ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនវិស័យ​៖ តើប្រទេស​​ចិន​ជា​«​បងធំ​»​រៀងរហូត​ទៅឬយ៉ាង​ណា​?

12 ឆ្នាំ មុន

សព្វថ្ងៃនេះ ប្រទេសកម្ពុជា និងប្រទេសចិន ​បានចងចំណងទំនាក់ទំនងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការជាបន្តបន្ទាប់យ៉ាងរឹងមាំ ។ ជារៀង​រាល់ពេលទីក្រុងប៉េកាំង​ដែល​ជា«បងធំ»តែង​តែ​ត្រៀមខ្លួនជានិច្ចដើម្បីផ្តល់ជំនួយផ្សេងៗដល់​ព្រះ​រាជាណាចក្រកម្ពុជា ទាំងក្នុងវិស័យសេដ្ឋកិច្ច ​ សង្គម​កិច្ច ក៏ដូចជាក្នុងវិស័យការពារជាតិ ​។​ដំណើរ​

សព្វថ្ងៃនេះ ប្រទេសកម្ពុជា និងប្រទេសចិន ​បានចងចំណងទំនាក់ទំនងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការជាបន្តបន្ទាប់យ៉ាងរឹងមាំ ។ ជារៀង​រាល់ពេលទីក្រុងប៉េកាំង​ដែល​ជា«បងធំ»តែង​តែ​ត្រៀមខ្លួនជានិច្ចដើម្បីផ្តល់ជំនួយផ្សេងៗដល់​ព្រះ​រាជាណាចក្រកម្ពុជា ទាំងក្នុងវិស័យសេដ្ឋកិច្ច ​ សង្គម​កិច្ច ក៏ដូចជាក្នុងវិស័យការពារជាតិ ​។​ដំណើរ​ទស្សន​​កិច្ចរបស់គណៈប្រតិភូដែល​ដឹកនាំ​ដោយលោកហ៊ូ ជីនតាវ ប្រធានាធិបតីចិននៅ ​ប្រទេសកម្ពុជាយើង បានបង្ហាញឲ្យគេឃើញច្បាស់លាស់​ពីចំណងមិត្តភាព​យ៉ាងរឹង​មាំនេះ​រវាង​ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋ​ប្រជា​មានិតចិន ។

ក្រៅពីនេះ នៅលើឆាកអន្តរជាតិ ចិនបាន​​គាំទ្រ​​​នូវគោលបំណងរបស់កម្ពុជា ក្នុងការពង្រឹង​ជំហរ​​របស់ខ្លួនជាសមាជិកអាស៊ាន និងគោល​បំណងរបស់កម្ពុជា​ជាសមាជិក​មិន​អចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាឆ្នាំ​២០១៣-២០១៤ ។ កម្ពុជាវិញ គឺជាភាគី​ដ៏សកម្មកាន់តែខ្លាំងទ្បើងៗនៃនយោបាយក្នុង ​និងក្រៅប្រទេស​របស់​សាធារណរដ្ឋប្រជាមា​និតចិន​នៅក្នុងតំបន់ ។ ភ្នំពេញ គាំទ្រប៉េកាំង​កាន់​តែខ្លាំងទ្បើងៗនូវរាល់បញ្ហាជាតិសំខាន់ៗ និង​បញ្ហាតំបន់ដូចជា ការប្រកាន់ខ្ជាប់នូវនយោ​បាយ​ចិន​តែមួយ និងគាំទ្រគោលជំហររបស់ប៉េកាំង ​ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង ។

តែងតែកើន​ទ្បើងជាអចិន្ត្រៃយ៍នូវការ​ផ្លាស់​ប្តូរគណៈប្រតិភូ​នៃប្រទេសទាំងពីរ ។ ជារៀង​រាល់​ឆ្នាំ មានការ​ផ្លាស់​ប្តូរទស្សនកិច្ចផ្លូវការ និង​មិត្ត​​ភាពរបស់មេដឹក​នាំកម្ពុជា និងចិន (ចាប់ពី​ឆ្នាំ២០០៦មក មានដំណើរទស្សនកិច្ចជាន់ខ្ពស់​ទៅវិញទៅមកចំនួន​១៥លើក) ។ ក្នុងដំណើរ​ទស្សន​កិច្ចទាំងនោះបានត្រូវលើកយកមក​ពិភាក្សា​​នូវបញ្ហាអន្តរជាតិ​សំខាន់ៗ ដែលពាក់​ព័ន្ធនឹងផលប្រយោជន៍នៃ​ប្រទេសទាំងពីរ និង​ស្ថាន​ភាពបច្ចុប្បន្ននៃទំនាក់​ទំនងទ្វេភាគី ក៏ដូច​ជាទស្សនវិស័យនៃការ​អភិ​វឌ្ឍ​កិច្ចសហប្រតិ​បត្តិការ​រយៈ​ពេលយូររវាង​កម្ពុជា និងចិន ក្នុង វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង យោធា ។ ជំហានដ៏សំខាន់មួយ​ទៀតរវាង ប្រទេសកម្ពុជានិងប្រទេសចិន គឺការ​សម្រេច ចិត្តរបស់ប្រទេសទាំងពីរក្នុងការភ្ជាប់​ទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែល បានត្រូវធ្វើទ្បើងនៅក្នុងដំណើរទស្សនកិច្ច​របស់ នាយករដ្ឋមន្ត្រី សម្តេចតេជោហ៊ុន សែន នៅ ប៉េកាំង កាលពីខែធ្នូ ឆ្នាំ២០១០កន្លងមក ។

ក្រៅពីនេះទៀត កិច្ចព្រមព្រៀងអន្តររដ្ឋា​ភិ បាលជាច្រើនដែលមានតម្លៃជាច្រើនលានបាន​ត្រូវចុះហត្ថលេខានៅរាជធានីភ្នំពេញ ក្នុង​ពេល បំពេញទស្សនកិច្ចនៃ​គណៈ​ប្រតិ​ភូតំណាង​ថ្នាក់ ដឹកនាំចិន និងបក្សកុម្មុយនីស្តចិន ។ កិច្ច​ព្រម​ព្រៀងទាំងនោះ ពាក់ព័ន្ធពិសេសលើការអភិវឌ្ឍ​កសិកម្ម ការសាងសង់ទីតាំងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន​ទីតាំងថាមពលអគ្គិសនី ។ ក្នុង​នោះ​ផងដែរ ក៏បានត្រូវចុះហត្ថលេខាលើកិច្ច​សន្យា ស្តីពីការដាក់ទុនវិនិយោគរយៈពេលយូរ​របស់ ចិននៅកម្ពុជា ឧទាហរណ៍ក្នុងពេល​បច្ចុប្បន្នក្រុម ហ៊ុនចិនចំនួន៥ បានដាក់ទុនវិនិយោគជិត​១,៦ កោដិដុល្លារ ក្នុងការសាងសង់ទំនប់វារី​អគ្គិសនី មានកម្លាំងរហូតដល់៩១៥មេហ្គាវ៉ាត់ ដោយគិត ផងដែរ ទាំងស្ថានីយវារីអគ្គិសនី មាន​​កម្លាំង ២៤៦មេហ្គាវ៉ាត់ នៅទន្លេតាតៃ ខេត្តកោះ​កុង ។

គម្រោងទាំងនេះ នឹងត្រូវសម្រេចទ្បើងតាម​គោលការណ៍សាងសង់-ប្រតិបត្តិការ-ផ្ទេរប្រគល់ (BOT, Build-Operate-Transfer) និងប្រើ​​ពេល​វេលារហូតដល់៤០ឆ្នាំ​ ។ ប៉ុន្តែគេនៅមិន​ទាន់​យល់ច្បាស់នៅឡើយថា តើអ្នកណានឹង​ទទួល​​​​បាន​​លទ្ធផលទាំងនេះ ហើយតើអ្នក​ណា​ជាអ្នកសងវិញ។ តើប្រជាជនកម្ពុជាជំនាន់​ក្រោយ​​ទៀតមែនទេ ? រយៈពេល៤០ឆ្នាំអាច​ផ្លាស់ប្តូរជំនាន់មនុស្សនៃពលរដ្ឋកម្ពុជាបាន ចំណែក​សមាសភាពរាជរដ្ឋាភិបាល ក៏អាចផ្លាស់​ប្តូរបានជាច្រើនលើកដែរ ។ ថ្នាក់ដឹកនាំថ្មីក៏​ត្រូវ​​ការពឹងផ្អែកទៅលើបំណុលចិនផងដែរ។ ជាមួយ​គ្នានេះ បច្ចុប្បន្នដើម្បីអភិវឌ្ឍន៍ប្រទេស​របស់ខ្លួន កម្ពុជា ត្រូវការជំនួយមិនអាចកាត់ថ្លៃបានពី«បង ​ធំ»។រយៈ​ពេល​១៥​ឆ្នាំចុងក្រោយ ទំហំវិនិយោគ​ចិននៅកម្ពុជា បានកើនទ្បើង៦កោដិដុល្លារ ។ គ្រាន់តែក្នុងឆ្នាំ២០១១ ទំហំពាណិជ្ជកម្មទ្វេភាគី​កើនដល់២កោដិដុល្លារ ។ នៅកម្ពុជា មាន​ប្រជា​ជនចិនរហូតដល់៣០០.០០០នាក់កំពុងរស់នៅ និងកំពុងពង្រីកមុខរបររបស់ខ្លួនយ៉ាងសកម្ម ។ បានត្រូវរីកដុះដាលនូវសាលារៀនជាច្រើន ដែល​អនុញ្ញាត​ឲ្យប្រជា​ជន​កម្ពុជាអាចសិក្សា​ភាសា និង​វប្បធម៌ ប្រពៃណី រស់នៅ និងទស្សនវិជ្ជា​របស់ចិន ។ រៀងរាល់ឆ្នាំ មានទេសចរចិន ជាង​២០០.០០០នាក់ ទៅទស្សនាព្រះរាជាណា​ចក្រ​កម្ពុជា។ នេះជាការស្តែងចេញឲ្យឃើញ​ច្បាស់ថា មិនត្រឹមតែជាឥទ្ធិពលវិជ្ជមានទៅលើ​ការ​អភិ​វឌ្ឍ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងទៅ​លើការ​អភិវឌ្ឍ​សេដ្ឋកិច្ចផ្ទៃក្នុង​កម្ពុជាទៀតផង ។

បើយើងរំលឹកពីប្រវត្តិសាស្រ្តកម្ពុជាពីឆ្នាំ​១៩៧៥ មកទល់នឹងបច្ចុប្បន្ន គឺមានរយៈពេល ​៣៧ឆ្នាំ​ហើយ​ ចិនបានជួយកម្ពុជា យ៉ាងពេញ​ទំហឹងក្នុងការ​ផ្តួលរំលំរបប​សាធា​រណ​រដ្ឋខ្មែរ ដែល​មានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង ។ប៉េកាំង គឺជា«បងធំ» មួយដែលគាំទ្រ​កម្ពុជា ដែលជាប្រទេសមួយកាលពីឆ្នាំ២០១១ ធ្លាប់​ទទួលរង​គ្រោះដោយ​ទឹក​ជំនន់ដ៏ធំ ហើយប៉េកាំង​មាន​គម្រោងបែងចែកជូនកម្ពុជាជាឥណទាន​នូវ​ទឹក​ប្រាក់៥០០លានដុល្លារ ​សម្រាប់ស្តារហេដ្ឋា​រចនា​សម្ព័ន្ធដែលរងការខូចខាតដោយគ្រោះ​ធម្មជាតិ ​និងសម្រាប់ការកសាងប្រព័ន្ធស្រោច​ស្រព​ទឹក​ឲ្យ​​ស្រែចម្ការដំណាំផ្សេងៗ។ ជាមួយ​នឹង​ឥណទាន​នេះ ទំហំបំណុលជាតិកម្ពុជា​សម្រាប់​សង​«បង​ធំ»​កើនដល់៦កោដិដុល្លារ​  ហើយការ​សងនេះ ​នឹងត្រូវប្រើពេលជាច្រើនសិបឆ្នាំ ។

កម្ពុជា ក៏តែងតែយល់ច្បាស់ថា ក្នុងករណី​ចាំបាច់«បងធំ»អាចនឹងផ្តល់ជំនួយចាំបាច់ណា​ក៏ដោយដល់កម្ពុជា រាប់ទាំងជំនួយយោធាផង​ដែរ ។ ជាក់ស្តែង ចិនបានបញ្ជូន​ឲ្យ​កម្ពុជា​នូវ​ឯក​សណ្ឋាន និងគ្រឿងបច្ចេកទេសយោធា សម្រាប់​សេចក្តីត្រូវការរបស់កងយោធពលខេមរភូមិន្ទ ។ ប៉ុន្តែគ្រឿងបច្ចេកទេសទាំងនេះ មិនមែនសុទ្ធ​តែ​មាន​គុណ​ភាពខ្ពស់នោះទេ បើប្រៀបធៀបជា​មួយនឹងគ្រឿងបច្ចេកទេសរបស់ប្រទេសផ្សេងៗ។ គេនៅបានដឹងទៀតថា ប្រទេសចិនបានចម្លង​នូវអាវុធរបស់ប្រទេសផ្សេៗ។ ក្នុង​ពេល​ឆាប់ៗខាងមុខនេះ កម្ពុជាមានគម្រោងទិញឧទ្ធម្ភាគ​ចក្រយោធាពីប្រទេសចិន ។ តើឧទ្ធម្ភាគចក្រ​យោធាទាំងនេះមានគុណភាពល្អទេ ? តើវាមាន​​ប្រសិទ្ធភាពប៉ុនណា នៅ​ពេលប្រយុទ្ធ ? ​តើនាវា​របស់ចិនដែលបញ្ជូនទៅកម្ពុជា កាលពីឆ្នាំ​២០០៧​កន្លងមកនោះ អាចការពារទីតាំងប្រេង​កាត កម្ពុជាបានឬទេ ព្រោះថានៅខែធ្នូ ឆ្នាំ​២០១២ ខាងមុខនឹងគ្រោងចាប់ផ្តើមធ្វើអាជីវកម្មប្រេង​កាតនៅក្នុងឈូងសមុទ្រសៀម ? ជាការប្រសើរ ប្រសិនបើកម្ពុជា ទិញអាវុធពីបណ្តាប្រទេស​ឈាន​មុខនៃពិភពលោក ក្នុង​វិស័យផលិតអាវុធ ​ដូចជាសហរដ្ឋអាមេរិក បារាំង ឬរុស្ស៊ី​ ។ ​ទោះ​បី​ជាលទ្ធភាពហិរញ្ញវត្ថុខ្សត់ខ្សោយក៏ដោយ ក៏​មិន​ត្រូវទិញតែរបស់ចិនតែមួយដែរ ត្រូវតែស្វះស្វែង​ជាអចិន្ត្រៃយ៍ជ្រើសរើសយកអាវុធដែលមាន​តម្លៃ និងគុណភាពដែលអាចទទួលយកបាន ។

ជនកម្ពុជា ដែលមានភក្តីភាពចំពោះជាតិ​មាតុ​ភូមិ ធ្វើការគាំទ្រដោយឥតងាករេ ចំពោះ​កិច្ច​សហប្រតិបត្តិការកម្ពុជា និងចិន ដែលជាកិច្ច​​សហប្រតិបត្តិការ​ដ៏មានផល​ប្រយោជន៍ជា​ចម្បង ចំពោះការអភិវឌ្ឍប្រទេសរបស់ខ្លួន ។ វិនិយោគ​ទុន​ខ្នាតធំៗ និងក្រុមហ៊ុនរបស់ចិន បានបណ្តាក់​ទុន​នៅកម្ពុជា ហើយនិងផ្តល់ការងារថ្មីៗ​ជូន​ប្រជា​​ជន​កម្ពុជា ។ ប៉េកាំង គាំទ្រការពង្រឹងជំហរ​របស់​កម្ពុជា នៅលើឆាកអន្តរជាតិ និងជួយ​ពង្រឹង​កិច្ចការពារជាតិរបស់កម្ពុជា ។ តើកម្ពុជា​អាច​ធ្លាក់ទៅក្នុងទាសភាព​របស់«បង​ធំ»​ដែរ​​ឬ​ទេ ? ដោយគ្រាន់តែធ្វើនយោបាយ​ជាឯកតោ​ភាគីនោះ ។ សម្រាប់ការអភិវឌ្ឍកម្ពុជាប្រកប​ដោយថាមពល ភាពលេចធ្លោរបស់ចិន មិនអាច​ស្ថិតនៅជាទិស​ដៅអាទិ​ភាព​តែមួយបានទេនៃ​​​​ទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា ។

ក្នុងករណីពិភពពហុប៉ូល គេត្រូវតែចាប់​អារម្មណ៍ទៅលើបណ្តារដ្ឋខ្លាំងៗផ្សេងទៀត​ដែល​អាចចូលរួមវិភាគទានក្នុងការអ​ភិវឌ្ឍកម្ពុជា ។  សម្រាប់​កម្ពុជាក៏ដូចជាសម្រាប់​ប្រទេស​​ដែល​មានទស្សនាទានធំ និងមានអត្ថប្រយោជន៍ធំដែរ ​គឺកម្ពុជាត្រូវការការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសក្នុង​ពិភព​លោកដោយ​មិនផ្តល់អាទិភាពទៅរដ្ឋណាមួយ​ទ្បើយ ។ នៅពេលដែលប្រទេសកម្ពុជាយើងធ្វើ​ជា​ប្រធានអាស៊ាន កម្ពុជាត្រូវតែបង្កើនភាពជិត​ស្និទ្ធ​ជាមួយ​បណ្តាប្រទេស​សមាជិក​អា​ស៊ានឱ្យ​បាន​កាន់តែប្រសើរឡើង ។

គណៈប្រតិភូចិនចេញទៅហើយ ប៉ុន្តែស្មារតី​របស់ចិននៅតែមានដក់ជាប់នៅកម្ពុជា នៅ​ពេល​ណាដែលភូមិសាស្រ្តនយោបាយរបស់អាមេរិក​កាន់តែលាត​សន្ធឹងចូលមក​ដល់​តំបន់អាស៊ីប៉ាស៊ី​ហ្វិក ចិននៅតែមើលកម្ពុជាជាដៃគូសំខាន់ក្នុង​ការទប់ចរន្តអាមេរិកដែលមានបំណងជ្រៀតចូលក្នុងផលប្រយោជន៍របស់ចិន ឯកម្ពុជាវិញក៏ត្រូវ​ការ​មហា​អំណាច​ដទៃទៀតដូចជាអាមេរិក រុស្ស៊ី​បារាំង ឬអង់គ្លេស ប៉ុន្តែនៅពេលដែលកម្ពុជា​មាន​បញ្ហាព្រំដែនជាមួយបណ្តាប្រទេសជិតខាង ​មហាអំណាចទាំងនោះ មិន​ដែល​ជួយ​កម្ពុជាទេ គេតែងនិយាយថា ការដោះស្រាយត្រូវធ្វើជា​លក្ខណៈទ្វេភាគី។ ដូច្នេះ កម្ពុជាត្រូវការបងធំដូច​​ដែលចិនធ្លាប់បានបង្ហាញរួចស្រាប់មកហើយ ​ទាំងស្មារតី ទាំងសម្ភារ និងគ្រឿងសព្វាវុធ ។ សកម្មភាពទាំងអស់នេះមិនត្រឹមតែបង្ហាញថា​​ចិនជាបងធំសម្រាប់កម្ពុជាទេ តែវាក៏បាន​បង្ហាញ​សមាជិកអាស៊ានអោយស្វះស្វែងរកបងធំរៀងៗខ្លួន ដែល​វា​ផ្ទុយទៅនឹងទស្សនៈរបស់អាស៊ាន គឺ ​សហគមន៍១ វាសនា១ ៕