ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ កម្ម​ការិនី​ក្រុម​ហ៊ុន​​ដំឡើង​​កង់​ Bestway ទាម​ទារ​រក​យុត្តិ​ធម៌

15 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ក្រុម​កម្ម​ករ​ កម្ម​ការិនី​ចំនួន​១៣​នាក់ បាន​​​អំពាវ​នាវ​សូម​ឱ្យ​ក្រសួង​ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ចុះ​ធ្វើ​អន្តរា​គមន៍​​ដោះ​​ស្រាយ​​ឱ្យ​ក្រុម​ហ៊ុន​​ដំឡើង​កង់ Bestway តំបន់​សេដ្ឋ​កិច្ច​ ពិសេស​​បារិត​​សង​​ការ​ខូច​ខាត​ម៉ូតូ​ចំនួន​១៣​គ្រឿង​ ដែល​ត្រូវ​អគ្គី​ភ័យ​ឆាប​ឆេះ​ កាល​ពី​ថ្ងៃ​​ទី​១០ មីនា ហើយ​​រហូត​មក​ដល់​ថ្ងៃ​ទី​១៤ មីនា នៅ​តែ​ពុំ​មាន​ដំណោះ​ស្រាយ​សម​ស្រប​នៅ​ឡើយ ហើយ​​កម្ម​ករ កម្ម​ការិនី​​ទាំង​១៣​នាក់ កំពុង​ប្រឈម​នឹង​ការ​បញ្ឈប់​ពី​ការ​ងារ​ទៀត​ផង​ បើ​​ពួក​គេ​មិន​ព្រម​​ទទួល​សំណង​តាម​គោល​ការណ៍​រប​ស់​ក្រុម​ហ៊ុន​​ទេ​នោះ​ ។

​ទាក់​ទិន​ករណី​ខាង​លើ​កញ្ញា​ ដួង វណ្ណា អាយុ​២៤​ឆ្នាំ ​តំណាង​ឱ្យ​កម្ម​ករ​​ កម្ម​ការិនី​ទាំង​១៣​នាក់ ​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ពួ​ក​គេ​បាន​ផ្ញើ​ម៉ូតូ​នៅ​ក្នុង​រោង​ដាក់​ម៉ូតូ កង់ និង​ជា​កន្លែង​​ស្នាក់​នៅ​របស់​កម្ម​ករ ​បាន​ត្រូវ​អគ្គី​ភ័យ​​ឆាប​ឆេះ​ដោយ​សារ​ទុស្សេ​ខ្សែ​ភ្លើង​​​ឆេះ​ម៉ូតូ​អស់​​២៦​គ្រឿង ​និង​កង់​៣​គ្រឿង ព្រម​ទាំង​សំលៀក​បំពាក់​​ទ្រព្យ​សម្បត្តិ​​របស់​កម្ម​ករ​មួយ​ចំនួន​ តែ​ក្រុម​ហ៊ុន​បាន​សង​ឱ្យ​កម្ម​ករ​តែ​ម៉ូតូ​​១៣​គ្រឿង ​និង​កង់​៣​គ្រឿង​ប៉ុណ្ណោះ។ ​សម្រាប់​កម្ម​ករ​​ កម្ម​ការិនី​ដែល​គ្មាន​ជម្រើស​ខ្លាច​បាត់​បង់​​ការ​ងារ​ត្រូវ​​បង្ខំ​ចិត្ត​ទទួល​សំណង​តិច​តួច​ដែល​ក្រុម​​ហ៊ុន​សង ហើយ​ម្យ៉ាង​​នៅរោង​ចក្រ​ដំឡើង​កង់​របស់​ក្រុម​ហ៊ុន Bestway បាវិត​នេះ ពុំ​មាន​តំណាង​សហ​ជីព​ដើម្បី​ជួយ​សម្រប​សម្រួល​​ដោះ​ស្រាយ​ពេល​មាន​ទំនាស់​កើត​ឡើង​ ទើប​មាន​ការ​ពិបាក​ក្នុង​ការ​តវ៉ា​ ហើយ​តំណាង​​មន្ទីរ​ក្រសួង​ការងារ​ដូច​ជា​គ្មាន​​ឥទ្ធិ​ពល​អ្វី​អាច​ជួយ​កម្ម​ករ​​បាន​ឡើយ ។

ម៉ូតូ​ដែល​ខូច​ខាត​ត្រូវ​ក្រុម​ជាង​ឯក​ជន​​​វាយ​តម្លៃ​ម៉ូតូ​មួយគ្រឿង​ត្រូវ​ជួស​ជុល​ចាប​់ពី​៣៥០​ដុល្លារ​ទៅ​​៤០០​ដុល្លារ រីឯ​ក្រុម​ហ៊ុន​សង​​ត្រឹម​​តែ​១០០​ដុល្លារ​ទៅ​១៨០​ដុល្លារ ដូច្នេះ​ពួក​គេ​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ក្រុម​ហ៊ុន​បាន​គំរាម​ថា ​បើ​មិន​ព្រម​​ក្រុម​ហ៊ុន​មិន​អាច​សង​តាម​សំណូម​ពរ​បាន​ទេ ហើយ​បើ​នៅតែ​រឹង​រុះ​​​ក្រុម​ហ៊ុន​នឹង​បញ្ឈប់​​​ពី​ការ​ងារ។ ទាក់​ទិន​ករណី​ខាង​លើ​លោក​អ៊ូ សាខឿន ​តំណាង​​ក្រសួង​​ការ​ងារ​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ដែល​ប្រចាំ​​​ការ​នៅ​តំបន់​​សេដ្ឋ​កិច្ច​ពិសេស ​បាវិត​បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​​នារសៀល​ថ្ងៃ​ទី​១៤ មីនា ថា ​ក្រសួង​បាន​​ចូល​សម្រប​សម្រួល​​ដោះ​ស្រាយ​​ហើយ តែ​មិន​​បាន​ព្រម​ព្រៀង​គ្នា​ទេ ដោយ​កម្ម​ករ​ទារ​សំណង​ខ្ពស់​ក្រុម​ហ៊ុន​​មិន​ព្រម ហើយ​ក្រុម​គណៈ​កម្ម​ការ​ក្រសួង​មិន​​អាច​បង្ខិត​​បង្ខំ​​ភាគី​ណា​បាន​ទេ ​ដោយ​ពុំ​មាន​ច្បាប់​​ណា​អាច​កំណត់​ថា ត្រូវ​តែ​សង​កម្រិត​ណា​នោះ ដូច្នេះ​ទុក​ដោះ​ស្រាយ​បន្ត​ រីឯ​កម្ម​​ករ​គួរ​ណាស់​ចូល​ធ្វើ​ការ​ បើ​មិន​ចូល​គេ​អាច​​បញ្ឈប់​​​ពី​ការ​​ងារ ​​​ក្រសួង​មិន​អាច​លូក​ដៃ​​បាន​ទេ ៕