ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​​ចាស់​​​មួយ​គូ ៖ ​ពេជ្រ អារុណ និង​វ៉ែន ​សុវណ្ណ ជួប​គ្នា​​នៅរេញ​បាយ័ន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅលើ​សង្វៀន​​ប្រដាល់​ស្ថានីយ​ទូរទស្សន៍​​បាយ័ន​​សម្រាប់​ថ្ងៃ​​អាទិត្យ ទី​១៣ មីនា ខាង​មុខ​នេះ ​ពេជ្រ អារុណ មក​ពី​ក្លឹប​​សម្រែក​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ ត្រូវ​បាន​ផ្គូ​ផ្គង​ឱ្យ​ជួប​ប្រកួត​ជា​មួយ​វ៉ែន សុវណ្ណ មក​ពី​ក្លឹប​​កង​កេង​ខេត្ត​បាត់​ដំបង ។ ​

អារុណ និង​សុវណ្ណ សុទ្ធ​តែ​ជា​អ្នក​ប្រដាល់​​ជើង​ចាស់​ មាន​បទ​ពិសោធន៍​​ពេញ​ខ្លួន​ដូច​គ្នា ​និង​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នក​ប្រដាល់​មុខ​រឹង​ស្បែក​ស្វិត វាយ​​មិន​ឈឺ ។ អារុណ ចេះ​ប្រើ​ការ​បាន​​គ្រប់​​ស្នៀត​ទាំង​អស់​ ទាំង​ការ​ទាត់​ ដាល់ ជង្គង់ និង​កែង ប៉ុន្តែ​មួយ​រយៈ​ចុង​​ក្រោយ​​នេះ មិន​​ដូច​ពី​​មុន​ទេ ទោះ​បី​ជា​គេ​នៅ​​រក្សា​វិជ្ជាគុន​បាន​ល្អ  តែ​បញ្ហា​​កម្លាំង​ហាក់​បី​​ដូច​ជា​​មាន​ការ​ថម​ថយ​​ច្រើន។ ​ចំណែក​វ៉ែន សុវណ្ណ ក៏​ដូច​គ្នា​ដែរ មក​ដល់​ពេល​នេះ​​អ្នក​ប្រដាល់​ជើង​ចាស់​ទាំង​អស់​សុទ្ធ​តែ​​មាន​បញ្ហា​ផ្នែក​​កម្លាំង ។ ​សុវណ្ណ មាន​ជំនាញ​ប្រើ​កណ្តាប់​ដៃ​ ការ​វាយ​ចេញ​របស់​គេ​មួយៗ​ តែ​​បើ​ត្រូវ​គោល​​ដៅ ​គឺ​ចប់​សព្វ​គ្រប់​​​តែ​ម្តង បាន​សេច​ក្តី​ថា ដៃ​គូ​ពិត​ជា​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​ទេ ប៉ុន្តែ​កណ្តាប់​ដៃ​ធ្ងន់​នោះ ក៏​មិន​ងាយ​ ឬ​កម្រ​​វាយ​ត្រូវគោល​ដៅ​ដែរ។ រវាង​គូ​នេះ ​មិន​អាច​សន្និ​ដ្ឋាន​​ជា​មុន​បាន​ថា​នរណា​​ឈ្នះ​នោះ​ឡើយ ។

ពុទ្ធ ហ៊ុច មក​ពី​ក្លឹប​​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ត្រូវ​ប្រកួត​ជា​មួយ​បឺត រិទ្ធី ​មក​ពី​ក្លឹប​​និរោធ​មាន​ជ័យ ។ ​បឺត រិទ្ធី បើ​គិត​ពី​ប្រវត្តិ​ប្រកួត​​ចាស់​វស្សា​​ជាង​ពុទ្ធ​ ហ៊ុច ​ប៉ុន្តែ​នៅ​ពេល​ពុទ្ធ ហ៊ុច ​កំពុង​ល្បី​ រិទ្ធី ក៏​មិន​ដែល​​បង្ហាញ​​មុខ​ដែរ ។ រិទ្ធី ពី​មុន​ពូកែ​កណ្តាប់​ដៃ​​ណាស់ ប៉ុន្តែ​ពេល​នេះ មិន​ដឹង​ជា​យ៉ាង​ណា​ទេ ។ រីឯ​​ពុទ្ធ ហ៊ុច ​ជា​មួយ​នឹង​ភាព​រឹង​មាំ​គេ​ពូកែ​ស្នៀត​​ទាត់​​ ហើយ​ពេល​​ខ្លះ​​ស្នៀត​កែង​របស់​គេ​ក៏​បង្ក​គ្រោះ​ថ្នាក់​ដែរ ។ ពុទ្ធ ហ៊ុច មាន​សង្ឃឹម​​ច្រើន​សម្រាប់​ការ​ប្រកួត​នេះ ។
សូយ គោ មក​ពី​ក្លឹប​​អូដឹ​ម​កីឡា​ ត្រូវ​ប្រកួត​ជា​មួយ​ឱម ​សំរេច មក​ពី​ក្លឹប​​កង​ពល​តូច​ឆត្រ​យោង​៩១១ ។ អ្នក​ប្រដាល់​​ទាំង​២​រូប​នេះ​ជា​​រលក​ក្រោយ​ទេ តែ​មិន​ធម្ម​តា​ឡើយ ។ ពួក​គេ​អាច​ចាត់​ទុក​ក្នុង​លំដាប់​អ្នក​​ខ្លាំង​សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម ។

​ម៉ៃ ​សុវណ្ណ មក​ពី​ក្លឹប​ចាក់​អង្រែ​​មាន​ជ័យ ​ត្រូវ​ប្រកួត​ជា​មួយ​សៀក សំអូន មក​ពី​ក្លឹប​​កង​ទ័ព​​ជើងគោក ។ លួន ​លីម មក​ពី​ក្លឹប​​តាឡី​ដំរី​មាន​​ឫទ្ធិ ត្រូវ​ប្រកួត​ជា​មួយ​ពេជ្រ សំពៅ មក​ពី​ក្លឹ​ប​ក្រសួង​ការ​ពារ​ជាតិ ។ រីឯ​​ម៉ន គឹម​សុង មក​ពី​ក្លឹប​​ព្រែក​ឯង​កីឡា ត្រូវ​ប្រកួត​ជា​មួយ​វង្ស វិសិទ្ធ មក​ពី​ក្លឹប​​កង​ទ័ព​ជើង​ទឹក៕