ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លោះ​របង​ចូល​លួច​កុំព្យូ​ទ័រ​​កណ្តាល​អធ្រាត្រ​​ស្អែក​ឡើង​​ក្របួច​ជាប់

15 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ជន​សង្ស័យ​​ពី​បទ​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​ម្នាក់​ត្រូវ​​បាន​កម្លាំង​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​​​ផ្នែក​បង្ក្រាប​​​របស់​ស្នង​ការ​ដ្ឋាន​ខេត្ត​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​កាល​ពី​​ព្រលប់​ថ្ងៃ​ទី​៦ មីនា នៅ​ចំណុច​ភូមិ​ទូល​តា​ឯក ​សង្កាត់​ទូល​តា​ឯក ​ក្រុង​បាត់​ដំបង ក្រោយ​ពី​ជន​នេះ​ប្រព្រឹត្ត​​បទ​ល្មើស​​បាន​មួយ​ថ្ងៃ ។

មន្ត្រី​នគរ​បាល​​ការិយា​ល័យ​​​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​បាន​និយាយ​ថា ជន​សង្ស័យ​បាន​​ធ្វើ​សកម្ម​ភាព​ផ្លោះ​របង​ចូល​ទៅ​លួច​យក​​កុំ​ព្យូ​ទ័រ​យួរ​ដៃ (ឡិប​ថប) ​មួយ​គ្រឿង​ ពី​ក្នុង​បន្ទប់​ដេក​របស់​លោក​សួស សុភ័ក្រ អាយុ​៤៥​ឆ្នាំ កាល​ពី​វេលា​រំលង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃ​ទី​៦ មីនា ដែល​​លំនៅ​ឋាន​របស់​គាត់​ស្ថិត​ក្នុង​ភូមិ​កម្ម​ករ សង្កាត​់​ស្វាយ​ប៉ោ ​ក្រុង​បាត់​ដំបង ។ ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​នេះ​ឈ្មោះ​ខុន សំណាង ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​សំណាក់​យីហោ​១៦៨ ស្ថិត​ក្នុង​​ភូមិ​ទូល​​​តាឯក ​សង្កាត់​ទូល​តា​ឯក ។

លោក​សួស សុភ័ក្រ បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​​​ថា ជន​នេះ​បាន​ចូល​​លួច​កុំព្យូ​ទ័រ​ឡិប​ថប​​នោះ​ក្នុង​គ្រា​ដែល​រូប​លោកសម្រាក​​នៅ​ខាង​​ក្រៅ ហើយ​ទ្វារ​បន្ទប់​មិ​ន​បាន​ចាក់​​គន្លឹះ លុះ​ព្រឹក​ឡើង​លោក​បាន​​មក​ប្តឹង​សមត្ថ​កិច្ច​ក្រោយ​ពី​ដឹង​ថា បាត់​​កុំ​ព្យូ​ទ័រ​ឡិប​ថប​មួយ​គ្រឿង​​ម៉ាក TOSHHGIBE ។

ក្រោយ​ពេល​​ត្រូវ​ចាប​់ខ្លួន​ជន​សង្ស័យ​​ឈ្មោះ​​ខុន ​សំណាង បាន​​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​ចូល​​លួច​យក​កុំ​ព្យូ​ទ័រ​​​ឡិប​ថប​ពី​ក្នុង​ផ្ទះ​ជន​រងគ្រោះ​​ខាង​លើ​នោះ​​មែន ។ ​ជន​នេះ​និយាយ​ថា ​ខ្លួន​បាន​ជិះ​កង់​រើស​អេត​ចាយ​ពេល​យប់ លុះ​​ទៅ​ដល់​លំនៅ​ឋាន​​ខាង​លើ​ខ្លួន​​ក៏​ទុក​​កង់​ខាង​ក្រៅ​​រួច​​ផ្លោះ​​របង​ថ្ម​​ចូល​ទៅ​បើក​ទ្វារ​បន្ទប់​​ឃើញ​មាន​​​កុំ​ព្យូ​ទ័រ​ឡិប​​ថប​១​គ្រឿង ក៏​លួច​យក​តែ​ម្តង ។ ជន​​នេះ​បញ្ជាក់​​ថា ខ្លួន​បាន​យក​​កុំ​ព្យូ​ទ័រ​ឡិប​ថប​នេះ​ទៅ​លក់​ឱ្យ​​ម្ចាស់​ផ្ទះ​សំណាក់​យីហោ​១៦៨ ដែល​ខ្លួ​នស្នាក់​នៅ​​បាន​លុយ​១០០​ដុល្លារ ​លុះ​​ល្ងាច​ឡើង​​ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​តែ​ម្តង ។

​លោ​ក​មៀន ​ឡាយ ប្រធាន​​ការិយា​ល័យ​នគរ​បាល​​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​បាន​ថ្លែង​ថា ​ក្រោយ​ពី​យើង​​បាន​ទទួល​បណ្តឹង​របស់​ជន​រង​គ្រោះ​​ សមត្ថ​កិច្ច​យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ ទើប​​​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​សង្ស័យ​​ និង​ដក​ហូត​បាន​វត្ថុ​តាង​យក​មក​វិញ ។ លោក​បាន​ថ្លែង​​ថា ជន​សង្ស័យ​​ជា​មុខ​សញ្ញា​យ៉ាង​សកម្ម​ក្នុង​ការ​​ប្រព្រឹត្ត​បទល្មើស​​នា​ពេល​កន្លង​មក ។ សមត្ថ​កិច្ច​ជំនាញ​​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​​ខ្លួន​​ជន​នេះ​ទៅ​កាន់​តុលា​ការ​ហើយ ៕