កងទ័ពរដ្ឋាភិបាលលីប៊ីកាលពីថ្ងៃទី៤ មីនា បានរុលឆ្ពោះទៅកាន់ទីក្រុងបេនហ្គាហ្ស៊ី ទីតាំងបង្អែករបស់ពួកប្រឆាំងលីប៊ីដោយប្រើកាំភ្លើងធំធុនធ្ងន់ និងការវាយប្រហារតាមអាកាសក៏ប៉ុន្តែបញ្ហាតំបន់ហាមហោះហើរមួយនៅតែស្ថិតក្នុងដំណាក់កាលនៃការជជែកពិភាក្សានៅឡើយ ។ អ្នកនាំពាក្យម្នាក់របស់កងទ័ពលីប៊ី ថ្លែងកាលពីថ្ងៃទី១៣ មីនា កន្លងមកនេះថា កងទ័ពកំពុងតែធ្វើដំណើរដាក់ទណ្ឌកម្មពួកបះបោរនៅទូទាំងប្រទេស ។ ខ្សែបន្ទាត់រណសិរ្សកាន់តែរំកិលទៅមុខថែមទៀតទៅទិសខាងកើត ហើយបណ្តាទីក្រុងដែលត្រួតត្រាដោយពួកឧទ្ទាមត្រូវធ្លាក់ក្នុងកណ្តាប់ដៃកងទ័ពលោកមូអាម៉ា កាដាហ្វី មួយហើយមួយទៀត ។ លោកកាដាហ្វី និយាយថា លោកប្តេជ្ញាកំទេចការបះបោរ ទោះបីមានការតវ៉ា និងទណ្ឌកម្មរបស់អន្តរជាតិក៏ដោយ ។
បន្ទាប់ពីវាយដណ្តើមយកបានទីក្រុង AL-UQAILA តាមផ្លូវជាប់ឆ្នេរសមុទ្រ និងមូលដ្ឋាន AL-BICHER កងកម្លាំងរដ្ឋាភិបាលបានទៅដល់ទីក្រុង BREGA ទីតាំងប្រេងកាតយុទ្ធសាស្ត្រស្ថិតនៅចម្ងាយ២៤០គ.ម ពីទីក្រុងបេនហ្គាហ្ស៊ី ជាទីតាំងរបស់ក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ីបង្កើតឡើងដោយពួកប្រឆាំង ។
វរសេនីយ៍ឯកមីឡាដ ហ៊ូសេន អ្នកនាំពាក្យរបស់កងទ័ពលីប៊ីនិយាយថា ពួកក្រុមភេរវករ
បានរត់គេចខ្លួនក្រោមការវាយប្រហារ។ យើងរំដោះបានទីក្រុង ZAWIYAH ក្រុង AL-UQAILA ក្រុង RAS LANOUF ក្រុង BREGA ហើយកងទ័ពកំពុងតែរុលទៅមុខ ដើម្បីរំដោះតំបន់ដទៃៗទៀត ។
មេបញ្ជាការរបស់ពួកបះបោរឧត្តមសេនីយ៍អាប់ដែល ហ្វាតតា យូនីស អះអាងកាលពីថ្ងៃទី១៣ មីនា ថា ក្រុង AJDABIYA ពេលនេះក្លាយជាខ្សែរណសិរ្សជួរមុខ ។ ទីក្រុងនោះជាកន្លែងស្លាប់រស់ ហើយនឹងត្រូវការពារ ។ លោកក៏វាយតម្លៃផងដែរថា កងទ័ពរដ្ឋាភិបាលកាន់តែមកឆ្ងាយតាមឆ្នេរសមុទ្រ ហើយនឹងជួបប្រទះការលំបាកធ្ងន់ធ្ងរខាងភស្តុភារ ។ ក្រុង បេនហ្គាហ្ស៊ី ជាទីក្រុងធំទី២របស់លីប៊ីស្ថិតនៅចម្ងាយដល់១០០០គ.ម ពីក្រុងទ្រីប៉ូលី ។
នៅភាគខាងលិចប្រទេសកងទ័ពលោកកាដាហ្វី ដណ្តើមយកបានក្រុង ZOUARA ក្រោយដណ្តើមយកបានក្រុង ZAOUIAH ។ នៅភាគខាងលិចពួកឧទ្ទាមនៅកាន់កាប់ក្រុង MISRATA មួយទៀតប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ