ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​ស្តាយ​ស្រណោះ​​កូន​​ស្រី​ពិការ​អាយុ​៦០ឆ្នាំ​លាចាក​លោក

15 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​អស់​លោក​​​អ្នក​អាន​ទាំង​ឡាយ​​ពិត​ជា​បាន​ជ្រាប​​ព័ត៌​​មាន​ពាក់​ព័ន្ធ​​នឹង​​ជីវ​ប្រវត្តិ​​លោក​យាយ​ម៉ា​ ក្រឹម ​អាយុ៩០​ឆ្នាំ ចិញ្ចឹម​កូន​ស្រី​​ពិការ​​​អាយុ​៦០​ឆ្នាំ នៅភូមិ​ច្រេស ឃុំ​បឹង​សាលា ខាង​ត្បូង ស្រុក​កំពង់​ត្រាច ​ដែល​នៅ​ក្នុង​ឆ្នាំ​២០០៩ ​ធ្វើ​ឱ្យ​សប្បុរស​ជន​ចាប់​អារម្មណ៍​ពី​​ជីវិត​ពីរ​នាក់​ម្តាយ​​ និង​កូននេះ​​​​ និង​បាន​ធ្វើ​ការ​បរិច្ចាគ អំណោយ​​ទាន​ជា​បន្ត​បន្ទាប់​​ទាំង​នៅ​ក្នុង​ស្រុក និង​​ពីក្រៅស្រុក ​​ជា​ពិសេស​​សម្តេច​តេជោ ហ៊ុន សែន ​និងលោក​ជំទាវ​​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ​ក៏​ធ្លាប់ចាត់ឱ្យ​ជំនួយ​ការ​របស់​លោកនាំ​យក​​​អំណោយ​​ផ្តល់​​ជូនលោក​យាយ​​​២​នាក់ម្តាយ​​កូននេះ​​ដែរ ។

អ្វី​ដែល​ជា​ការ​សោកស្តាយ​យ៉ាង​សង្វេគ​នា​ពេលនេះ គឺ​លោក​យាយ​សុំ​​ ផាន ​​​ជា​កូន​ដែល ពីការ​ និង​មាន​អាយុ​៦០​ឆ្នាំ ​បាន​លា​ចាក​លោក​នេះ​ទៅ​ហើយ ​​កាលពីវេលាម៉ោង​៨​ព្រឹក​ថ្ងៃទី២៨ កុម្ភៈ កន្លង​មក ។ តាម​ការ​រៀប​រាប់​របស់​លោក​យាយ​​ម៉ា​ ក្រឹម  ​​ជាម្តាយ​​​ឱ្យ​ដឹង​ថា នៅ​រសៀល​​ថ្ងៃទី២៧ កុម្ភៈ ​កូន​ស្រី​របស់គាត់​ឈ្មោះ​សុំ ផាន បាន​និយាយ​​​ព្រលយ​ពាក្យ​ប្រាប់​គាត់ថា «ម៉ែ!​ បើ​ខ្ញុំ​ស្លាប់​ទៅ តើ​មានគេ​ផ្តល់អំណោយ​ឱ្យ​ម៉ែ​ទៀត​​ទេ?» កូន​ស្រី​ពិការ​របស់គាត់​ដេកនិយាយ​រៀប​រាប់ពីការ​ទទួល​អំណោយ​​ពីសប្បុរស​ជន​​គ្រប់​ទិស​ទី ។ ការ​ផ្តែផ្តាំ​បែប​នេះ​ធ្វើ​ឱ្យរូប​គាត់​​ម្តាយ​​ និងបង​ប្រុស​ជា​គ្រូ​អាចារ្យ​​មាន​ការ​ចាប់​អារម្មណ៍​ ហើយ​ប្លែក​ក្នុង​ចិត្ត ស្រាប់​តែ​នៅព្រឹក​​ថ្ងៃទី២៨ កុម្ភៈ ​លោក​យាយ​សុំ ផាន ​បាន​ទារ​ម្តាយ​រក​ទឹក​ហូប​ លុះពេល​ឱ្យ​ហូប​ទឹក​​ហើយ​បានប្រមាណកន្លះ​ម៉ោង​​ ស្រាប់​​តែស្លាប់​យ៉ាង​ស្ងៀម​ស្ងាត់ ។

​លោក​តា​សុំ ផុត ​ត្រូវ​ជា​បង​ប្រុស​របស់​​​លោក​យាយ​សុំ ផាន ​បាន​និយាយថា ​ម្តាយ​ជរា​របស់​គាត់​ ក៏ដ​ូច​ជា​​ប្អូន​ស្រីពិការ​របស់​គាត់​ដែល​ស្លាប់​ទៅ បិទភ្នែក​ជិត​ហើយ ​ព្រោះ​ម្តាយ​​​ និង​ប្អូន​ស្រី​​គាត់មានភ័ព្វ​សំណាង​ណាស់​បានទទួល​អំណោយ​ពីសម្តេច​​តេជោ ហ៊ុន សែន ​និង​លោក​ជំទាវ​រួម​ទាំង​សប្បុរស​ជន​នានា​ ។ លោកតា​សុំ ផុន ​មាន​ប្រសាសន៍​ថា អំណោយ​ដែល​គាត់បើក​ពីកាក​បាទ​ក្រហម​​ស្រុក​កំពង់​ត្រាច​បានចំនួន​១០ដងមក​ហើយ ​ដោយ​ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន​ សែន ​​បាន​ពាំ​នាំ​នូវ​ពាក្យ​ពេចន៍​របស់សម្តេច​ថា នឹង​ជួយ​ចិញ្ចឹម​ប្អូន​ស្រី​គាត់​ជា​ជន​ពិការ​អស់​មួយ​ជីវិត​ ហើយ​ពេល​នេះ​ប្អូន​ស្រី​គាត់បាន​ស្លាប់​ទៅហើយ ៕