ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លាប់​គូបដិបក្ស​ពេលផឹកស៊ី​រត់គេច​បាន​៣ឆ្នាំ​វិលមកវិញ​ជាប់អន្ទាក់

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ​បុរស​ម្នាក់​ឈ្មោះ​ទឹម សាង ​អាយុ​៤៤ឆ្នាំ​ រស់​នៅ​ភូមិ​ជ្រៃ​បិទ​មាស ​សង្កាត់​សួង ​ក្រុងសួង ​បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច ​ចាប់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី ​ព្រឹក​​ថ្ងៃ​ទី​២៨ ​មីនា ​តាម​ដីកា​របស់​​សាលា​​ដំបូង​​ខេត្ត​ដោយ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដែល​​បាន​​យក​ដែក​ស្បែង​ទៅ​វាយ​សំពង​បុរស​ម្នាក់​​ឈ្មោះ​ផេន តេង ​អាយុ​៤៤​ឆ្នាំ​ដូច​គ្នា ​និង​រស់​នៅ​​ភូមិ-​សង្កាត់​ជា​មួយ​គ្នា ​កាល​ពី​អំឡុង​ឆ្នាំ​២០០៩ ​កន្លង​មក ។

តាមលោកវរសេនីយ៍ត្រីលាង អេង អធិ​ការនគរបាលក្រុងសួង បានឱ្យ​ដឹង​ថា ដោយ​ទទួល​បានព័ត៌មានពីក្រុមសាច់​ញាតិ​របស់​អ្នក​រងគ្រោះថា «ឃើញបុរសឈ្មោះសាង លួចចូល​មកសំងំ​នៅក្នុង​ផ្ទះរបស់ខ្លួន» ភ្លាមនោះរូប​លោក​បានចាត់​កម្លាំងក្រោមឱវាទឱ្យចុះទៅជាបន្ទាន់ ព្រោះមាន​​ដីកាកំពុងស្វែងរកចាប់ខ្លួនស្រាប់​ ។ កម្លាំងអធិការដ្ឋាននគរបាលក្រុងសួងបានសហ​ការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលសង្កាត់សួងចុះ​ទៅ​​​ឃាត់​បុរស​នេះ​ដល់​លំនៅ​ឋាន​នាវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃ​ទី២៨​មីនា រួចបញ្ជូនមក​កាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ​ ។

គួររំលឹកថា កាលពីវេលាម៉ោង១២ថ្ងៃ​ត្រង់ថ្ងៃទី១២ មេសា ២០០៩ នៅផ្ទះ​របស់​ឈ្មោះទឹម សាង បានជួបជុំគ្នាផឹកស៊ីដោយមាន​គ្នា​​ចំនួន​៤នាក់ អស់ស្រាជាច្រើនលីត្រ ។ បន្ទាប់​ពី​សុរាចូលខ្លួនហើយនោះ បុរសរងគ្រោះឈ្មោះ​តេង បាននិយាយដៀមដាមឱ្យគ្នាទៅ​វិញទៅមកជាមួយនឹងបុរសឈ្មោះសាង ក៏កើត​ជាហិង្សាឡើងដោយបុរស​ឈ្មោះសាង បានយក​ដែកស្បែងក្រចកជ្រូក​មក​វាយ​សំពងបុរស​ឈ្មោះ​ផេន តេង ត្រូវពោះ និងឆ្អឹង​ជំនីរ​ខាងស្តាំ ហើយ​ភ្លាមៗនោះក្រុមអ្នកផឹកស៊ីជាមួយ​នាំគ្នាឃាត់​មិន​ឱ្យបង្កជម្លោះតទៅទៀត ។ បុរសរង​គ្រោះដែល​មានជីវភាពខ្វះខាតផងមិន​បានទៅពេទ្យទេ ព្រោះនឹកស្មានតែមិនអី លុះ នៅ​វេលាម៉ោង​៩​យប់​ថ្ងៃទី១៣ មេសា ស្រាប់​​តែ​ស្លាប់ ឯបុរស​ឈ្មោះសាងបាន​រត់​​គេច​ខ្លួន​បាត់​ស្រមោល​មិន​ដឹងជាទៅទីណា​ឡើយ ។

លោកស៊ុន ណាត មន្ត្រីនគរបាលក្រុងសួង​បាន​បញ្ជាក់ថា ពិរុទ្ធជនរូបនេះបាន​ព្យា​យាម​រត់​គេចខ្លួនទៅរស់នៅស្រុកស្នួល ខេត្ត​ក្រចេះដោយ​ស៊ីឈ្នួលដាំកៅស៊ូឱ្យគេ​លុះ​នៅពេល​ធ្លាក់ខ្លួន​ឈឺមិនមានអ្នកណាមើល​ថែទាំបានរត់មកផ្ទះវិញ ​ទើបបានរយៈពេលប្រហែល​​១០ថ្ងៃប៉ុណ្ណោះ ​។ ពេល​មក​នៅផ្ទះនេះ ដោយក្រុមសាច់ញាតិអ្នក​រង​គ្រោះឃើញក៏ប្តឹងមកសមត្ថកិច្ច ទើប​មានការ​ចាប់​ខ្លួនដោយយោងទៅតាមដីកា​ដែល​មាន​ស្រាប់ ហើយ​បញ្ជូនមកស្នងការដ្ឋាននគរ​បាល​ខេត្តដើម្បីចាត់ការបន្ត ៕