អតីតប្រធានាធិបតីហៃទី ដែលត្រូវបណ្តេញចេញពីតំណែង លោក Jean Bertrand Aristide នឹងវិលត្រឡប់ចូលស្រុកវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រោយពីរស់នៅនីរទេសអស់រយៈពេល៧ឆ្នាំមក ។ នេះបើតាមការឱ្យដឹងដោយមន្ត្រីអាហ្វ្រិកខាងត្បូងម្នាក់ ។ មន្ត្រីដដែលបានឱ្យដឹងទៀតថា លោក Jean Bertrand Aristide រស់នៅនីរទេសក្នុងប្រទេសអាហ្វ្រិកខាងត្បូង ។
តាមប្រភពព័ត៌មានថា គោលបំណងរបស់លោក Jean Bertrand Aristide ក្នុងការវិលត្រឡប់ចូលស្រុកវិញនេះគឺដើម្បីឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ។ ប៉ុន្តែមន្ត្រីហៃទី និងមន្ត្រីអាមេរិកអះអាងថា ការវិលត្រឡប់ចូលស្រុកវិញរបស់លោក Aristide អាចបង្កផលប៉ះពាល់ដល់ដំណើរការបោះឆ្នោត ដែលនឹងរៀបចំឡើងនៅថ្ងៃទី២០ មីនា ខាងមុខនេះ ។
កាលពី៣សប្តាហ៍កន្លងទៅ អ្នកគាំទ្រលោក Aristide ជាច្រើនពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុងព័រអូប្រាំង រដ្ឋធានីហៃទី ដោយសច្ចាថា ពួកគេនឹងបង្កការអាក់ខានដល់ដំណើរការបោះឆ្នោតប្រសិនបើលោក Aristide មិនវិលត្រឡប់ចូលស្រុកវិញដើម្បីចូលរួមការបោះឆ្នោតទេ ៕
ចែករំលែកព័តមាននេះ