រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីសម្រេចរបស់រដ្ឋសភាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ ចុះហត្ថលេខាដោយសម្តេចហេង សំរិន ប្រធានរដ្ឋសភាដែលកោះសន្តិភាពទទួលបានឲ្យដឹងថា លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី អស់មានបុព្វសិទ្ធិជាតំណាងរាស្ត្រទៀតហើយចាប់ពីពេលនេះតទៅ។
សេចក្តីប្រកាសរបស់រដ្ឋសភាជាតិបានបន្តថាសម្រេចបញ្ឈប់បុព្វសិទ្ធិរបស់លោកសម រង្ស៊ី ពីតំណាងរាស្ត្រមណ្ឌលកំពង់ចាម។ សេចក្តីសម្រេចនេះបានយោងតាមប្រការ៨៣នៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា មាត្រា១៤ នៃច្បាប់ស្តីពីលក្ខន្តិកៈអ្នកតំណាងរាស្ត្រ មាត្រា១២០ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងយោងសាលដីការបស់តុលាការកំពូលចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១១។ រដ្ឋសភាបានសម្រេចឱ្យលោកសម រង្ស៊ី បាត់បង់សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាតំណាងរាស្ត្រមណ្ឌលកំពង់ចាមអាណត្តិទី៤ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
គេនៅចាំបានថា លោកសម រង្ស៊ី ត្រូវបានតុលាការសាលាដំបូងខេត្តស្វាយរៀងផ្តន្ទាទោស កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០១០ ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ បន្ទាប់ពីលោកបានដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០០៩។ លោកសម រង្ស៊ីបានភៀសខ្លួនទៅក្រៅប្រទេសចាប់ពីពេលនោះមក ដើម្បីគេចចេញពីការចាប់ខ្លួនដាក់ពន្ធនាគារ និងពិន័យជាប្រាក់រួមគ្នា៦៣លានរៀលជាមួយនឹងកសិករពីរនាក់ផ្សេងទៀត។ លោកសម រង្ស៊ី ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគារ១០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល បន្ថែមទៀតពីបទផ្សាយព័ត៌មានមិនពិត ក្លែងបន្លំឯកសារ និងញុះញង់ឱ្យមានអំពើហិង្សា។ បទចោទថ្មីនេះ បានធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី បានផ្សព្វផ្សាយផែនទីដែលលោកអះអាងថា កម្ពុជាបានបាត់បង់ទឹកដីឱ្យប្រទេសវៀតណាម ដោយសារការបោះបង្គោលព្រំដែន និងជាពិសេសបង្គោលលេខ១៨៥ ដែលលោកបានដកគ្រវាត់ចោល។ ប៉ុន្តែមេធាវីរដ្ឋាភិបាលបានប្តឹងលោកសម រង្ស៊ី ដោយចោទថា បានផ្សាយផែនទីក្លែងបន្លំដើម្បីបំភាន់មតិសាធារណជនឱ្យយល់ច្រឡំ។ មន្រ្តីគណបក្សសម រង្ស៊ីបានថ្លែងថា ពួកគេគ្មានការភ្ញាក់ផ្អើលអ្វីឡើយចំពោះរឿងនេះ និងបានអះអាងថា គណបក្សកាន់អំណាចខ្លាចប្រជាប្រិយភាពលោកសម រង្ស៊ី ទើបលុបឈ្មោះលោកសម រង្ស៊ី មិនឱ្យចូលរួមបោះឆ្នោត។
សេចក្តីប្រកាសរបស់រដ្ឋសភាបន្តថា យោងតាមសាលដីកាព្រហ្មទណ្ឌរបស់តុលាការកំពូលចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០១១ រដ្ឋសភាសម្រេចប្រកា១-លោកសម រង្ស៊ី ត្រូវបានបាត់បង់ទាំងស្រុងនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពសភាមណ្ឌលកំពង់ចាមនីតិកាលទី៤។ ប្រកា២-អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាត្រូវទទួលអនុវត្ត និងបិទផ្សាយសេចក្តីប្រកាសនេះក្នុងរដ្ឋសភា និងផ្សព្វផ្សាយជាសាធារណៈ ។ ប្រកា៣-សេចក្តីប្រកាសនេះ មានអានុភាពគតិយុត្តិចាប់តាំងពីពេលចុះហត្ថលេខានេះតទៅ៕
ចែករំលែកព័តមាននេះ