រាជធានីភ្នំពេញ ៖ យុទ្ធនាការយ៉ាងក្តៅគគុកដែលបានដាក់ចេញដោយគណៈស្នងការនគរបាលរាជធានី ពិសេសការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនដែលកំពុងធ្វើចរាចរណ៍តាមផ្សារងងឹត ហើយឈានទៅចាប់ខ្លួនអ្នកជួញដូរអ្នកចែកចាយ និងអ្នកប្រើប្រាស់ប្រមាណជិត២០០នាក់ហើយបញ្ជូនទៅតុលាការ ។
ចំណែកសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌ៧មករា ក្នុងរយៈពេល២ទៅ៣ថ្ងៃនេះ បានចុះស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនពាក់ព័ន្ធគ្រឿងញៀន៣ករណី តាមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោយ៉ា គឹមអ៊ី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ការបង្ក្រាបក្រុមអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន៣ករណីខាងលើនេះ គឺឃាត់ខ្លួនបានមនុស្ស៦នាក់ និងដកហូតថ្នាំញៀនជាមួយឧបករណ៍ប្រើប្រាស់មួយចំនួន។
លោកវរសេនីយ៍ត្រីសយ ចាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ៧មករាបានឱ្យដឹងថា ករណីទី១ កាលពីថ្ងៃទី២៦ កុម្ភៈ ឃាត់ខ្លួនជនល្មើសម្នាក់ឈ្មោះជៀង តេវ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលម្តុំផ្ការាំទឹករាំ ផ្លូវលេខ១៣៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានម៉ាទឹកកកចំនួន១កញ្ចប់តូច ម៉ូតូសេ១២៥ ពណ៌ខ្មៅ១គ្រឿង ស៊េរី២០០៨ ប្រាក់៥ដុល្លារ និង២០.០០០រៀល ។
ករណីទី២ នៅថ្ងៃទី២៨ កុម្ភៈ ឃាត់ខ្លួនមនុស្ស២នាក់គឺឈ្មោះប៊ុន សាលី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១E2 ផ្លូវលេខ២៨៦ សង្កាត់អូឡាំពិក ខណ្ឌចំការមន និងឈ្មោះវ៉ា សុវណ្ណខេមរា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបញ្ចូលបទភ្លេងទូរស័ព្ទ ស្នាក់នៅផ្ទះលេខ១៧៧ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។ ពួកគេត្រូវបានឃាត់ខ្លួននៅផ្ទះសំណាក់ចន្ទ្រា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ព្រមទាំងដកហូតបានថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន ។
ករណីទី៣ កាលពីថ្ងៃទី២៨ កុម្ភៈ ដែរឃាត់ខ្លួនមនុស្ស៣នាក់ នៅផ្ទះសំណាក់ឡាក់គី១ បន្ទប់លេខ៧០៩ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដកហូតបានថ្នាំញៀនម៉ាទឹកកកមួយចំនួន ព្រមទាំងឧបករណ៍ប្រើប្រាស់ ។ ជនទាំង៣នាក់នេះមាន ១-ឈ្មោះហួរ ផេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ការ៉េម ស្នាក់នៅផ្ទះលេខ៧E1 ផ្លូវលេខ១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ២-ឈ្មោះវី ង៉ុកហឿង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរជាស្រីខារ៉ាអូខេ ស្នាក់នៅផ្ទះជួលម្តុំផ្សារច្បារអំពៅ ខណ្ឌមានជ័យ ៣-ឈ្មោះហ្វៀង ធីម៉ាយ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរជាស្រីបម្រើខារ៉ាអូខេនៅហាងយ៉ាងចូវ ស្នាក់នៅផ្ទះជួលម្តុំផ្សារច្បារអំពៅ ខណ្ឌមានជ័យ ។
ក្រោយពីឃាត់ខ្លួន ជនជាប់ពាក់ព័ន្ធទាំង៣ករណី និងវត្ថុតាងត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រគល់ឱ្យតុលាការតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ