មនុស្សយ៉ាងហោចណាស់៤៥នាក់ បានត្រូវស្លាប់ និងជាង១០០នាក់ទៀតរងរបួសនៅពេលពួកខ្មាន់កាំភ្លើងសម្រុកចូលក្នុងការិយាល័យក្រុមប្រឹក្សាខេត្ត សាឡាហ៊ូឌីន ប្រទេសអ៊ីរ៉ាក់ កាលពីល្ងាចថ្ងៃទី២៩ មីនា កន្លងមក ។ នេះបើតាមការឱ្យដឹងដោយប៉ូលិសខេត្តនោះ ។ ប៉ូលិសដដែលបានឱ្យដឹងទៀតថា នៅពេលសម្រុកចូលដល់ក្នុងអគារការិយាល័យនោះ ពួកខ្មាន់កាំភ្លើងបានចាប់អ្នកនៅក្នុងអគារ ដែលមានទាំងសមាជិកក្រុមប្រឹក្សាខេត្តផងធ្វើជាចំណាប់ខ្មាំង ។ ប្រភពពីមន្ទីរពេទ្យឱ្យដឹងថា ភាគច្រើននៃអ្នកស្លាប់ក្នុងការវាយប្រហារនេះជាសន្តិសុខ និងបុគ្គលិកក្រុមប្រឹក្សាខេត្ត ក្នុងនោះ៤នាក់ជាសមាជិកក្រុមប្រឹក្សាខេត្ត ។
ការវាយប្រហារនោះកើតឡើងនៅពេលខ្មាន់កាំភ្លើង១០នាក់ស្លៀកពាក់ឯកសណ្ឋានប៉ូលិស ហើយពាក់ខ្សែក្រវាត់មានភ្ជាប់ដោយគ្រឿងផ្ទុះសម្រុកចូលអគារការិយាល័យខេត្តនៅភាគកណ្តាលទីក្រុងទីគ្រីត មានចម្ងាយប្រហែល១៧០គីឡូម៉ែត្រ ភាគខាងជើងក្រុងបាដាដ ហើយនៅពេលនោះមានការប៉ះទង្គិចគ្នាយ៉ាងសាហាវរវាងពួកខ្មាន់កាំភ្លើង និងកងសន្តិសុខ ។ នៅពេលនោះខ្មាន់កាំភ្លើងចាប់ផ្តើមវាយប្រហារដោយបំផ្ទុះគ្រាប់បែកបង្កប់ក្នុងរថយន្តដែលចតនៅបរិវេណខាងក្រៅអគារការិយាល័យ។ ឧទ្ធម្ភាគចក្ររបស់អាមេរិកហោះសំកាំងពីលើតំបន់នោះ ហើយកងកម្លាំងអាមេរិក និងអ៊ីរ៉ាក់បានទៅដល់កន្លែងកើតហេតុ ដើម្បិបើកប្រតិបត្តិការរំដោះអ្នកដែលត្រូវចាប់ជាចំណាប់ខ្មាំង ដោយមានការផ្ទុះអាវុធបណ្តាលឱ្យស្លាប់មនុស្សជាច្រើននាក់ ៕
ចែករំលែកព័តមាននេះ