ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋា​ភិបាល​​កម្ពុជា​​បាន​ជួយ​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែង​រកអដ្ឋិធាតុ​​ទាហាន​អាមេរិក

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​​អ៊ាង សុផល្លែត​​​​ ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹងថា នៅក្នុង​ជំនួប​​ពិភាក្សា​​​ការងារ​ជាមួយ​សម្តេចតេជោ​នាយក​រដ្ឋ​មន្ត្រី​នា​ព្រឹក​ថ្ងៃទី​២៣ ខែមីនា នៅ​វិមាន​សន្តិភាព​​ទីស្តី​ការ​នាយក​រដ្ឋ​មន្ត្រី​ លោក​ស្រី​ Ann Mills Griffthe ​ប្រធាន​​អង្គការ​​ជាតិ​សម្រាប់​​គ្រួសារ​​​ឈ្លើយ​សឹក​ និង​អ្ន​ក​បាត់​ខ្លួន​អាមេរិក ​(MIA-POW ) ​បាន​សម្តែង​នូវ​​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជាទីបំផុត​​ចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន រាជ​រដ្ឋា​ភិបាល​​កម្ពុជា ​​ក៏ដូច​ជា​​ប្រជាជន​កម្ពុជា​ដែល​បាន​​គាំទ្រ​និង​​ជួយ​​យ៉ាង​សកម្ម​​​ក្នុង​ការ​ស្វែង​​រក​អដ្ឋិធាតុ​​ជន​ជាតិ​​អាមេរិក​​នៅកម្ពុជា ។​

លោកស្រី​​បាន​មាន​​ប្រសាសន៍​ថា កម្ពុជា​​ត្រូវ​​បាន​ទទួល​ស្គាល់​​ថា បាន​ប្រឹង​ប្រែង​ដោយ​មាន​បទ​ដ្ឋាន​​​ខ្ពស់​ក្នុង​ការ​ស្វែង​រក​អដ្ឋិធាតុ​​​របស់​ជនជាតិ​​អាមេរិក​ ហើយ​សហរដ្ឋ​អាមេរិក​បានទទួល​ស្គាល់​​លើ​បញ្ហា​​នេះ​ ។ ទន្ទឹម​នេះដែរ លោក​ស្រី​​សូម​វាយ​តម្លៃ​​ខ្ពស់​ចំពោះ​ការ​វិវត្ត​របស់​ប្រទេស​កម្ពុជា​ ដោយ​លោក​ស្រី​បាន​​បញ្ជាក់​ថា ​​​​ជំហរ​របស់​លោក​ស្រី​​​ចង់​ឱ្យ​​មាន​ការ​ជួបជុំ​​គ្នា​រវាង​​ភាគី​​៤​ដែល​ក្នុង​​នោះ​មាន​​ប្រទេស​កម្ពុជា​ ប្រទេស​​វៀត​ណាម ប្រទេស​​​ឡាវ និង​សហរដ្ឋ​អាមេរិក​ ដើម្បី​​ជួយ​​ស្វែងរកអដ្ឋិធាតុ​របស់​ទាហាន​​​អាមេរិកដែល​​បាត់​ខ្លួន​ ។​

ពាក់ព័ន្ធ​​នឹងបញ្ហា​​នេះ​ សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ឆ្លើយ​តប​ថា ជំហរ​របស់​​កម្ពុជា​មិន​មាន​ការកែប្រែទេ​​ចាប់​តាំងពី​​ឆ្នាំ​១៩៨៤​មក​ម៉្លេះ​ ​កម្ពុជា​​​​បាន​សហការ​​យ៉ាង​សកម្ម​​នៅលើ​បញ្ហា​នេះ​តាំងតែ​​ពីកម្ពុជា​​នៅជំនាន់​នោះ​នៅ​មិន​ទាន់​មាន​​ទំនាក់​ទំនង​​ការទូត​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ​នៅឡើយ ។ ពីរ​សប្តាហ៍​​កន្លងទៅ​នេះ លោកនាយ​​​ឧត្តម​សេនីយ៍​ប៉ុល សារឿន ​បាន​​​សរសេរ​​លិខិត​​​​ស្នើ​សុំ​​ដើម្បី​ឱ្យ​សហរដ្ឋ​អាមេរិក​​យក​​ឧទ្ធម្ភាគ​ចក្រ​​និង​ប្រើ​ប្រាស់​ប្រព័ន្ធ​​រលក​ធាតុ​អាកាស​​ដើម្បី​មក​បំពេញ​ការងារ​មនុស្ស​ធម៌​នេះ ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​យល់​ស្រប​លើ​បញ្ហា​នេះ​ហើយ​ជា​ស្រេច ហើយ​សម្តេច​ក៏បាន​​​លើកទឹក​ចិត្ត​ឱ្យភាគី​ទាំងអស់​ ​កម្ពុជា​-សហរដ្ឋ​អាមេរិក សហការ​ដើម្បី​​ធ្វើ​យ៉ាងណា​ ​ស្វះ​ស្វែង​​រក​​ប្រភព​ព័ត៌​មាន​ថ្មី​ថែមទៀត​ ចៀស​វាង​​​កន្លែង​​ខ្លះ​មិន​​​ទាន់​ស្វះ​ស្វែង​​រក​ដើម្បី​ធ្វើ​យ៉ាងណា​បំពេញ​​បេសកកម្ម​​មនុស្សធម៌​​នេះទទួល​បាន​ជោគជ័យ​ ។ សម្តេច​ក៏​បាន​​បញ្ជាក់​​នូវ​កង្វល់​​ ​ផង​ដែរ ព្រោះ​​ថា​បញ្ហា​​នេះ​បាន​កើតឡើង​យូរ​ណាស់​មក​ហើយ ដូច្នេះ​​សូម​ធ្វើ​​យ៉ាងណា​ ធ្វើ​​ការងារ​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​​ ព្រោះ​ថា​ អ្នក​ដែល​ស្គាល់​​ប្រវត្តិ​​ ស្គាល់​​ដឹង​រឿង​នេះ​អាច​មាន​​វ័យ​ចំណាស់​​ណាស់​ហើយ ៕