រាជធានីភ្នំពេញ ៖ នារីម្នាក់រត់ចុះពីលើម៉ូតូឌុបមានស្ពាយកាបូបដើរសំដៅចូលទៅក្នុងប៉ុស្ដិ៍នគរបាលសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ប្រាប់ថា នាងជាអ្នកចម្រៀងសុំប្ដឹងពីសន្ដិសុខនៅក្លឹបកម្សាន្តមួយដែលបានចាប់ទាញនាងចេញពីក្នុងក្លឹបថា នាងស្រវឹងបង្កភាពរញ៉េរញ៉ៃក្នុងក្លឹបកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី៦ មេសា ។
បើតាមសម្ដីរបស់នារីដែលជិះម៉ូតូឌុបដើរប្ដឹងស្ទើរតែពេញក្រុងភ្នំពេញនោះប្រាប់ថា នាងមានឈ្មោះឃឹម លីដា ភេទស្រី អាយុ២៣ឆ្នាំ ជាអ្នកចម្រៀងទើបប្រឡងជាប់ហើយកាលពីមុនជាកម្មការិនីរោងចក្រ ស្នាក់នៅមិនពិតប្រាកដ។ ប្រភពបន្តឱ្យដឹងថា នាងជិះម៉ូតូឌុបទៅប្ដឹងប៉ូលិសប៉ុស្ដិ៍ជាច្រើនកន្លែងហើយ តែសមត្ថកិច្ចមិនព្រមទទួលពាក្យបណ្ដឹង ទើបនាងទៅប្ដឹងប៉ុស្ដិ៍នគរបាលសង្កាត់ផ្សារដើមគនេះ ក្នុងគោលបំណងប្ដឹងសន្ដិសុខនៅក្លឹបកម្សាន្តមួយដែលបានចាប់ទាញនាងចេញពីក្នុងក្លឹបពេលដែលនាងទៅផឹកស៊ីនៅក្នុងក្លឹបនោះ ដោយចោទថានាងស្រវឹងបង្កភាពរញ៉េរញ៉ៃនៅក្នុងក្លឹបការពិតនាងមិនបានស្រវឹងអីទេ ។
សមត្ថកិច្ចមិនទាន់បានទទួលពាក្យបណ្ដឹងនៅឡើយ ត្រូវអ្នករត់ម៉ូតូឌុបដែលជាអ្នកដឹកនារីដើរប្ដឹងប៉ូលិសនោះបានសុំប្រាក់ថ្លៃម៉ូតូឌុប ស្រាប់តែនារីនោះសួរថា យកប៉ុន្មាន ហើយនាងថា ២.០០០រៀលបានទេ អ្នករត់ម៉ូតូឌុបថា មិនបានទេ ព្រោះគាត់ឌុបទៅច្រើនកន្លែងណាស់ ។ លុះពេលនិយាយចុះឡើងនាងប្រាប់ថាអត់មានលុយទេ សូម្បីតែ២.០០០រៀលក៏គ្មានដែរ។ ពេលនោះសមត្ថកិច្ចបានជួយអន្ដរាគមន៍ឱ្យអ្នករត់ម៉ូតូឌុបនោះត្រឡប់ទៅវិញដោយមិនបានប្រាក់ទេ ហើយនារីនោះក៏ដើរចេញត្រឡប់ទៅវិញដែរ ប៉ុន្ដែដោយសារតែអ្នករត់ម៉ូតូឌុបមិនអស់ចិត្ដខំប្រឹងឌុប ពេញមួយយប់ហើយមិនបានលុយមួយសេនសោះក៏ជិះម៉ូតូតាមទារលុយនារីនោះ តែត្រូវនារីនោះយកកាបូបវាយចង់ទ្រោមខ្លួន ហើយស្រែកឡូឡាធ្វើឱ្យផ្អើលគេឯងថែមទៀត។ ភ្លាមៗអ្នករត់ម៉ូតូឌុបក៏បើកម៉ូតូចេញទៅបាត់ដោយមិនបានលុយមួយសេនទេ បានត្រឹមតែខ្មាស់គេ៕
ចែករំលែកព័តមាននេះ