ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​ប្រដាល់​បាយ័ន​បន្ថែម​ថ្ងៃ​សុក្រ​​ទៀត​ប្រកួត​អន្តរ​ជាតិ​៤​គូ​បើក​ឆាក

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្ម​វិធី​ប្រកួត​កីឡា​ប្រដាល់​របស់​ទូរ​ទស្សន៍​បាយ័ន​ដែល​ធ្លាប់​​ធ្វើ​ឡើង​ក្នុង​១​សប្តាហ៍​​២​លើក​ គឺ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​នោះ ឥឡូវ​នេះ​បន្ថែមថ្ងៃ​ស្រុក​​១​ថ្ងៃ​ទៀត​។ ជា​ការ​ស្វា​គមន៍​ចំពោះ​ទស្សនិក​ជន​សំរាប់​ថ្ងៃ​បន្ថែម​ជា​លើក​ដំបូង​ គឺ​ថ្ងៃ​សុក្រ​ ទី១ មេសា ខាង​មុខ​នេះ​អ្នក​រៀប​ចំ​កម្ម​វិធី​ប្រដាល់​ទូរ​ទស្សន័​បាយ័ន​រៀប​ចំ​ឱ្យ​មាន​ការ​ប្រកួត​ចំនួន​៦​គូ​ក្នុង​នោះ​មាន​ការ​ប្រកួត​មិត្ត​ភាព​ជាតិ​ចំនួន​២​គូ និង​មិត្ត​ភាព​អន្តរ​ជាតិ​ចំនួន​​៤​គូ​ ។ ​ការ​ប្រកួត​នេះ​នឹង​ផ្សាយ​​ផ្ទាល់​ចាប់​ពី​ម៉ោង​៣ និង​៣០​នាទីរសៀល​​​តទៅ​។

ចំពោះ​គូ​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​អន្តរ​ជាតិ​ទាំង​៤​គូ​នោះ ទី១​ កីឡា​ករ​កម្ពុជា​ឯម វិចិត្រ​ មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ​ត្រូវ​ជួប​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​ជាមួយ​កីឡា​ករ​ Leonard មក​ពី​ប្រទេស KENYA ។ ឯម វិចិត្រ​ ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៨​លើក​ ក្នុង​នោះ​ឈ្នះ​៣៧​លើក ចាញ់​៧​លើក​ និង​ស្មើ​ចំនួន​៤​លើក​ ។ ចំណែក​ Leonard មាន​ប្រវត្តិ​ប្រកួត​២០​លើក ក្នុង​នោះ​ឈ្នះ​១៥​លើក។​ គូ​អន្តរ​ជាតិ​ទី​២ កីឡា​ករ Valdet មក​ពី​ប្រទេស​អាល្លឺ​ម៉ង់​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូ​ក្រាម​ជាមួយ​កីឡា​ករ​កម្ពុជា​ កែវ​ រំចង់​ មក​ពី​ក្លឹប​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ប្រាសាទ​ព្រះ​វិហារ​។ Valdet មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​១០៣​លើក ក្នុង​នោះ​ឈ្នះ​៥៩​លើក​ ចាញ់​៤០​លើក និង​ស្មើ​៤​លើក​។ ចំណែក​កែវ​ រំចង់​ វិញ​ មាន​ប្រវត្តិ​ប្រកួត​៧៣​លើក ក្នុង​នោះ​​ឈ្នះ​៦៤​លើក​ ចាញ់​៦​លើក​ និង​ស្មើ​៣​លើក​។ គូ​នេះ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មជ្ឈ​ដ្ឋាន​អ្នក​ទស្សនា​ ព្រោះ​ថា បើ​ផ្អែក​តាម​ប្រវត្តិ​របស់​កីឡា​ករ​មក​ពី​អាល្លឺ​ម៉ង់​មាន​បទ​ពិសោធន៍​រហូត​ដល់​១០៣​លើក​ឯ​ណោះ​ ប៉ុន្តែ​ទោះ​បី​កែវ រំចង់​​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង​ក៏​ដោយ​ គឺ​នៅ​តែ​មាន​ជំនឿ​ថា ​កែវ រំចង់​ មិន​ចាញ់​បរទេស​នោះ​ទេ។

គូ​អន្តរ​ជាតិ​ទី​៣ កីឡាករ​កម្ពុជា​ឯម វុត្ថា មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទ​ម្ងន់​៦០​គីឡូ​ក្រាម​ជាមួយ​កីឡាករ​ Christian មក​ពី​ប្រទេស​អេស្ប៉ាញ​។ ឯម​ វុត្ថា មាន​ប្រវត្តិ​ប្រកួត​៧០​លើក ក្នុង​នោះ​ឈ្នះ​៤៧​លើក ចាញ់​១៨​លើក​ និង​ស្មើ ៥​លើក​។ ចំណែក​Christian មាន​ប្រវត្តិ​ប្រកួត​២៨​លើក ក្នុងនោះ​ឈ្នះ​១៨លើក​ ចាញ់​​៨​លើក​ និង​ស្មើ​២​លើក​។ គូ​អន្តរ​ជាតិ​ទី​៤​ កីឡា​ករ​ Jame Rhys មក​ពី​ប្រទេស​អង់​គ្លេស​ត្រូវ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូ​ក្រាម​​ជាមួយ​កីឡា​ករ​កម្ពុជា​ ជ័យ​ កុសល​ មក​ពី​ក្លឹប​ព្រះ​ខ័ន​រាជ្យ​។ ក្រៅ​ពី​គូ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​ទាំង​៤​គូ​នេះ​នៅ​មាន​ការ​ប្រកួត​ធម្ម​តា​​២​គូ​ទៀត​រវាង​សេង ហៀង មក​ពី​ក្លឹប​វី​អាយ​ភី​ចំការ​មន​ជាមួយ​ឈឿន ឆៃ​ដែន មក​ពី​ក្លឹ​ប​និរោធ​មាន​ជ័យ​។ កីឡា​ករ​សុខ វិរៈ​ មក​ពី​ក្លឹប​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ​​ប្រកួត​ជាមួយ​កីឡា​ករ​ម៉ាត់​ ឆ្វេង​ មក​ពី​ក្រសួង​កសិ​កម្ម​ ៕