ខេត្តរតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានរុករកស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើដឹកនាំដោយលោកសុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុក ប្រទះឃើញគំនរឈើប្រណីតប្រភេទធ្នង់ដែលគរទុកក្នុងព្រៃជាច្រើនគំនរ កាលពីថ្ងៃទី២០ មីនា ស្ថិតក្នុងភូមិ សាស្ត្រភូមិផ្តល ឃុំសេសាន ស្រុកអូរយ៉ាដាវ ។
លោកសុខ មីន បានឱ្យដឹងថា នេះជាគំនរឈើសេសសល់ដែលឈ្មួញខិលខូចលួចកាប់និងលាក់ទុកជាយូរមកហើយនិងមួយចំនួនទើបកាប់់ថ្មី ទំនងជាបម្រុងដឹកជញ្ជូនចេញពីព្រៃ តែដោយសារលោកបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងបំផុតដល់មន្ត្រីក្រោមឱវាទឱ្យធ្វើការស្រាវជ្រាវរុករកបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់លោកគ្រប់គ្រង ទើបជួបប្រទះគំនរឈើធ្នង់គរទុកនេះ ។
លោកបានបន្តទៀតថា គំនរឈើដែលកម្លាំងរបស់លោកបង្ក្រាបបាននោះគឺប្រភេទធ្នង់ឡាំង ២តឹក៤ជ្រុង ប្រវែង២ម៉ែត្រកន្លះ ហើយមានចំនួន៩៤ដុំ។ ក្រោយពីកម្លាំងរបស់លោករុករកឃើញ លោកក៏បានទាក់ទងជាមួយនឹងរដ្ឋបាលព្រៃឈើដើម្បីប្រគល់ជូនជំនាញចាត់ការតាមច្បាប់ព្រៃឈើ និងស្រាវជ្រាវរកម្ចាស់ឈើកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
លោកសុខ មីន បានបញ្ជាក់ថា គំនរឈើដែលរុករកនិងបង្ក្រាបបាននោះពុំទាន់ធ្វើការដឹកជញ្ជូនបាននៅឡើយទេ ព្រោះទីតាំងគំនរឈើស្ថិតនៅត្រើយម្ខាងនៃទន្លេសេសានក្នុងព្រៃជ្រៅ ឯទឹកទន្លេរាក់ពេកនិងមានដុំថ្មច្រើនមិនអាចចម្លងទូកបាន ។ ម្យ៉ាងទៀត ស្ថានភាពផ្លូវឡើងចុះតំបន់ភ្នំមានជង្ហុកជ្រៅៗ ពិបាកក្នុងការដឹកជញ្ជូនខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែខិតខំរកមធ្យោបាយដឹកជញ្ជូនឈើនោះយកមករក្សាទុកដើម្បីប្រគល់ឱ្យជំនាញចាត់ការតាមផ្លូវច្បាប់ ។ ជាមួយនេះ លោកក៏ដាក់វិធានការដល់មន្ត្រីរបស់លោកឱ្យខិតខំបន្តការបង្ក្រាបបន្ថែមទៀត នូវរាល់បទល្មើសផ្សេងៗក្នុងតំបន់ដែលលោកគ្រប់គ្រងមិនឱ្យកើតមានឡើយ៕



ចែករំលែកព័តមាននេះ