រាជធានីភ្នំពេញ ៖ យោងតាមលិខិតមួយដែលចុះហត្ថលេខាដោយលោកជំទាវអ៊ឹង កន្ថា ផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជូននិពន្ធនាយកកាសែតនេះបានឱ្យដឹងថា កាសែតឌឹឃែមបូឌាដេលី ចុះផ្សាយកាលពីថ្ងៃទី២ មីនា ២០១១ នូវអត្ថបទទាក់ទងនឹងប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បាននិយាយតែបន្តិចបន្តួចទាក់ទងនឹងការកើនឡើងនៃអំពើហិង្សាផ្លូវភេទ ។ អត្ថបទនេះប្រហែលជាយល់ក្នុងរបៀបមួយថា ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានលើកទឹកចិត្តឱ្យមានការជជែកពិភាក្សាអំពីអំពើហិង្សាលើស្ត្រីឱ្យបានគ្រប់គ្រាន់នោះទេ ។
ក្រសួងកិច្ចការនារីបន្តថាកម្ពុជាគឺជាប្រទេសទីមួយនៅក្នុងពិភពលោក ដែលបានដាក់បញ្ចូលសូចនាករស្តីពីការកាត់បន្ថយអំពើហិង្សាលើស្រ្តី ទៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍជាតិរបស់ខ្លួន ហើយ គោលដៅអភិវឌ្ឍសហស្សវត្សរបស់កម្ពុជាបានឆ្លុះបញ្ចាំងពីក្តីកង្វល់មិនត្រឹមតែអំពីបញ្ហាអំពើហិង្សាផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងផងដែរ ពីអំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស និងរាល់ទំរង់នៃអំពើហិង្សាផ្នែកយែនឌ័រផងដែរ។
ក្រសួងកិច្ចការនារីបន្តទៀតថា ទន្ទឹមនឹងនេះ មានកិច្ចការជាច្រើនដែលត្រូវដោះស្រាយទាក់ទងនឹងឥរិយាបថនិងអាកប្បកិយាដែលកើតចេញពីអំពើហិង្សាផ្នែកយែនឌ័រ ការកេងប្រវ័ញ្ច ផ្លូវភេទក៏ដូចជាការដក់ជាប់អារម្មណ៍ភ័យខ្លាចរបស់ជនរងគ្រោះ រាជរដ្ឋាភិបាលកម្ពុជាសំរេចបានលទ្ធផលដ៏ធំធេងក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាលើស្រ្តី។
ក្រសួងកិច្ចការនារីបន្តថាយោងតាមរបាយ ការណ៍ពិនិត្យតាមដានអំពើអំហិង្សាលើស្រ្តី បង្ហាញ ថា មានការថយចុះបើប្រៀបធៀបនឹង ឆ្នាំ២០០៥។ ឧទាហរណ៍អត្រានៃបុរសកម្ពុជា ដែលបានគិតថា ការគប់គ្រវែងរបស់របរទៅលើស្រ្តីជារឿងសមហេតុផលបានថយចុះពី៦៩%មកត្រឹម៤១%។ អត្រានៃការវាយដំលើស្រ្តីបាន ថយចុះពី៣២%មកត្រឹម១៦%។ ជាមួយគ្នានោះផងដែរយោងតាមទិន្នន័យថ្នាក់ឃុំសង្កាត់២០០៦ និង២០០៩បង្ហាញថាករណីអំពើហិង្សា មានការថយចុះជាបន្តបន្ទាប់៕
ចែករំលែកព័តមាននេះ