ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​យុវ​ជន​ពីរ​នាក់​​ព្រួត​​គ្នា​វាយ​ដណ្តើម​​ទូរស័ព្ទ​​ដៃ

15 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ យុវ​ជន​ពីរ​នាក់​បាន​ធ្វើ​​​សកម្ម​ភាព​​​ព្រួត​វាយ​​យុវ​ជន​​ម្នាក់​​ទៀត​ដណ្តើម​យក​ទូរស័ព្ទ​ដៃ​ម៉ាក​ណូគា (ចិន) ហើយ​ត្រូវ​​​ប៉ូលិស​ប៉ុស្តិ៍​​​សង្កាត់​កំពង់​សំណាញ់ ចាប់​ខ្លួន​​​ភ្លាម​ៗ​កាល​ពី​វេលា​ម៉ោង​៣​និង​១០​នាទី​​រសៀល ថ្ងៃ​ទី​១២ មីនា នៅ​លើ​ផ្លូវ​លំ ស្ថិត​​ក្នុង​ភូមិ​កំពង់​សំណាញ់​ សង្កាត់​កំពង់​សំណាញ់ ​ក្រុង​តា​ខ្មៅ ។ ​មន្ត្រី​ប៉ូលិស​បាន​ឱ្យ​ដឹ​ថា យុវ​ជន​ទាំង​​ពីរ​នាក់​​នេះ​ម្នាក់​​ឈ្មោះ​សុខ កក្កដា ​អាយុ​១៩​ឆ្នាំ រស់​នៅភូមិ​កំពង់​សំណាញ់​ ជា​សិស្ស​​ និង​ម្នាក់​ទៀត​ឈ្មោះ​បាន ប៊ុន​ធឿន អាយុ​​១៧​ឆ្នាំ រស់​នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ជា​សិស្ស​ដែរ ។ ​ចំណែក​​យុវ​ជន​រង​គ្រោះ​​ឈ្មោះ​កែវ ​ឧត្តម អាយុ​១៧​ឆ្នាំ រស់​នៅ​ភូមិ​ថ្មី សង្កាត់តា​ខ្មៅ​ ​ជា​សិស្ស​ដូច​គ្នា។

​ជន​រង​គ្រោះ​​បាន​រៀប​រាប់​ប្រាប់​ប៉ូលិស​ថា មុន​ពេល​កើត​ហេតុ​ម្តាយ​បាន​ប្រើ​ឱ្យ​ទៅ​ភូមិ​កំពង់​សំណាញ់ លុះ​​ត្រឡប់​មក​វិញ​ជិះ​កង់​ជា​​​មួយ​មិត្ត​ភក្តិ​ម្នាក់​​​អាយុ​​ស្របាល​គ្នា​តាម​ផ្លូវ​លំ​ក្នុង​ភូមិ​កំពង់​សំណាញ់ ​ដោយ​មាន​ទូរស័ព្ទ​ដៃ​មា៉ក​ណូគៀ (ចិន) ដាក់​​ក្នុង​ហោ​ប៉ៅ​អាវ​ចាក់​ចម្រៀង​​ស្តាប់​ផង។ ពេល​នោះ​ក៏​បាន​ជួប​​ពួក​ជន​​​ទាំងពីរ​នាក់​​ជិះ​ម៉ូតូ C50 គុប​មូល​ឌុប​គ្នា​មក​ដល់​ទន្ទឹម​ខ្លួន​​ ស្រាប់​តែ​ពួក​គេ​នាំ​គ្នា​ព្រួត​វាយ​​ខ្លួន​ត្រូវ​ចំនួន​៣​ដៃ ហើយ​ដណ្តើម​យក​ទូរស័ព្ទ​ដៃ​។ ពេល​នោះ​ខ្លួន​បាន​ខំ​ខ្ទប់​ហោ​ប៉ៅ ហើយ​រត់​តាម​​ផ្លូវ​ ឯ​ពួក​ជន​សង្ស័យ​​បាន​ដេញ​ប្រវា​យប្រតប់​​យក​ទូរស័ព្ទ​​ ប៉ុន្តែ​យក​មិន​បាន​ទេ​ ខណៈ​នោះ​ដែរ​​ខ្លួន​ក៏​បាន​ស្រែកថា ចោរៗ​ ដើម្បី​ឱ្យ​អ្នក​ភូមិ​ជួយ​ ​ហើយ​​អ្នក​ភូម​ិ​ក៏​បាន​រាយ​ការណ៍​​ប្រាប់​ប៉ូលិស​​ប៉ុស្តិ៍​​ទៅ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ​តែ​ម្តង ។

ក្រោយ​ពី​​ត្រូវ​ចាប់​ខ្លួន​​​ ជនឈ្មោះ​បាន ប៊ុន​ធឿន ឆ្លើយ​សារ​ភាពថា ខ្លួន​ពិត​ជា​​បាន​វាយ​​ឈ្មោះ​​កែវ ឧត្តម ​ប្រាកដ​មែន ចំណែក​ឈ្មោះ​សុខ កក្កដា ​មិន​បាន​វាយ​ទេ គ្រាន់​តែ​ជួយ​ដេញ ។​ ជន​សង្ស័យ​​ទាំងពីរ​នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិ​ការ​ដ្ឋាន​​​ក្រុង​តា​ខ្មៅ ដើម្បី​កសាង​សំណុំ​រឿង​​ចាត់​ការ​បន្ត​​​តាម​ច្បាប់ ៕