ខេត្តកំពង់ស្ពឺ ៖ អំពើប្លន់ប្រដាប់អាវុធមួយបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២០ មីនា នៅមុខផ្ទះរបស់ឈ្មោះសូ ធំ ភេទប្រុស អាយុ៧៣ឆ្នាំ និងប្រពន្ធឈ្មោះជា បួយ អាយុ៧២ឆ្នាំ ជាអាជីវករប្តូរប្រាក់ និងលក់មាសនៅផ្សារកំពូលប្រាំក្នុងខេត្តកំពង់ស្ពឺ ខណៈជនរងគ្រោះបើករថយន្តកាមរីឆ្លាម វិលត្រឡប់ពីផ្សារមកផ្ទះដូចសព្វមួយដង នៅឯភូមិចំបក់ ឃុំវល្លិស ក្នុងស្រុកសំរោងទង ។ ហេតុការណ៍ប្លន់ត្រូវបានគេដឹងថា ធ្វើសកម្មភាពដោយក្រុមចោរចំនួន៤នាក់ស្ថិតក្នុងសំលៀកបំពាក់ស៊ីវិល ជិះម៉ូតូចំនួន២គ្រឿង និងប្រដាប់ដោយកាំភ្លើងខ្លីគ្រប់ដៃ ។
នៅក្នុងអំពើប្លន់នេះត្រូវបានគេដឹងថា ក្រុមចោរប្រមូលបានថង់ប្រាក់ កាបូប និងហឹបដែក ហើយបានជិះម៉ូតូគេចដោយសុវត្ថិភាពក្រោយពីការបាញ់គំរាមចំនួនពីរគ្រាប់ទៅលើជនរងគ្រោះ។ ក្រោយកើតហេតុ គេឃើញមានមន្ត្រីប៉ូលិសខេត្ត និងប៉េអឹមខេត្តចុះទៅអន្តាគមន៍ជាបន្ទាន់ដែរ តែយឺតជាងចោរមួយជំហាន ដោយពុំចាប់បានចោរណាម្នាក់ណាឡើយ ។
ជនរងគ្រោះឈ្មោះសូ ធំ បានប្រាប់សមត្ថកិច្ចថា រូបគាត់ និងប្រពន្ធ ព្រមទាំងកូនប្រុសឈ្មោះសូ សុភាព អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះតាំង សុគីម អាយុ៣០ឆ្នាំ រួមជាមួយឈ្មោះរ៉ូយ គីមហុក និងរ៉ូយ គឹមឡាង ជាបងប្អូនផង នៅវេលាម៉ោង៥ល្ងាចថ្ងៃនោះ បានរើអីវ៉ាន់ទុកដាក់ក្នុងថង់ ក្នុងហិបរួចរាល់ហើយបិទទ្វារតូបផ្សារ រួចក៏ធ្វើដំណើរមកផ្ទះឯភូមិចំបក់ ក្នុងឃុំវល្លិស ដូចរាល់ដង ។ ពេលមកដល់មុខផ្ទះក៏ចុះពីរថយន្តហើយបើកទ្វាររបងស្រាប់តែមានមនុស្ស៣នាក់ស្លៀកពាក់ស៊ីវិលប្រដាប់ដោយអាវុធគ្រប់ដៃ រួមទាំងជនម្នាក់នៅក្រៅរបងផង បានស្ទុះមកភ្ជង់គំរាមកុំឱ្យស្រែក រួចធ្វើសកម្មភាពប្លន់តែម្តង ហើយក្រុមចោរបានបាញ់ពីរគ្រាប់គំរាមតែពុំធ្វើឱ្យរងរបួសទេ។ ពេលប្លន់យកថង់ដាក់មាស និងប្រាក់បានហើយ ក្រុមចោរប្លន់ទាំង៤នាក់ប្រដាប់ដោយកាំភ្លើងខ្លីចំនួន៤ដើមផង បានជិះម៉ូតូម៉ាកវីវ៉ា មួយគ្រឿង និង C125 មួយគ្រឿងចេញយ៉ាងលឿនទៅបាត់សំដៅទៅលើផ្លូវជាតិលេខ៤។ ដោយពុំអស់ចិត្ត និងស្តាយរបស់ដែលបាត់បង់បែបនេះ ពួកគាត់ក៏បានបើករថយន្តដេញតាមក្រុមចោរពីក្រោយ ប៉ុន្តែតាមមិនទាន់ទេ និងបានរាយការណ៍ដល់គ្រប់សមត្ថកិច្ចទាំងប៉េអឹម ទាំងប៉ូលិសឱ្យជួយតាមចាប់។
ជនរងគ្រោះនិយាយថា ទ្រព្យសម្បត្តិបាត់បង់មានប្លាទីន មាស ប្រាក់ខ្មែរ ប្រាក់ដុល្លារ រួមជាមួយកូនចៅទាំង៣គ្រួសារគិតជាទឹកប្រាក់អស់ចំនួនប្រមាណជាង៦ម៉ឺនដុល្លារ ។ សមត្ថកិច្ចដែលបានទៅពិនិត្យនៅកន្លែងកើតហេតុរើសបានតែសំឡីមួយដុំដែលជនល្មើសប្រើប្រាស់សម្រាប់បាញ់ខ្ទប់កុំសូវឱ្យឮសំឡេងខ្លាំង ។ មន្ត្រីសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា នេះជាអំពើប្លន់ដែលក្រុមចោរបានតាមដានយូរថ្ងៃមកហើយ ទើបហ៊ានធ្វើសកម្មភាព ៕


ចែករំលែកព័តមាននេះ