ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ក្រី​ក្រ​នៅភូមិ​បាក់​ព្រា​នឹង​បាន​ធុង​ចម្រោះ​ទឹក​ស្អាត​ពី​ប្រាក់​សប្បុរស​ធម៌របស់​បុស្បា​ ប៉ាន់

12 ឆ្នាំ មុន

រាជធានី​ភ្មំ​ពេញ​​ ៖ក្នុង​ស្មារតី​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខ​ភាព​កុមារ​ក្រី​ក្រ​នៅ​ភូមិ​ បាក់​ព្រា​តំបន់​បឹង​ទន្លេសា​ប​​​ កញ្ញាបុស្បា​ ប៉ាន់ តារា​ចម្រៀង​ដែល​គួរឲ្យ​ស្ញប់​ស្ញែង​បាន​ព្យាយាម​ស្វះស្វែង​រក​ប្រាក់​តាម​ រយៈ​ទឹក​ដម​សម្លេង​របស់​នាង​សម្រាប់​យក​ទៅ​ទិញ​ធុង​​​ចម្រោះ​ទឹក​ចែក​ជូន​ តាម​ផ្ទះ​កុមារ​ក្រី​ក្រ​ និង​តាម​សាលា​រៀន​ ។ តាម​រយៈ​កម្ម​វិធី​

រាជធានី​ភ្មំ​ពេញ​​ ៖ក្នុង​ស្មារតី​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខ​ភាព​កុមារ​ក្រី​ក្រ​នៅ​ភូមិ​បាក់​ព្រា​តំបន់​បឹង​ទន្លេសា​ប​​​ កញ្ញាបុស្បា​ ប៉ាន់ តារា​ចម្រៀង​ដែល​គួរឲ្យ​ស្ញប់​ស្ញែង​បាន​ព្យាយាម​ស្វះស្វែង​រក​ប្រាក់​តាម​រយៈ​ទឹក​ដម​សម្លេង​របស់​នាង​សម្រាប់​យក​ទៅ​ទិញ​ធុង​​​ចម្រោះ​ទឹក​ចែក​ជូន​តាម​ផ្ទះ​កុមារ​ក្រី​ក្រ​ និង​តាម​សាលា​រៀន​ ។ តាម​រយៈ​កម្ម​វិធី​សម្ពោធ​បើក​ដំណើរ​ការ​ជាផ្លូវ​ការ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា នៅសណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ក្នុង​រាជធានី​​​ កាលពីរាត្រី​ថ្ងៃសៅរ៍​ទី​១៧ មីនា​ តារាចម្រៀង​រូប​នេះ​បាន​ចូល​រួម​ច្រៀង​រៃ​​អង្គាស​ប្រាក់សប្បុរស​ធម៌​ និងលក់​ឌីវីឌី​ចម្រៀង​របស់​នាង​ដើម្បី​បំពេញ​ឆន្ទៈដ៏​គួរ​ឱ្យ​សរសើរ​របស់​នាង​នោះ​។

ទស្ស​និក​ជន​ជាង​២០០​នាក់​បាន​ទទួល​ការ​បំពេ​អារម្មណ៍​ពី​បុស្បា ​ប៉ាន់​ តាមរយៈ​រលក​សំឡេង​​ក្រ​អៅ​ក្រអួន​របស់​នាង​ ហើយ​តបស្នង​ចំពោះ​រូបនាង​វិញ​តាម​រយៈ​ការ​ចូល​រួម​ឧបត្ថម្ភ​ប្រាក់​សប្បុរស​ធម៌​ និង​ទិញ​ឌីវីឌី​របស់​នាង​ ដើម្បី​នាង​មាន​ឱកាស​រួម​ជាមួយ​លោក ប៉ាន់ ម៉េង​ហ៊ាង​ ជាឪពុក​ទិញ​ឧបករណ៍​ចម្រោះ​ទឹក​ស្អាត​យកទៅ​ឧបត្ថម្ភ​និងលើក​ស្ទួយ​សុខ​ភាព​កុមារក្រី​ក្រ​នៅ​ភូមិ​បាក់​ព្រា​ ។ បទចម្រៀង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​របស់​នាង​នារា​ត្រី​នោះ​ គឺ​បទ​ «កូន​ស្រី​អ្នក​នេ​សាទ​ » ប្រកប​ដោ​យ​មនោ​សញ្ចេត​នា​ស្រ​ងេះ​ស្រ​ងោច​ និទាន​ពី​នារីកូន​ស្រី​អ្នក​នេសាទ​នៅ តំបន់​បាក់​ព្រា​រងទុក្ខ​វិ​យោគ​ដោយ​ព្រាត់​និរាស​ពី​គូស្នេហា គឺ​ត្រូវ​នឹង​​ទី​ដែល​នាង​ត្រូវ​ជួ​យ​កុមារ​ក្រី​ក្រ។

ក្រៅពី​បុស្បា ប៉ាន់​ ជាទី​ពេញ​ចិត្ត​របស់​ទស្ស​និក​ជន​នោះ​ លោក​ ឃួន​ ​សិទ្ធិ​ស័ក្កិ​ តារា​ចម្រៀង​អូ​ប៉េ​រ៉ា​ បុរស​តែ​ម្នាក់​គត់​នៅ​កម្ពុជា​ក៏​បាន​ចូល​រួម​ច្រៀង​ជាមួយ​នាង​ដែរ​នា​ឱកាស​នោះ​ ។

បុស្បា​ ប៉ាន់​ ចាប់អារម្មណ៍​ និង​គិត​គូរ​ពី​កុមារ​ក្រី​ក្រ​នៅ​ភូមិ​បាក់​ព្រា​ ព្រោះ​ទី​នោះ​កុមារ​ភាគ​ច្រើន​វីវក់​តែ​នឹង​ការងារ​នេសាទ​ជាមួយ​ឪពុក​ម្តាយ​ខក​ខាន​ការសិក្សា​ និងច្រើន​កើត​ជំងឺ​រាករូស​ ព្រម​ទាំង​ជំងឺ​ឆ្លង​ផ្សេង​ទៀត​បណ្តាល​មក​ពី​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ ។

លោក​ស្រី​ សេង​ តក្កនារី​ នាយិកាសមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​កោត​សរសើរ​ចំពោះ​ឆន្ទៈ​របស់​​បុស្បា​ ប៉ាន់​ ដែល​គិត​ដល់​ប្រយោជន៍​ផ្សេង​មួយ​ទៀត​ក្រៅ​ពី​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​ នោះ​គឺ​​ការ​​ជួយ​សង្គមសម្រាប់​កុមារ​ក្រី​ក្រ​។  លោក​ស្រី​យល់​ថានាងជា​យុវតី​ក្នុង​ពិភព​សិល្បៈ​ជាគំរូ​សម្រាប់​អ្នក​ឯទៀត​ ។

លោកប៉ាន់​ ម៉េង​ហ៊ាង​ មាន​មោទនភាព​ចំពោះ​ទេព​កោសល្យ​សិល្បៈ​ និង​ឧត្តម​គតិ​របស់​កូន​ស្រី​ ហើយ​ថា​ឧ​ត្តម​គតិរបស់​នាង​ជា​របស់​លោក​ដែរ​។ លោក​រីក​រាយ​ លោក​មិន​ខ្លាច​នឿយ​​​​​​ហត់​ទេ​ក្នុង​ការ​ជំរុញ​កូន​ស្រី​ឱ្យកាន់​តែ​មាន​ជីវិត​រុង​រឿង​ និង​មាន​ឧត្ត​មគតិថ្លៃ​ថ្លា​ខ្លាំង​ឡើង​ចំពោះ​​សង្គម។

លោក​ យឹម​ វីរិយ៉ា​ នាយក​អង្គការ​ស្អាត​កម្ពុជា​ ដែល​នឹង​នាំ​ធុង​​ចម្រោះ​ទឹក​ស្អាត​ពី​មូល​និធិ​សប្បុរស​ធម៌​របស់ បុស្បា ប៉ាន់​ ទៅ​កាន់​ភូមិ​បាក់​ព្រាមាន​ប្រសាសន៍​ថា ធុង​ចម្រោះ​ទឹក​ស្អាត​នេះ​ផលិត​ទឹក​ស្អាត​ទទួល​ទាន​មាន​សុវត្ថិភាព​ ព្រោះ​មាន​ស្រទាប់​ថ្មបីជាន់​ដែល​ដាក់​នៅបាត​ធុង​ អាច​សម្លាប់​ព្រូន​ និង​កម្ចាត់​មេរោគ​១០០%​ ។ ធុង​ប្រភេទ​នេះ​មួ​យ​មាន​តម្លៃ​​៦០​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក​ឱ្យដឹង​ថា ធុង​ចម្រោះ​ទឹក​ស្អាត​នេះ​ នឹង​ចែក​ជូន​តាម​ផ្ទះ​កុមារ​ក្រី​ក្រ​ និង​តា​មសាលា​រៀន​នៅក្នុង​ឃុំ​ព្រៃ​ចាស់​ ដែល​មាន​ភូមិ​ចំនួន​៥​ ក្នុង​នោះ​មាន​ភូមិ​បាក់​ព្រា​ផង​ដែរ​ ។

អង្គកា​រ​ស្អាត​កម្ពុជា​​ បាន​ធ្វើ​ការបែបនេះ​តាំង​ពី​ឆ្នាំ​១៩៩៩មក​ ហើយ​រហូត​មកទល់​ពេល​នេះ ​ ធុង​ចម្រោះ​ទឹក​ស្អាត​ជាង​៩០.០០០​រួច​ហើយ​ បាន​ចែក​ជូន​ប្រជាពល​រដ្ឋ​នៅតាម​បណ្តា​ខេត្ត​នានា​។

តាម​រយៈ​ការ​រៃ​អង្គាស​ប្រាក់​សប្បុរស​ធម៌​ និង​លក់​ឌីវីឌី​ចម្រៀង​របស់​បុស្បា ​ប៉ាន់ កាល​ពី ពេល​ថ្មីៗ​នេះ​ លោក​ឪពុក​របស់នាងបាន​នាំ​យក​សម្ភារ​សិក្សា​ និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ទៅ​ចែក​ជូន​កុមារ​ក្រី​ក្រ​នៅ​ភូមិ​បាក់ព្រា​ និង​ភូមិ​កោះ​ផ្តៅ​​ ក្នុង​ខេត្ត​ក្រ​ចេះ​ម្តង​រួច​មក​ហើយ​។

លោក​ប៉ាន់ ម៉េង​ហ៊ាង​ មា​ន​ប្រសាសន៍​ថា លោក​នឹង​យ​ក​ប្រាក់​ដែល​ទទួល​បាន​ពីការ​រៃ​អង្គាស​​របស់​​បុស្បា ​ប៉ាន់​ ទៅ​ឧ​បត្ថម្ភ​ដល់​កុមារ​ក្រី​ក្រ​មិន​ឱ្យ​សប្បុរស​ជន​ខក​ចិត្ត​ឡើយ​។ ទន្ទឹម​នេះ ​ លោក​ថ្លែង​អំណរ​គុណ​ចំពោះ​សប្បុរស​ជន​ទាំង​អស់​ដែល​ភ្ជាប់​សមាន​ចិត្ត​ចំពោះ​កុមារក្រី​ក្រ​តាម​រយៈ​កូន​ស្រី​លោក​ និង​រូប​លោក​ផ្ទាល់​ ៕