ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីដេអូឃ្លីបបង្ហាញស្ត្រីឃោរឃៅទាត់ធាក់ក្មេងស្រីឥតមេត្តា បង្កការក្តៅក្រហាយពីសាធារណជន តែរកប្រភពមិនឃើញ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជិត​១​សប្តាហ៍​មក​ហើយ​ដែល​​ឈុត​វីដេអូ​ឃ្លីប​មួយ​មាន​ថិរ​វេលា​ប្រមាណ​ជាង​២ ​នាទី​ត្រូវ​បាន​គេ​ចម្លង​តៗ​គ្នា​ពី​ទូរស័ព្ទ​ដៃ​មួយ​ទៅ​ទូរស័ព្ទ​ដៃ​មួយ​ ទៀត ឬ​និយាយ​តាម​ភាសា​បច្ចេក​ទេស​ថា«បា.ញ់​ប៊្លូធូ»​តាម​រយៈ​ទូរស័ព្ទ​​ទំនើប ។ ឈុត​វីដេអូ​ឃ្លីប​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ខឹង​សម្បា​​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​ប្រជា​ពល​រដ្ឋ​ សំរាប់​អ្នក​ដែល​បាន​ឃើញ​រូប​ភាព​ក្នុង​ឈុត​វីដេអូ​នេះ ដែល​នោះ​គឺ​​ការ​ប្រើ​អំពើ​ហិ.ង្សា​ពី​សំណាក់​ស្ត្រី​ម្នាក់​វាយ​ទាត់​ធាក់​ លើ​ក្មេង

រាជធានីភ្នំពេញ ៖ ជិត​១​សប្តាហ៍​មក​ហើយ​ដែល​​ឈុត​វីដេអូ​ឃ្លីប​មួយ​មាន​ថិរ​វេលា​ប្រមាណ​ជាង​២​នាទី​ត្រូវ​បាន​គេ​ចម្លង​តៗ​គ្នា​ពី​ទូរស័ព្ទ​ដៃ​មួយ​ទៅ​ទូរស័ព្ទ​ដៃ​មួយ​ទៀត ឬ​និយាយ​តាម​ភាសា​បច្ចេក​ទេស​ថា«បាញ់​ប៊្លូធូ»​តាម​រយៈ​ទូរស័ព្ទ​​ទំនើប ។ ឈុត​វីដេអូ​ឃ្លីប​នេះ បាន​បង្ក​ឱ្យ​មាន​ការ​ខឹង​សម្បា​​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​ប្រជា​ពល​រដ្ឋ​សំរាប់​អ្នក​ដែល​បាន​ឃើញ​រូប​ភាព​ក្នុង​ឈុត​វីដេអូ​នេះ ដែល​នោះ​គឺ​​ការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​ស្ត្រី​ម្នាក់​វាយ​ទាត់​ធាក់​លើ​ក្មេង​ស្រី​តូច​ដែល​មាន​អាយុ​ក្រោម​៣​ឆ្នាំ ។ ការ​វាយ​ដំ​នោះ ជា​ភាព​អមនុស្ស​ធម៌​បំផុត​ ដែល​ទទួល​នូវ​ការ​​ថ្កោល​​ទោស​ដោយ​សារ​តែ​ស្ត្រី​នោះ​​ហាក់​​បី​ដូច​ជា​​មនុស្ស​ឆ្កួត ឬ​មនុស្ស​ឡប់​សតិ​ដែល​ធ្វើ​បាប​ក្មេង​ស្រី​តូច​នោះ​គ្មាន​​ក្តី​​មេត្តា​បន្តិច​ណា​សោះ​ឡើយ មិន​មែន​ត្រឹម​តែ​ទាត់​ឱ្យ​ដួល​ប្រកាច់​ប្រកិន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ហក់​​ទៅ​ទន្ទ្រាំ​ពី​លើ​ថែម​ទៀត ក្រោម​សំ​រែក​ក្មេង​ស្រី​ដែល​ឈឺ​ចុក​ចាប់ និង​គ្មាន​អ្នក​ណា​ម្នាក់​មក​ជួយ​នាង​តូច​នោះ​បាន ។

តើ​រូប​ភាព​នេះ​​ចេញ​ពី​ប្រភព​ណា? នេះ​ជា​សំណួរ​ដែល​កោះ​សន្តិ​ភាព​បាន​ស្វែង​រក​តាម​ការ​ផ្តល់​ព័ត៌​មាន​ដែល​មិន​ច្បាស់​ការណ៍​នានា ដោយ​សារ​តែ​ការ​និយាយ​តៗ​គ្នា​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់ ។ ព័ត៌​មាន​ដំបូង​បាន​និយាយ​ថា ស្ត្រី​ដែល​បង្ក​អំពើ​ហិង្សា​គួរ​ឱ្យ​ស្អប់​ខ្ពើម​នេះ គឺ​ជា​អ្នក​ស៊ីឈ្នួល​មើល​កូន​ឱ្យ​គេ​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ។ តាម​ពិត​ការ​អះ​អាង​ពី​ប្រភព​នេះ​មិន​បាន​បញ្ជាក់​ច្បាស់​ទេ ព្រោះ​ក្នុង​ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ មាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី១ ទី​២ និង​ទី​៣ ។ ប្រភព​នោះ​និយាយ​អះ​អាង​ទៀត​ថា អ្នក​ផ្សារ​ដេប៉ូ​មាន​កំហឹង​ខ្លាំង​ណាស់​ កាល​បើ​ឃើញ​រូប​នេះ ហើយ​និយាយ​ថា ឪពុក​ក្មេង​ស្រី​ក្តៅ​​ក្រហាយ នឹង​ស្ត្រី​បំរើ​នោះ​ខ្លាំង​ពេក មុន​ចាប់​ខ្លួន​ឱ្យ​ប៉ូលិស​បាន​ទាត់​ស្ត្រី​ចិត្ត​ខ្មៅ​នោះ​បាក់​ឆ្អឹង​ជំនីរ​​ថែម​ទៀត ។ យោង​តាម​ប្រភព​នេះ​បាន​បន្ថែម​ថា បាន​ជា​មាន​ការ​ថត​បាន​រូប​ភាព​ស្ត្រី​បំរើ​វាយ​កូន​ម្ចាស់​ផ្ទះ​នេះ ដោយ​សារ​ឪពុក​​ម្តាយ​​ចេះ​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​កូន​ស្រី​របស់​ខ្លួន​មាន​ស្នាម​ជាំ​ពេញ​ខ្លួន​​​បែប​នេះ ។ ប្រភព​ព័ត៌​មាន​ខាង​លើ​នេះ មិន​សម​ទំនង​នោះ​ទេ ដោយ​សារ​តែ​ឪពុក​ម្តាយ​គ្រប់​រូប​អាច​នឹង​មាន​ប្រតិ​កម្ម​ចំពោះ​ការ​វាយ​ទាត់​ធាក់​កូន​របស់​ខ្លួន​ ហើយ​ក៏​មិន​អាច​ទុក​ឱ្យ​រូប​ភាព​នេះ​ផ្សាយ​មុន​ការ​ចាប់​ខ្លួន​នោះ​ទេ ។

កោះ​សន្តិ​ភាព​បាន​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​កាន់​លោក​ប្រធាន​ប៉ុស្តិ៍​​ផ្សារ​ដេប៉ូ​ទី​១ និង​ទី២ ព្រោះ​មាន​ភូមិ​សាស្ត្រ​ជាប់​គ្នា​ តែ​ត្រូវ​បាន​បដិ​សេធ​ពី​ព័ត៌​មាន​នោះ​ថា មិន​មាន​កើត​ឡើង​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​របស់​ខ្លួន​នោះ​ទេ ហើយ​ការ​និយាយ​នោះ គឺ​ជា​ពាក្យ​ចចាម​អារ៉ាម ។ កោះ​សន្តិ​ភាព​បាន​សាក​សួរ​បន្ថែម​ដល់​​លោក​អធិ​ការ​ហួត​ ចាន់​យ៉ា​រ៉ាន់ ហើយ​លោក​ក៏​បាន​បដិ​សេធ​ថា មិន​មាន​រឿង​រ៉ាវ​បែប​នេះ​កើត​ឡើង​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ទេ ។ ជា​ការ​​កត់​សំគាល់​ប​ន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ទូទៅ​ថា កើត​មាន​នៅ​ផ្សារ​ដេប៉ូ​ក៏​ល្បី​ថា​ នៅ​សង្កាត់​វាល​វង់​ ខណ្ឌ​៧​មករា​ឯ​ណោះ​ទេ ព្រោះ​ភូមិ​សាស្ត្រ​នៅ​ទល់​មុខ​គ្នា​នឹង​សង្កាត់​ផ្សារ​ដេប៉ូ ។ តាម​ប្រភព​ថ្មី​នេះ​និយាយ​ទៀត​ថា សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​ស្ត្រី​ឃោរ​ឃៅ​នោះ​ហើយ ។ ការ​ទាក់​ទង​ទៅ​សមត្ថ​កិច្ច​ខណ្ឌ​៧​មករា ជុំវិញ​ការ​ចាប់​ខ្លួន​នេះ ត្រូវ​បាន​បដិ​សេធ​ថា គ្មាន​ការ​ចាប់​ខ្លួន​ស្ត្រី​ណា​​ម្នាក់​ពី​​បទ​ប្រើ​ហិង្សា​ទៅ​​លើ​​ក្មេង​ស្រី​នោះ​ទេ ។ នៅ​មាន​ប្រភព​ជា​ច្រើន​​ទៀត​បាន​និយាយ​តៗ​គ្នា​ជា​ក្អែក​១​ ក្អែក​១០​ជុំ​វិញ​វីដេ​អូ​ឃ្លីប​នេះ​ តែ​ប្រភព​ចេញ​មក​ពី​​ណា​នោះ​ មិន​ត្រូវ​បាន​រក​ឃើញ​​ឡើយ ។

សំលេង​ទូរស័ព្ទ​ពី​អស់​លោក​​អ្នក​​អាន​បាន​បន្លឺ​ឡើង​មិន​ឈប់​ឈរ​នៅ​ទី​ចាត់​ការ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ជុំ​វិញ​វីដេ​អូ​ឃ្លីប​​នោះ ហើយ​បាន​សួរ​ថា ហេតុ​អ្វី​ក៏​សារ​ព័ត៌​មាន​មិន​ផ្សាយ​ពី​រឿង​រ៉ាវ​ស្ត្រី​បំរើ​វាយ​ក្មេង​ស្រី​នោះ ព្រោះ​ឮ​ថា​សមត្ថ​​កិច្ច​បាន​ចាប់​ខ្លួន​ហើយ​នោះ ។ អស់​លោក​អ្នក​អាន​ទាំង​នោះ​បាន​បង្ហាញ​នូវ​កំហឹង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ទង្វើ​​អមនុស្ស​ធម៌​នេះ ។ ទោះ​បី​ជា​បែប​ណា​វា​មាន​សារ​សំខាន់​ណាស់​សំរាប់​ការ​ធ្វើ​វិភាគ​​នៅ​ជុំវិញ​​ការ​ផ្សព្វ​ផ្សាយ​វីដេ​អូ​ឃ្លីប​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់​នេះ ។ មន្ត្រី​ប៉ូលិស​មួយ​រូប​បាន​និយាយ​ថា បើ​សិន​ជាហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះ​ប្រហែល​ជា​រក​ឃើញ​ ហើយ​ក៏​អាច​វែក​មុខ​​​មុន​ពេល​វីដេអូ​នេះ​ផ្សព្វ​ផ្សាយ​ទៅ​ទៀត ។ មន្ត្រី​ដដែល​និយាយ​ថា រូប​ភាព​ដែល​ថត​បាន​នេះ គឺ​តាម​រយៈ​កាមេ​រ៉ា​ដែល​បង្កប់​ក្នុង​ផ្ទះ​នោះ សួរ​ថា​តើ​ការ​បង្កប់​កាមេ​រ៉ា​នេះ ​មាន​លំនៅ​ឋាន​ប៉ុន្មាន​បាន​ដាក់​កាមេ​រ៉ា​នេះ កន្លែង​ដែល​គេ​គិត​គូរ​មុន​នោះ​ គឺ​ក្រុម​ហ៊ុន ឬ​ហាង​លក់​ដូរ​ធំៗ​ ពិសេស​កន្លែង​លក់​គ្រឿង​អលង្ការ ស្ថានីយ​ប្រេង ។ល។ ចុះ​ហេតុ​អ្វី​ក៏​គេ​បង្កប់​ថត​ក្នុង​ល្វែង​ផ្ទះ​ទៅ​វិញ ។

តាម​រយៈ​វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ការ​ថត​​ពី​សកម្ម​ភាព​ស្ត្រី​ម្នាក់​កាត់​សក់​ខ្លី​មើល​ក្មេង​២​នាក់​ គឺ​ក្មេង​ប្រុស​តូច​អង្គុយ​លើ​​កៅអី​កំពុង​ទទួល​ការ​បញ្ចុក​បាយ ពេល​នោះ​ក្មេង​ស្រី​អាច​ជា​បង​មាន​អាយុ​ក្រោម​៣​ឆ្នាំ ឬ​លើស​នេះ​ដើរ​មក​ក្បែរ ស្រាប់​តែ​ស្ត្រី​កំណាច​នេះ​ទាត់​ខ្ទាត​​ទៅ​ជញ្ជាំង​ម្ខាង ដែល​មាន​ចំងាយ​​ប្រមាណ​៤​ម៉ែត្រ រួច​ក៏​មាន​ការ​វាយ​ដំ​លោត​ធាក់​ និង​ហក់​ទៅ​ទន្ទ្រាំ​ពី​លើ​មិន​ដឹង​ថា ក្មេង​ស្រី​នោះ​​បាក់​ឆ្អឹង ឬ​បែប​ណា​ទេ ​ធ្វើ​ឱ្យ​នាង​តូច​ស្រែក​យំ​​គួរ​ឱ្យ​រន្ធត់​ ។ ទិដ្ឋ​ភាព​ដ៏​ឃោរ​ឃៅ​នេះ ​បើ​សិន​ជា​យើង​គ្រប់​គ្នា​មាន​​ចៅ ឬ​កូន​អាយុ​ស្របាល​ក្មេង​ស្រី​តូច​នេះ ប្រហែល​ជា​ទ្រាំ​មើល​មិន​ចប់​​ទេ​ ទោះ​បី​ជា​វា​បាន​បង្ហាញ​ក្នុង​រយៈ​ពេល​ជាង​២​នាទី​ក្តី ។

ការ​វិភាគ​ខ្លះ​ទៀត​ថា ​រូប​ភាព​វីដេអូ​ឃ្លីប​នេះ​ទំនង​ជាត្រូវ​​បាន​ជន​ណា​ម្នាក់​យក​ចេញ​ពី​អ៊ីន​ធើរ​ណេត​ ហើយ​ទិដ្ឋ​ភាព​នេះ​​អាច​មិន​មែន​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ និង​អាច​ថា​​បាន​កើត​ឡើង​នៅ​ថៃ ម៉ាឡេ​ស៊ី ឬ​ហ្វ៊ី​លីពីន ។ នេះ​មិន​​មែន​ជា​រឿង​ទី​១ ទេ ដែល​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​ការ​យក​រូប​ភាព​ផ្សេងៗ​មក​ផ្សព្វ​ផ្សាយ​ដូច​ជា​មនុស្ស​ពស់ ឬ​ការ​​អារ.ក​មនុស្ស​សំលាប់​ឆៅៗ​ជា​ដើម ។ ទោះ​បី​ជា​បែប​ណា​ការ​ផ្សព្វ​ផ្សាយ​រូប​ភាព​ដ៏​ឃោរ​ឃៅ​នេះ គឺ​ជា​កំហុស​ផ្នែក​មន​សិការ​មួយ ព្រោះ​ថា សង្គម​ខ្មែរ​ស្អប់​ខ្ពើម​ណាស់​​​អំពើ​អមនុស្ស​ធម៌​ទាំង​ឡាយ​ ដូច្នេះ​​មិន​មាន​ភាព​ចំណេញ​ណា​មួយ​សំរាប់​ខ្លួន​នោះ​ទេ គួរ​​គប្បី​បោះ​បង់​ចោល​គំនិត​បែប​ខុស​ឆ្គង​នេះ ។ ជា​មួយ​គ្នា​នេះ វីដេអូ​ឃ្លីប​ដែល​កំពុង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នេះ​ហាក់​កំពុង​បន្ទរ​ដោយ​ការ​ផ្សាយ​បន្ត​និយាយ​ចោទ​ប្រកាន់​ទៅ​លើ​ស្ត្រី​ជា​ឈ្នួល​ចិត្ត​អប្រិយ​សាហាវ​ឃោរ​ឃៅ​ តែ​ពួក​គេ​មិន​បាន​គិត​ថា កំពុង​តែ​នាំ​គ្នា​ថ្កោល​ទោស​ទៅ​លើ​ស្ត្រី​ក្រីក្រ​ស៊ីឈ្នួល​បំរើ​គេ​ប្រៀប​​​ដូច​ទាស​ករ​​ប្តូរ​​យក​ប្រាក់​បន្តិច​បន្តួច​ត្រូវ​​គេ​ជេរ​មុខ​​ជេរ​ក្រោយ​ តើ​​បែប​ណា​ទៅ​វិញ ។ ទោះ​បី​ជា​បែប​ណា និង​ទោះ​បី​​ជា​រឿង​រា៉វ​នេះ​មាន​ប្រភព​ពី​ណា​ក៏​ដោយ​ ក៏​យើង​ត្រូវ​តែ​ថ្កោល​ទោស​ចំពោះ​ទង្វើ​កំណាច​ឃោរ​ឃៅ​របស់​ស្ត្រី​រូប​នេះ​ដែរ ​៕