ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប គ្រោង​បើក​កិច្ចប្រជុំ​​ស្តីពី​ស្ថានការណ៍​នៅលីប៊ី

15 ឆ្នាំ មុន

អ្នកការទូត​នានា​និយាយ​ថា ក្រុមប្រឹក្សា​​សន្តិ​សុខ​​អង្គការ​សហប្រជាជាតិ​គ្រោងបើក​កិច្ចប្រជុំ​​មួយស្តីអំពី​​ស្ថានការណ៍​​បច្ចុប្បន្ន​​នៅប្រទេស​លីប៊ី ដោយ​កិច្ចប្រជុំ​​នេះនឹង​​រៀបចំ​​ឡើងនៅថ្ងៃទី​​២៤ មីនា ខាង​មុខនេះ ។ ​សេចក្តី​សម្រេច​​ចិត្ត​​​ពីការ​បើក​កិច្ចប្រជុំ​​​នេះ​​ធ្វើឡើង​​​ដោយក្រុមប្រឹក្សា​​សន្តិ​សុខ​ ដែលមាន​​ប្រទេស​​​១៥​ជា​សមាជិក នៅ​ពេល​បញ្ចប់​កិច្ចប្រជុំ​​សម្ងាត់​​​បិទទ្វារ​មួយ ។​

តាម​​ប្រភពព័ត៌​មាន​​ថា អគ្គ​លេខាធិការ​​​អង្គ​ការ​សហប្រជាជាតិ​​លោក​​បាន គីមូន ​ដែល​កំពុង​​បំពេញ​ទស្សនកិច្ច​​នៅប្រទេស​​​​អេហ្ស៊ីប ​និង​ប្រទេស​​ទុយ​នីស៊ី ​ត្រូវបាន​​គេ​រំពឹង​​ថា នឹង​​​ចូលរួម​​​​កិច្ចប្រជុំ​​​នោះ​ដែរ ។​ កិច្ច​ប្រជុំ​នោះរបស់​ក្រុមប្រឹក្សា​​សន្តិសុខ​​​ត្រូវ​ធ្វើ​ឡើង​​​តបតាម​​សំណើ​របស់​​រដ្ឋាភិបាល​​លីប៊ី​​​ដឹក​នាំ​ដោយ​លោក​មូអាម៉ា កាដាហ្វី ។ មុននេះ​​រដ្ឋ​មន្ត្រី​​​​ការបរទេស​លីប៊ី ​លោក Musa  Kousa បានផ្ញើ​លិខិត​​មួយច្បាប់ជូន​ក្រុម​ប្រឹក្សា​​សន្តិសុខ អ.ស.ប ​អំពាវ​នាវ​​​ឱ្យបើកកិច្ច​ប្រជុំ​​​​បន្ទាន់​មួយស្តីអំពីស្ថាន​​ការណ៍​បច្ចុប្បន្ន​​​របស់​លីប៊ី ៕​