ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​អាមេរិក​​ព្យា​បាល​​សុខ​​ភាព​មាត់​ធ្មេញ​​ដល់​កម្ម​ការិនី​២០០​នាក់ ​នៅរោង​ចក្រ​អ៊ីន​ធើរណេស្សូ​ណលហ្វេ​ស៊ិនរ៉ូ​យ៉ាល់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មការិនី​ធ្វើការ​នៅ​រោង​ចក្រ​អ៊ីន​ធើរណេស្សូណល ហេ្វស៊ិនរ៉ូយ៉ាល់ (International Fashion Royal Co.Ltd) ដែល​​មាន​​ទីតាំង ស្ថិត​នៅ​​សួន​កាណាឌីយ៉ា អគារ​លេខ​៣៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ បាន​ទទួលការ​ព្យា​បាល​សុខ​ភាព​មាត់​ធ្មេញ​ពីក្រុមគ្រូពេទ្យ មក​ពី​ស​ហ​រដ្ឋ​អាមេ​រិក ។

រាជធានីភ្នំពេញ ៖ កម្មការិនី​ធ្វើការ​នៅ​រោង​ចក្រ​អ៊ីន​ធើរណេស្សូណល ហេ្វស៊ិនរ៉ូយ៉ាល់ (International Fashion Royal Co.Ltd) ដែល​​មាន​​ទីតាំង ស្ថិត​នៅ​​សួន​កាណាឌីយ៉ា អគារ​លេខ​៣៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ បាន​ទទួលការ​ព្យា​បាល​សុខ​ភាព​មាត់​ធ្មេញ​ពីក្រុមគ្រូពេទ្យ មក​ពី​ស​ហ​រដ្ឋ​អាមេ​រិក ។

លោក​ជេម មីន (James Min) នាយក​​ក្រុម​ហ៊ុន​ណេស្សូណល ហ្វេស៊ិនរ៉ូ​យ៉ាល់ បាន​និយាយ ថា ដោយ​មើល​ឃើញ​​ពីទុក្ខ​លំបាក​​របស់​​បង​​ប្អូន​កម្មករ កម្ម​ការិនី​ដែល​​មាន​​បញ្ហា​ផ្នែក​​សុខ​​ភាព​មាត់​ធ្មេញ ទើប​រោង​ចក្រ​ធ្វើការ​​ទំនាក់​ទំនង​ជា​មួយ​ការិយា​ល័យ​ធំនៅ​​សហ​រដ្ឋអាមេ​រិក ដើម្បី​សុំគ្រូ​ពេទ្យ​មក​ព្យា​បាល ដោយ​ឥត​​គិត​ថ្លៃ​ជូន​ពួក​គេ។ លោក​បន្ត​ថា ការ​ព្យា​បាល​​សុខ​ភាព​​មាត់​ធ្មេញ​​ដល់​កម្ម​ការិនី គឺ​ដោយ​​សារ​​តែ​មាន​ការ​​សហ​​ការ​ជា​មួយ​គ្លីនិក​​ធ្មេញ​អាមេ​រិ​កាំង​នៅ​ទួល​គោក ។
ការ​ព្យាបាល​នេះ​មាន​រយៈ​ពេល​៣ថ្ងៃ គឺចាប់​ពីថ្ងៃទី​​២៣ រហូត​ដល់​ថ្ងៃទី​​២៥ ខែមីនា ឆ្នាំ ២០១២។ លោក​បាន​បញ្ជាក់​ថា នេះជា​លើក​ទី​១ ហើយ​ដែល​រោង​​ចក្រ​មានសកម្ម​ភាព​បែប​នេះ ហើយ​ការ​ជួយ​ព្យា​បាល​សុខ​ភាព​មាត់​ធ្មេញដល់​កម្មការិនីក្នុង​គោល​បំណង​ដើម្បីឲ្យ​កម្មការិនី​ទាំង​នេះមាន​សុខ​ភាព​មាត់ធ្មេញ​ល្អ និង​ដើម្បី​ឲ្យ​ការ​ងារ​នៅ​ក្នុង​រោង​ចក្រ​មាន​ការ​រីក​ចម្រើន ព្រោះ​ថា បើ​កម្មករ​មាន​​បញ្ហាសុខ​ភាព​ដំណើរ​ការ​ផលិត​​កម្មនៅ​ក្នុងរោង​ចក្រក៏​ជួប​ការ​លំបាក​ដែរ។ គោល​បំណង​សំខាន់ គឺដើម្បីកាត់​បន្ថយ​ការ​ចំណាយ​របស់បង​ប្អូន​កម្មករ​ក្នុង​ការ​ព្យា​បាល​ទៅ​លើ​បញ្ហាសុខ​ភាព​មាត់ធ្មេញ​​ផង​ដែរ ។

លោក​​ជុង ជូស៊ុង (Jung Joo Sung) ជា​ប្រធាន​​ក្រុម​គ្រូពេទ្យ​មក​ពីសហ​រដ្ឋអាមេរិក​​បាន​មាន​​ប្រសាសន៍​ថា ដោយ​មើល​ឃើញ​ពី​ការ​លំបាក​​របស់បង​ប្អូនខ្មែរ ពិសេស​ក្មួយៗ​កម្មករ កម្ម​ការិនី​ធ្វើ​ការ​នៅ​​ក្នុង​រោង​ចក្រ អ៊ីនធើរណេ​​ស្សូ​ណល​ហ្វេស៊ិន​រ៉ូយ៉ាល់ មាន​បញ្ហាសុខ​ភាព​​មាត់​ធ្មេញ ទើប​លោក​នាំ​ក្រុម គ្រូពេទ្យ ដែល​​មាន​មូល​​ដ្ឋា​ននៅសហ​រដ្ឋ​អាមេ​រិក​ចុះ​មក​ព្យា​​បាល​ដល់​កម្មករ កម្មការិនីនា​ពេល​នេះ ។ លោក​បន្តថា ការ​ព្យាបាល​នេះក្រុម​លោក​សហ​ការ​ជា​មួយ​គ្លីនិក​អាមេរិ​កាំង​ដែល​មាន​លោក​ទន្ត​បណ្ឌិត​ហ្វ្រេង ចូ និង​លោក​​ម៉ាការ​វ៉ា ជាអ្នក​គ្រប់គ្រង ។ ក្រៅពី​ជួយ​ព្យា​បាល​សុខ​ភាព​មាត់​ធ្មេញ​ដល់កម្ម​ករហើយ​ ក្រុម​លោកក៏មាន​បំណងចង់​​ផ្តល់បទ​ពិសោធន​៍មេរៀន​ដល់ក្រុមគ្រូ​ពេទ្យកម្ពុជា​ផងដែរ អំពី​របៀប​​ដាំ​បង្គោល​វិស​ទៅ​ក្នុង​ឆ្អឹង​អញ្ចាញ​ដែល​ជំនាញ​នេះ​គ្រូ​ពេទ្យ​កម្ពុជា​មិន​សូវ​បាន​ចេះ​ទេ ។

លោក​ជុង ជូស៊ុង បាននិយាយឲ្យដឹងទៀត​ថា តាមពិតមានកម្មករ កម្មការិនីបានដាក់ពាក្យ​សុំ​ព្យាបាលចំនួន៣៨០​នាក់ តែដោយសារតែ​រយៈ​ពេលខ្លីយើងព្យាបាលបានតែ២០០នាក់​ប៉ុណ្ណោះ រីឯ​អ្នក​ដែលនៅសេសសល់​យើងនឹង​ព្យាបាលនៅពេលក្រោយទៀត ។ លោកបាន​បញ្ជាក់ថា កម្មការិនីធ្វើការ​នៅតាមរោងចក្រ ភាគច្រើនមានបញ្ហាធ្មេញពុកដោយសារតែពួក​គេខ្វះខាតអនាម័យមាត់ធ្មេញ ហើយ​ប្រសិន​បើមិនធ្វើការព្យាបាលទេនោះ ពួកគេនឹងមាន​ជំងឺមាត់ធ្មេញ និងត្រូវចំណាយថវិកាយ៉ាងច្រើន​ ក្នុង​ការព្យាបាល ។

កម្មការិនីទាំង២០០នាក់បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះម្ចាស់រោងចក្រ ក៏ដូចជា​ក្រុម​​គ្រូ​ពេទ្យដែលបានមកព្យាបាលដល់ពួកគេ ។

កញ្ញា ពេជ្រ ស្រីមុំ ផ្នែកកាត់ដេរបាន​និយាយ​ថា «ខ្ញុំមានអារម្មណ៍ត្រេកអរជាខ្លាំង​ដែល​ទទួលបាន​ការ​ព្យាបាលធ្មេញដោយឥតគិតថ្លៃពី​រោងចក្រ» ។ កញ្ញាបន្តថា តាំងពីកញ្ញាចូល​ធ្វើ​ការ​នៅតាមរោងចក្រមួយចំនួនមក នេះជាលើក​ទី១ហើយ ហើយប្រហែលជាមិនមានរោងចក្រ​ណា​ក្រៅពីរោងចក្រនេះទេ ដែលបាននាំគ្រូពេទ្យ​ចុះជួយព្យាបាលដល់កម្មករដោយឥតគិតថ្លៃ ។ ការជួយព្យាបាលនេះមានសារសំខាន់ណាស់​សំរាប់កម្មករ ព្រោះអាចឲ្យសុខភាពមាត់ធ្មេញ​កម្មករ​មានសុខភាពល្អនិងជួយសន្សំសំចៃ​ថវិកា​ដល់កម្មករក្នុងការកាត់បន្ថយការចំណាយទៅ​លើការព្យាបាលសុខភាពមាត់ធ្មេញ៕