ខេត្តរតនៈគិរី ៖ បុរសម្នាក់បានរងរបួសធ្ងន់រហូតសន្លប់ដោយសារម៉ូតូ ខណៈជិះពេលយប់ ហើយកិនលើដុំថ្មមួយដុំនៅកណ្តាលទ្រូងផ្លូវជាតិលេខ៧៨A ត្រង់ចំណុចជិតរង្វង់មូលយាយទួលចេក ស្ថិតក្នុងភូមិបុរីកម្មករ១ សង្កាត់កាចាញ ក្រុងបានលុង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ មេសា ។ ដុំថ្មនោះគឺជាតម្រុយសញ្ញារបាំងចែកផ្លូវសម្គាល់ថា មួយចំហៀងផ្លូវកំពុងស្ថាបនា ដោយក្រុមហ៊ុនចិនដែលបានស្រោចជ័រកៅស៊ូរោយដុំក្រួស ។ ដោយសារបើកម៉ូតូកិនដុំថ្មនោះ ទើបបណ្តាលឱ្យម៉ូតូដួលច្រងាប់ច្រងិលខ្ទាតមនុស្សជាច្រើនត្រឡប់ បែកមុខហូរឈាមស្រោច ។
បុរសរងគ្រោះឈ្មោះ វិបុល អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់ខាងលើ ជាកម្មករចៀរជ័រកៅស៊ូឱ្យក្រុមហ៊ុន ស្វីរ៉ាប៊ើរ លីមីតធីត ។ ចម្ការកៅស៊ូរតនៈគិរីដែលជាក្រុមហ៊ុនចិន ។ ប្រភពពីកន្លែងកើតហេតុ ឱ្យដឹងថា បុរសរូបនេះជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង ក្នុងបំណងមកចាក់សាំងនៅម្តុំរង្វង់មូលយាយទូលចេក ប៉ុន្តែមិនទាន់ដល់កន្លែងចាក់សាំងផងក៏កិនដុំថ្ម ដួលបែកមុខ បែកមាត់រហូតសន្លប់តែម្តង ដោយសារតែមិនមានពាក់មួកសុវត្ថិភាព ។ បន្ទាប់ពីមានគ្រោះថ្នាក់នេះ ក៏មានអ្នកស្គាល់បានទូរស័ព្ទទៅបងប្អូនសាច់ញាតិឱ្យមកជួយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត លុះមួយសន្ទុះធំទើបជនរងគ្រោះដឹងខ្លួន ។ ឯម៉ូតូជាប្រភេទសង់កូរ៉េ ពណ៌ក្រហម អត់ស្លាកលេខ ត្រូវបានសាច់ញាតិយកទៅរក្សាទុក ដោយមានការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។
មានការស្តីបន្ទោសផងដែរថា ក្រុមហ៊ុនចិនស្ថាបនាផ្លូវដែលស្រោចជ័រកៅស៊ូ រោយក្រួស ម្តងមួយចំហៀងផ្លូវនោះ ពុំដែលឃើញមានដាក់ស្លាកសញ្ញា ឬរបាំងផ្លូវសម្គាល់ឱ្យបានត្រឹមត្រូវនោះទេ ក្រៅពីដាក់ដុំថ្មបន្តគ្នារដឹក និងដាក់កំណាត់ឈើច្រងេងច្រងាងពាសពេញផ្លូវ ហើយតែងបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ លើដងផ្លូវពេលយប់ ព្រោះពុំបានដឹងអំពីស្ថានភាពផ្លូវនេះ ។
ម៉្យាងទៀត ក៏ពុំដែលឃើញអាជ្ញាធរ ឬសមត្ថកិច្ចជំនាញផ្នែកចរាចរណ៏ ក៏ដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្ត យកចិត្តទុកដាក់ ណែនាំដល់ក្រុមហ៊ុនឱ្យកែលម្អពីបញ្ហានេះទេ ៕
ចែករំលែកព័តមាននេះ