លោកសាស្ត្រាចារ្យ ង៉ាន់ ច័ន្ទថា នាយករងនៃមជ្ឈមណ្ឌជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងជានាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានប្រាប់កោះសន្តិភាពឱ្យដឹងថា ជំងឺឈីគុណហ្គុនយ៉ា(CHIKUNGUNYA) នេះ គឺជាជំងឺមួយប្រភេទដែលឆ្លងតាមរយៈការខាំរបស់មូសខ្លាញី ដូចជំងឺគ្រុនឈាមដែរ ហើយវា តែងតែធ្វើសកម្មភាពនៅពេលថ្ងៃ ។ ដូចនេះមូសខ្លាគឺជាភ្នាក់ងារចម្លងបន្ទាប់ពីវាខាំមនុស្សបានរយៈ១០ទៅ១៥ថ្ងៃ ។
ជំងឺនេះ មិនមែនជំងឺថ្មីនោះទេ វាជាជំងឺមួយដែលកើតមានជាយូរណាស់មកហើយ ដែលនៅក្នុងប្រទេសកម្ពុជាយើងបានរកឃើញតាំងពីឆ្នាំ១៩៦៤មកម៉្លេះ ប៉ុន្តែកាលពីមុនវាមិនមានទ្រង់ទ្រាយធំនោះទេ គឺទើបតែពេលនេះ វាបានផ្ទុះឡើងសារជាថ្មីម្តងទៀតនៅខេត្តព្រះវិហារ នៅដើមឆ្នាំ២០១២នេះ ហើយនៅខេត្តកំពង់ស្ពឺ
ថ្មីៗនេះ នៅក្នុងស្រុកគងពិសីតែម្តង ។
ចំពោះរោគសញ្ញានៃជំងឺឈីគុណហ្គុនយ៉ានេះ គឺវាមិនមានអ្វីធ្ងន់ធ្ងរដូចជាជំងឺគ្រុនឈាមនោះទេ គ្រាន់តែមានអាការក្តៅខ្លួនខ្លាំង មុខឡើងក្រហម ហើយនៅលើខ្លួនមាន ឡើងកន្ទួលដូចជាជំងឺស្អូច ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺអ្នកជំងឺអាចមានសភាពឈឺចាប់នៅតាមសន្លាក់ដៃជើង ជាពិសេសមនុស្សពេញវ័យ ឬមនុស្សដែលមានវ័យចំណាស់ដែលអាចមានអាការឈឺយូរអាចមានរយៈពេលពី២ទៅ៣ខែ ហើយអ្នកខ្លះអាចដល់ទៅរាប់ឆ្នាំផងដែរ ។ ប៉ុន្តែជំងឺនេះ គឺមិនបណ្តាលឱ្យមនុស្សស្លាប់ទេ វាកើតទៅលើមនុស្សណាដែលមានប្រព័ន្ធការពារខ្សោយ ឬក៏សុខភាពទ្រុឌទ្រោមដូចជាមានផ្ទុកជំងឺរបេង ជំងឺអេដស៍ ជំងឺទឹកនោមផ្អែម ឬអ្នកដែលទទួលទានស្រាហួសកម្រិត វាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ ។
ជំងឺនេះយើងមិនអាចកំណត់ថាកើតនៅលើមនុស្សប្រភេទណា ឬវ័យណាបាននោះទេ វាអាចកើតមានទៅលើមនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទូទាំងពិភព លោកយើងនេះ ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ជំងឺនេះអាចព្យាបាលជាសះស្បើយ តែបើអ្នកជំងឺធ្លាប់កើតមានជំងឺនេះម្តងរួចហើយ វាមិនអាចកើតជាលើកទី២បាននោះទេ ។ សូមបញ្ជាក់ផងដែរថា ជំងឺនេះគឺមិនមានថ្នាំសម្រាប់ព្យាបាលទេ ប៉ុន្តែយើងអាចព្យាបាលទៅតាមរោគសញ្ញារបស់ជំងឺ ហើយការប្រើប្រាស់ថ្នាំគឺត្រូវមានកម្រិតមិនអាចប្រើប្រាស់លើសកម្រិតបាននោះទេ អាចបណ្តាលឱ្យអ្នកជំងឺបាត់បង់ជីវិតបាន ពោលគឺរាល់ការទទួលទានថ្នាំត្រូវមានការ ណែនាំពីគ្រូពេទ្យឯកទេស ។
យើងដឹងហើយថា ជំងឺនេះវាកើតឡើងដោយសារតែមូសខ្លាញីខាំ ដូចនេះយើងត្រូវតែមានវិធានការការពារ គឺត្រូវមានអនាម័យ ជានិច្ច ដូចជាលាងសម្អាតពាងទឹកឱ្យស្អាត ត្រូវដាក់ត្រីក្រឹមឱ្យស៊ីដង្កូវទឹក ឬក៏ដាក់ថ្នាំអាបែត ។ លោកអ្នកមិនត្រូវធ្វេសប្រហែសនៅក្នុងការស្លៀកពាក់នោះទេ គឺត្រូវតែស្លៀកពាក់ឱ្យជិតៗ ជាពិសេសគឺកុមារតែម្តង ព្រោះកុមារងាយរង គ្រោះបំផុត ។ ចំពោះផ្ទះត្រូវតែបើកទ្វារបង្អួចឱ្យបានធំៗ ដើម្បីឱ្យមានពន្លឺថ្ងៃចេញចូល ហើយបើសិនជាមានសមាជិកណាម្នាក់កើតមានជំងឺនេះ លោកអ្នកត្រូវតែឱ្យអ្នកជំងឺនៅឱ្យឆ្ងាយពីគេ និងចងមុងឱ្យសម្រាកជាប្រចាំ ដើម្បីការពារកុំឱ្យមូសខ្លាខាំចម្លងទៅអ្នកដទៃ នេះគឺជាវិធីការពារមួយដ៏ល្អបំផុតសម្រាប់លោកអ្នក ។
លោកវេជ្ជបណ្ឌិតក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយើងផងដែរថា ពេលនេះយើងឈានដល់រដូវវស្សាហើយ សព្វថ្ងៃនេះគួបផ្សុំទៅនឹងការបម្រែបម្រួលអាកាសធាតុ ដែល វាអាចនឹងផ្ទុះជាថ្មីនៃជំងឺគ្រុនឈាមរួមទាំងជំងឺនេះច្រើនជាងឆ្នាំមុនៗ ដូចនេះយើងត្រូវសម្អាតបរិស្ថានដែលនៅជុំវិញផ្ទះរួមទាំងក្នុងផ្ទះផងដែរ ។ គ្រួសារមានសុភមង្គលដរាបណាសមាជិកគ្រួសារ មានសុខ ភាពល្អ ទាំងផ្លូវកាយនិងផ្លូវចិត្ត ៕
ចែករំលែកព័តមាននេះ