ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​​ដំបូង​​​រាជធានី​​គ្រោង​​​បើក​​សវនា​ការ​​​កាត់​​ទោស​​​សម រង្ស៊ី​ ​នៅ​​ថ្ងៃ​ទី​៥ ​មេសា

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ យោង​តាម​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ចុះ​ហត្ថលេខា​ ដោយ​លោក​ឯក ឆេងហួត ​ព្រះរាជអាជ្ញារង​ចុះ​​ថ្ងៃ​​​ទី​២៣​ មីនា ​២០១១ ​ហើយ​កោះសន្តិភាព​ បាន​​ទទួល​ឱ្យ​ដឹង​ថា​ តុលា​ការ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ចេញ​ដីកា​កោះ ​លោក​សម រង្ស៊ី ​ឱ្យ​​ចូល​​ខ្លួន​ទៅ​ក្នុង​អង្គ​សវនាការ​នៅ​ថ្ងៃ​ទី៥ ​មេសា​ ​ឆ្នាំ​​២០១១ ​វេលា​ម៉ោង​២​និង​៣០នាទី​រសៀល​ ក្នុង​​សំណុំ​រឿង​បរិហារកេរ្តិ៍ ​និង​ផ្សាយ​​ព័ត៌មាន​មិន​​ពិត​ដែលប្តឹងដោយលោកហោ ណាំហុង។

នៅក្នុងដីកាកោះបាន​សរសេរថា ក្រោយពី​បានពិនិត្យសំណុំរឿងព្រហ្មទណ្ឌលេខ៦៩៣ ចុះថ្ងៃ​ទី២២ ខែមេសា ២០០៨ ដែលមានឈ្មោះ​សម រង្ស៊ី ភេទប្រុស អាយុ៦០ឆ្នាំ សញ្ជាតិខែ្មរ​ជាប់​ចោទពីបទ «បរិហារ​កេរ្តិ៍និងផ្សាយព័ត​មានមិន​ពិតប្រព្រឹត្តនៅសារមន្ទីរជើង​ឯក សង្កាត់ ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី​១៧​​មេសា ២០០៨ ដែលត្រវផ្តន្ទាទោសតាម​​មាត្រា​៦៣ថ្មីនៃច្បាប់ ស្តីពីវិសោធន​កម្ម​មាត្រា​​៦៣ច្បាប់ព្រហ្មទណ្ឌអន្តរកាលនិងមាត្រា៦២នៃ​ច្បាប់ព្រហ្ម​ទណ្ឌអន្តរកាល ។ ដូច្នេះបង្គាប់ឱ្យ​ឈ្មោះសម រង្ស៊ី ភេទប្រុស អាយុ៦០ឆ្នាំ សញ្ជាតិ​​​ខែ្មរ​ ទីលំនៅ​ស្នាក់ការលេខ៧១ វិថី​សុធារស​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ​ធានីភ្នំពេញ ឱ្យចូលមកកាន់សាលាដំបូងរាជ​ធានីភ្នំពេញនៅថ្ងៃទី៥ មេសា ឆ្នាំ២០១១ វេលា​ម៉ោង២និង៣០នាទីរសៀលជាកំណត់ដើម្បី​សវនាការ។ សមាសភាពចូលរួមសវនាការរួម​មាន​លោកសេង នាង ចៅក្រមជំនុំជម្រះ លោក ឯក ឆេងហួត ជាតំណាងអយ្យការ និងលោក ​តិច ប៉ូ ជាក្រឡាបញ្ជីសវនាការ។

ប្រភពពីសាលាដំបូងរាជធានីភ្នំពេញបានបន្តថា តុលាការបានជូនដំណឹងនេះទៅដល់មេធាវី​ជនជាប់ចោទគឺលោក ជួង ជូងឺ និងមេធាវីដើម​ចោទ គឺលោកការ សាវុត្ថ​ រួចរាល់អស់ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដើម្បីចូលរួមសវនាការតាម​ការ​កំណត់ ។ គេនៅចាំបានថា លោកសម រង្ស៊ី ត្រូវបាន​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិ​ការ​​អន្តរជាតិ​ប្តឹងបន្ទាប់ពីលោកបាន​ថ្លែង​ចោទ​លោកហោ ណាំហុង ពាក់ពន្ធ័នឹង​តួនាទី​របស់​លោកក្នុងសម័យខ្មែរក្រហម។ លោក​សម រង្ស៊ី ក៏បានចាញ់ក្តី លោកហោ ណាំ​ហុង​ ក្នុងរឿង​ដដែល​នេះនៅឯតុលាការប្រទេស​បារាំង​ដែរ​កាលពីពេលថ្មីៗ​កន្លងទៅ​​បន្ទាប់ពីលោកបាន​សរសេរ​សៀវភៅចោទ​លោក ហោ ណាំហុង​​ ថា​ពាក់​ព័ន្ធនឹងរបបខ្មែរក្រហម ៕