រាជធានីភ្នំពេញ ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានរាជធានីកាលពីថ្ងៃទី២ មីនា កន្លងមកនេះបានចាប់ខ្លួនជន៣នាក់ ក្នុងនោះម្នាក់ជាប់ចោទពីបទជួញដូរគ្រឿងញៀន និង២នាក់ទៀតជាប់សង្ស័យពីបទប្លន់។
យោងតាមរបាយការណ៍របស់ប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានឱ្យដឹងថា ជនសង្ស័យ២នាក់ជាប់ចោទពីបទធ្វើសកម្មភាពប្លន់យកម៉ូតូស្គូពីពីជនរងគ្រោះកាលពីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១១ នៅម្តុំក្រោយសណ្ឋាគារផ្កាឈូកទិព្វ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ហើយគេចខ្លួនបាត់រហូតដល់ថ្ងៃទី២ មីនា ទើបប៉ូលិសតាមប្រមាញ់បានជាបន្តបន្ទាប់។ ជនទាំង២នាក់នេះ ម្នាក់ឈ្មោះលីម ផាន់ណា ភេទប្រុស ឆ្នាំកំណើត១៩៨៩ ស្នាក់នៅផ្ទះលេខ១៣B ផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងម្នាក់ទៀតឈ្មោះង៉ែត រិទ្ធ ភេទប្រុស ឆ្នាំកំណើត១៩៨៨ ស្នាក់នៅភូមិសណ្តោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
របាយការណ៍បញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១ វេលាម៉ោង៦ព្រឹក ជនរងគ្រោះឈ្មោះភាពរ៉ា ម៉ារីរស្មី បានជិះម៉ូតូម៉ាកស្គូពីពណ៌លឿងខ្ចី ស៊េរី២០១១ ពាក់ស្លាកលេខ១AS០៥១៦មកផឹកកាហ្វេនៅក្រោយសណ្ឋាគារផ្កាឈូកទិព្វ ស្ថិតក្នុងសង្កាត់ផ្សារដើមគ។ ខណៈពេលជនរងគ្រោះជិះម៉ូតូមកដល់មុខហាងកាហ្វេស្រាប់តែជនឈ្មោះផាន់ណាដើរមកជិត ដកកាំភ្លើងខ្លីភ្ជង់គំរាមយកម៉ូតូ ហើយដោយមានការភិតភ័យម្ចាស់ម៉ូតូក៏ប្រគល់ម៉ូតូទៅឱ្យជនល្មើស ហើយជនឈ្មោះផាន់ណានេះក៏ប្រគល់ម៉ូតូឱ្យទៅឈ្មោះក្អូន ព្រមទាំងបក្សពួកជិះគេចខ្លួនបាត់តែម្តង។ ប៉ុន្តែការគេចខ្លួនរបស់ជនទាំងនេះមិនរួចពីការតាមប្រមាញ់របស់សមត្ថកិច្ចឡើយ គឺក្រោយពីប្លន់ម៉ូតូ ហើយមិនបាន១ខែផងក៏ត្រូវប៉ូលិសចាប់ខ្លួនបាន ។
ដោយឡែកជនសង្ស័យជួញដូរគ្រឿងញៀនដែលត្រូវប៉ូលិសឃាត់ខ្លួនឈ្មោះនុត កែវរចនា ឆ្នាំកំណើតឆ្នាំ១៩៧៩ ស្នាក់នៅផ្ទះជួលតាមផ្លូវចោមចៅ សង្កាត់ចោមចៅ ខណ្ឌដង្កោ ហើយជាមួយនឹងការឃាត់ខ្លួនជននេះសមត្ថកិច្ចដកហូតបានគ្រឿងញៀន១កញ្ចប់តូច ។ គួរបញ្ជាក់ថា ការឃាត់ខ្លួនជនល្មើសប្លន់ម៉ូតូចំនួន២នាក់ខាងលើ ប៉ូលិសក៏ដកហូតបានម៉ូតូសេ១០០មួយគ្រឿង និងម៉ូតូគុប១គ្រឿងផងដែរ ៕
ចែករំលែកព័តមាននេះ