ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាតិ​ជាង​60​ម៉ឺន​នាក់​ទៅ​​កម្សាន្ត​​នៅខេត្ត​​កំពង់​ចាម

11 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ នៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ ​ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​ទី​១៥​ មេសា តាម​តំបន់​រមណីយដ្ឋាន​​នានា​ចំនួន​១០​កន្លែង មាន​ដូច​​​ជា​ ហោង ហ្លួង​ព្រះ​ស្តេច​កន ចំការ​កៅ​ស៊ូ​ជប់ ប្រាសាទ​​ព្រះ​ធាតុ​បាស្រី ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ ភ្នំ​ហាន់​ជ័យ ភ្នំ​ប្រុស​ភ្នំស្រី នគរ​បាជ័យ ទឹក​ឆា ភ្នំ​ជើង​ព្រៃ ស្ថិត​នៅ​ត្រើយ​ខាង​កើត

ខេត្ត​កំពង់ចាម ៖ នៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ ​ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​ទី​១៥​ មេសា តាម​តំបន់​រមណីយដ្ឋាន​​នានា​ចំនួន​១០​កន្លែង មាន​ដូច​​​ជា​ ហោង ហ្លួង​ព្រះ​ស្តេច​កន ចំការ​កៅ​ស៊ូ​ជប់ ប្រាសាទ​​ព្រះ​ធាតុ​បាស្រី ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ ភ្នំ​ហាន់​ជ័យ ភ្នំ​ប្រុស​ភ្នំស្រី នគរ​បាជ័យ ទឹក​ឆា ភ្នំ​ជើង​ព្រៃ ស្ថិត​នៅ​ត្រើយ​ខាង​កើត និង​ខាង​លិច​ទន្លេ​មេគង្គ មាន​​ភ្ញៀវ​ជាតិ​ទៅ​កម្សាន្ត​​យ៉ាង​ច្រើន​កុះករ​រហូត​​ដល់​ទៅ​ជាង​៦០​ម៉ឺន​នាក់ ចំណែក​ភ្ញៀវ​​បរទេស​ចម្រុះ​​ជាតិ​សាសន៍​វិញ​មាន​ចំនួន​១.៦៩៥នាក់ ​មាន​ការ​កើន​ឡើង​ជា​ង​ឆ្នាំ​ទៅ​មិញ។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ស៊ាន សុគុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ។

​លោក​សន វុទ្ធី​ អាយុ​២៨​ឆ្នាំ រស់​នៅ​ខេត្ត​សៀម​រាប ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ប្រាប់​ឱ្យ​ដឹងថា រូប​លោក​បាន​បម្រើ​ការងារ​​នៅ​ក្រុមហ៊ុន​ទេសចរណ៍​​ឯក​ជន​មួយ​​​បាន​នាំ​ភ្ញៀវ​ជាតិ​អូស្ត្រា​លី​ប្រុស​ស្រី​ចំនួន​១៥​នាក់ ជិះ​កង់​ចេញ​ពី​សណ្ឋាគារ​មួយ​នៅ​ក្រុង​កំពង់​ចាម កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ មេសា ដើម្បី​ឆ្លង​ប្រដឹស​ទៅ​លេង​​​កោះ​ប៉ែន ដែល​មាន​ទឹក​ព័ទ្ធ​ជុំ​វិញ ។ មាន​ការ​​​​​កក​ស្ទះ​​នៅ​លើ​ប្រដឹស​ណែ​ន​ណាន់​តាន់​តាប់​មិន​អាច​ឱ្យ​រូប​លោ​ក​នាំ​ភ្ញៀវ​ឆ្លង​ទៅ​បានទេ ។ ទោះ​បី​ជា​បែប​ណា​​ក្តី​​ត្រូវ​​ឈរ​រង់​ចាំ​រហូតដល់​​ម្ចាស់​ប្រដឹស​ជួយ​សម្រួល​ឱ្យ​អ្នក​ដំណើរ​បាន​ឆ្លង​កាត់ ។ ជន​បរទេស​​ដែល​ទៅ​កម្សាន្ត​នៅ​លើ​កោះ​ប៉ែន​ក្នុង​គោ​ល​បំណង​​ឱ្យ​ដឹង​ពី​បែប​ផែន​នៃ​ការ​រស់​នៅ​​របស់​ប្រជា​ពលរដ្ឋ​ ហើយ​នៅ​ពេល​ដែល​ឃើញ​ក្មេងៗ​​ប្រើ​ពាក្យ «ហេឡូ» ពួក​គាត់​សប្បាយ​រីក​រាយ ។ ចំពោះ​​ការ​​នាំភ្ញៀវ​មក​លេ​ង​នៅ​លើ​ដែន​ដី​កោះ​ប៉ែន នេះ​ជា​លើក​ទី​១០​ហើយ​​​​ៗ​​ក្នុង​ពេល​ខាង​​មុខ​នឹង​នាំ​ភ្ញៀវ​បរទេសទៅ​​លេង​តាម​រមណីយដ្ឋាន​ទេសច​រណ៍​នាន​ា​ ក្នុង​ខេត្ត​កំពង់​ចាម​ទៀត ។

លោក​យ៉ុង អូន​ អាយុ​៥២​ឆ្នាំ ម្ចាស់​ប្រដឹស​កោះ​ប៉ែន មាន​ប្រសាសន៍​​ដឹងថា នៅ​ក្នុង​ឱកាស​​ថ្ងៃ​ប​ុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ នៅ​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៥ មេសា ២០១២ ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​បានទៅ​​ងូត​ទឹក​កម្សាន្ត​លេង​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ។​ ជាក់​ស្តែង​នៅ​រសៀល​ថ្ងៃ​បង្ហើយ​ចូល​ឆ្នាំ មាន​ការ​កក​ស្ទះ​នៅ​លើ​ស្ពាន​ឡើង​ណែន​ប្រហែល​១​ម៉ោង ។ មូល​ហេតុ​ដោយ​សារ​តែ​អ្នក​ជិះ​ម៉ូតូមិន​ព្រម​ស្តាប់​សន្តិ​សុខ ដែល​យាម​ប្រចាំ​ការ​នៅ​លើ​ប្រដឹស​នោះ ចេះ​តែ​នាំ​គ្នា​ជិះ​រុល​ចូល
​ប​ន្ត​បន្តាប់​ទើប​ស្ទះ​​​​​​​​​​​​​​​​​​​​​ ហើយ​លោក​ប្រញាប់​ជួយ​សម្រួល​​​រហូត​បាន​ធ្វើ​ចរាចរ​ទៅ​វិញ​ទៅ​មក​ជា​ធម្មតា​វិញ ។ សម្រាប់​តម្លៃ​វិញ​គឺ​យក​ទៅ​តាម​សៀវ​ភៅ​បន្ទុក​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​ដែល​បាន​កំណត់ ។

លោក​អំពាវ​នាវ​សូមឱ្យ​ប្រជា​ពលរដ្ឋ​ពី​គ្រប់ទិស​ទី​ទៅ​​កម្សាន្ត​នៅ​ឆ្នេរ​កោះ​ប៉ែន ដែល​ទើប​កែ​ច្នៃ​ឡើង​​រយៈ​ពេល​២​ឆ្នាំនេះ​ ព្រោះ​ជា​កន្លែង​ធម្មជាតិ​ពិតៗ ។ ក្នុង​១​ថ្ងៃៗមាន​មនុស្ស​ទៅ​​លេង​ឆ្នេរ​កោះ​ប៉ែន​ប្រហែល​ពី​៧.០០០​ទៅ​៨.០០០​នាក់​ ។លោ​ក​ស៊ាន សុគុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខេត្ត​កំពង់​ចាម​ មាន​កន្លែង​ទេស​ចរណ៍​ដល់​ទៅ​១០​កន្លែង ក្នុង​នោះ​ភ្ញៀវ​ជាតិ​បាន​ទៅ​កម្សាន្ត​​​នៅ​រមណីយដ្ឋាន​​ទឹក​ឆា មាន​ការ​កើន​ឡើង​៦,៥៤​ភាគរយ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​មាន​កំណើន​២១​ភាគរយ  បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១​វិញ មាន​កើន​ឡើង​២,២៨​ភាគ​រយ សម្រាប់​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​បរទេស​វិញ​មាន​​ការ​កើន​ឡើង​៥,៩៤​ភាគ​រយ ​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ បាន​បញ្ជាក់​ថា នៅ​តាម​រមណីយដ្ឋាន​ទាំង​អស់​ធានា​បាន​​សុវត្ថិភាព​ល្អ​ប្រសើរ ដោយ​មិន​មាន​បញ្ហា​​​​​​​​​​​​​​​​​​​​​​​​​​ណាមួយ​​ដែល​កើត​ឡើង​​គួរ​ឱ្យ​កត់​សម្គាល់​ទេ។ ដោយ​ឡែក​នៅ​ក្នុង​ថ្ងៃ​ទី​១៩ ឧសភា ខាង​មុខ រូប​លោក​នឹង​នាំ​យក​កូន​ឈើ​ចម្រុះ ក្នុង​នោះ​មាន​ប្រភេទ​​គ្រញូង​ផង​ដែរ​ យក​ទៅ​ដាំ​ក្នុង​រមណីយដ្ឋាន ​​​​ទឹក​ឆា ​ចំនួន​៦០០​ដើម ដើម្បី​ឱ្យ​នៅ​កន្លែង​នោះ​ថ្ងៃ​​​ក្រោយ​មាន​សោភ័ណ​ភាព​រីក​ស្រស់​បំព្រង សម្រាប់​ជា​ម្លប់​ដល់​អ្នក​ទេសចរ​ដែល​ទៅ​កម្សាន្ត​ និង​ឱ្យ​ក្មេង​ៗ​នៅ​ជំនាន់​ក្រោយបាន​ស្គាល់​ពី​ប្រភេទ​ដើម​ឈើ​ប្រណីត​ទាំង​នោះ​ផង​ដែរ ៕