ខេត្តកំពង់ចាម ៖ «ព្រះពុទ្ធយកធម៌ មនុស្សយកកិត្តិយស ព្រះពុទ្ធយកទៀនធូប មនុស្សយកទ្រព្យ»។ នេះជាព្រះថេរដីការបស់សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជាប្រទានឱវាទក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរៈទូទាំងប្រទេសលើកទី១៩កាលពីរសៀលថ្ងៃទី៧ មីនា ២០១១ ស្ថិតនៅវត្តនគរបាជ័យក្នុងស្រុកកំពង់សៀម។
លោកស្រី កានឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបញ្ជាក់ថា សង្ឃសន្និបាតដែលបានប្រារព្ធនាឱកាសនេះមានគោលដៅសំខាន់ពីរយ៉ាងគឺ ១-ដើម្បីផ្សព្វផ្សាយសង្ឃប្រកាសរួមនៃអនុសំវច្ឆរៈមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី១៩ ដែលបានប្រព្រឹត្តទៅកាលពី ខែមករា ២០១១ ។ ចំណុចទី២-ដើម្បីពិភាក្សាដាក់ចេញនូវវិធានការ និងទិសដៅជាក់ស្តែងមួយចំនួនសំដៅអនុវត្តឱ្យមានប្រសិទ្ធភាពសង្ឃប្រកាសរួមអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃលើកទី១៨ ពង្រឹងរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងរបស់មន្ត្រីសង្ឃខេត្ត លើកស្ទួយការប្រតិបត្តិធម៌វិន័យរបស់ព្រះពុទ្ធសាសនា និងបណ្តាទិសផ្សេងទៀតសំរាប់អនុវត្តឆ្នាំ២០១១ និងឆ្នាំបន្ត។
នៅខេត្តកំពង់ចាមមានវត្តសរុបចំនួន៥៨១វត្ត ព្រះសង្ឃសរុបចំនួន៦.៨២៤អង្គ ចែកចេញជាពីរគណៈគឺ ១-គណៈមហានិកាយចំនួន៥៦វត្ត មានព្រះសង្ឃសរុប៦.៥៥៦អង្គ ក្នុងនោះសាមណេរចំនួន៤.៣២៦អង្គ, ២-គណៈធម្មយុត្តិកនិកាយចំនួន១៦វត្ត មានព្រះសង្ឃសរុបចំនួន២០៥អង្គ ក្នុងនោះសាមណេរចំនួន១៣២អង្គ។ ខាងអ៊ិស្លាមមានព្រះវិហារ១១៩ ស៊ូរ៉ាវ២១៨ មានប្រជាជនអ៊ិស្លាមចំនួន១៤២.១៣១នាក់ រស់នៅក្នុងភូមិចំនួន១៤៩ភូមិ ក្នុងស្រុក-ក្រុងទាំង១៧។ ខាងគ្រឹស្តសាសនា មានព្រះវិហារស្នាក់ការចំនួន៨១ ចែកជាប្រូតេស្តង់ចំនួន៧៣ កាតូលិកចំនួន៤ សាលារៀនសាសនាចំនួន១៦ និងមានសាសនិកចំនួន២.៨៥៣នាក់។
សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជាមានថេរដីកាថា ត្រូវតែគោរពមេគណខេត្ត ព្រះវិន័យធម៌ នៅពេលដែលមានកិច្ចការណាមួយនោះត្រូវតែនិមន្តទៅទំនាក់ទំនងជាមួយមន្ទីរធម្មការ និងសាសនាខេត្តឱ្យបានល្អប្រសើរ។ វត្តណាដែលរឹងមាំវត្តនោះមានសេចក្តីសុខ និងមានអ្នកតូច អ្នកធំចូលមកកុះករដែលនឹងនាំមកនូវការរីកចំរើនដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ។ សម្តេចព្រះវនរ័ត ណយ ច្រឹក មានថេរដីកាបញ្ជាក់ថា នៅពេលណាដែលកើតមានបញ្ហាទំនាស់ណាមួយបន្តិចបន្តួចនៅក្នុងវត្តអារាមត្រូវតែចេះដោះស្រាយចៀសវាងកុំឱ្យបញ្ហាលំបាកនោះទៅដល់ថ្នាក់លើ។ ពេលដែលត្រូវកសាងអ្វីមួយនៅក្នុងវត្តត្រូវតែហៅព្រះសង្ឃ៤ទៅ៥អង្គមកឱ្យជួយដឹងឮ ព្រមទាំងមានលោកតាអាចារ្យផងដែរទើបមិនមានបញ្ហា ៕
ចែករំលែកព័តមាននេះ