រាជធានីភ្នំពេញ ៖ ផ្ទះឈើ២ខ្នងក្បែរគ្នាត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង (សល់ជញ្ជាំងតិចតួច ប្រើការអត់កើត) បញ្ចេញអណ្តាតភ្លើងសន្ធោសន្ធៅក្រហមច្រាល ផ្សែងខ្មៅខ្មួលខ្មាញ់ ក្រសោបជាដុំៗ ហោះឡើងទៅលើអាកាសវេហាស៍ បង្កឱ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំងដល់អ្នករងគ្រោះ និងអ្នកនៅក្បែរកន្លែងកើតហេតុ…សំឡេងប្រកូកប្រកាសជួយផង! បានបន្លឺឡើងយ៉ាងរន្ថើនរញៀវ តម្លង់អ៊ូអរ ខណៈអ្នកខ្លះជញ្ជូនអីវ៉ាន់ និងទ្រព្យសម្បត្តិ គេចចេញពីអណ្តាតភ្លើងកំណាច លាយឡំនឹងស៊ីរ៉ែនរថយន្តពន្លត់អគ្គីភ័យ ទើបតែទៅដល់បណ្តើរៗ ស្វែងរកចំណតដើម្បីតាំងជំហរបាញ់ទឹកពន្លត់ភ្លើង ។
អគ្គីភ័យនេះឆាបឆេះឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១០ មីនា ២០១១ នៅទល់មុខចម្ងាយប្រមាណ៣០០ម៉ែត្រពីមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (វិទ្យុ 102 Mhz) តាមផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ ផ្ទះឈើ២ខ្នងនេះជាគ្រួសារអ្នកមានជីវភាពអន់ខ្សោយ ហើយព័ទ្ធជុំវិញផ្ទះរងគ្រោះសុទ្ធសឹងជាផ្ទះល្វែង និងផ្ទះវីឡាថ្មរបស់អ្នកមានជីវភាពធូរធារ ឬអ្នកមាន ដូច្នេះអណ្តាតភ្លើងមិនងាយរាលដាលទេ ហើយម្យ៉ាងទៀត រថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចបានទៅដល់ត្រឹមពេលអណ្តាតភ្លើងឃោរឃៅលេបត្របាក់អស់ផ្ទះឈើ២ខ្នងនេះល្មម ក៏បាញ់ទឹកបង្ក្រាបឱ្យបាក់បបខ្លបខ្លាចរលត់សូន្យសុងនៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃដដែល ។
ម្ចាស់លំនៅឋានទាំង២ខ្នងនោះម្នាក់ឈ្មោះផុន សារឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជាជាងសំណង់ និងម្នាក់ទៀតឈ្មោះស្រី នី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់មាន់ ។ ក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងចូលទៅអន្តរាគមន៍បាញ់ពន្លត់ទើបអណ្តាតភ្លើងរលត់សូន្យសុងពុំរាលដាលដល់លំនៅឋានផ្សេងៗទៀត ម្យ៉ាងទៀត ដោយសារលំនៅឋានផ្សេងជាប់ៗគ្នានោះ គឺជាសំណង់ធ្វើអំពីថ្មទើបភ្លើងពុំឆេះរាលបាន ។ សូមបញ្ជាក់ថា លំនៅឋានដែលជួបគ្រោះអគ្គីភ័យនេះ គឺជាសំណង់មិនរៀបរយ ហើយក្នុងហេតុការណ៍ខាងលើម្ចាស់លំនៅឋានផ្សេងៗទៀត ក៏ភ័យស្លន់ស្លោគ្រប់ៗគ្នាដែរ ។
ផ្ទះ២ខ្នងខាងលើ ធ្វើអំពីឈើប្រក់ស័ង្កសីដែលមួយខ្នងៗ មានទទឹង៣ម៉ែត្រ បណ្តោយ៦ម៉ែត្រ ។ ម្ចាស់ផ្ទះទាំង២ខ្នងបានរៀបរាប់ថា ទ្រព្យសម្បត្តិបន្តិចបន្តួចក្នុងផ្ទះត្រូវភ្លើងឆាបឆេះអស់ហ្មត់ទាំងស្រុងតែម្តង ។ ឧប្បត្តិហេតុនេះ ក៏បណ្តាលឱ្យបុរសឈ្មោះផុនសារឿន រងរបួសដៃស្តាំដោយសារភ្លើងចង្ក្រានហ្គាសឆេះផងដែរ ខណៈគាត់កាច់គន្លឹះចង្ក្រានចំអិនអាហារ ហើយក៏ផ្ទុះឆេះឡើង ៕
ចែករំលែកព័តមាននេះ