស និង​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជាលោក Jang Jin ho បាន​មាន​ប្រសាសន៍​ដោយ​សន្យា​ថា ​រដ្ឋាភិបាល​កូរ៉េ​នឹងបន្ដ​សហការ​គ្នា​ដោយ​ស្អិតរ​មួ​តជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​ជំរុញ​កំណើ​ន​សេដ្ឋ​កិច្ច​កម្ពុជាក៏​ដូច​ជា​ខេ​ត្ដេ​សៀមរាប ។ ​លោក​​មាន​ជំនឿ​ជឿជាក់​ថា ផ្លូវវាង​ជំហាន​ទី​២ ដែល​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​នេះ នឹង​ក្លាយជា​មា​គ៌ានៃក្តីស​ង្ឈឹ​មដែល​ឈាន​ទៅដល់​អនាគត​ដ៏​ត្រចះត្រចង់នៃ​កិច្ច​សហ​ប្រតិបត្តិការ​​រវាង​សាធា​រណរដ្ឋ​កូរ៉េ និង​កម្ពុជា៕