ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់ពង្រាយ​រថក្រោះ​​ជា​ច្រើន​គ្រឿងនៅ​ក្នុង​រដ្ឋធានី​​​យេម៉ែន

15 ឆ្នាំ មុន

រថក្រោះ​ជាច្រើនគ្រឿង​​ត្រូវបាន​ដាក់​​ពង្រាយ​​នៅ​បរិវេណ​​ខាងក្រៅ​វិមាន​​​ប្រធានាធិប​តី​យេម៉ែន កាលពី​ល្ងាចថ្ងៃទី​​២១ មីនា កន្ល​ងមក ​​ក្រោយពី​​ឧត្តមសេនីយ៍​​​ជាន់ខ្ពស់​មួយ​រូបបាន​​ប្រកាស​ផ្តាច់ខ្លួន​​ចូលរួមធ្វើបាតុកកម្ម​​ទាមទារ​​ឱ្យ​លោកប្រធានាធិបតី​​អាលីអាប់​ឌុលឡាហ៍​ សាឡេហ៍ ចុះចេញពីតំណែង​​ ។​
តាម​​ប្រភពព័ត៌មាន​​ AFP ថា រថក្រោះ​​ជា​ច្រើន​គ្រឿង​ត្រូវបានដាក់ពង្រាយ​​នៅ​តាម​គោល​ដៅ​​សំខាន់​ៗ​ក្នុង​ទូទាំង​ទីក្រុង​​សាណា​ រដ្ឋ​ធានី​យេ​ម៉ែន ​ពិសេស​នៅវិមាន​ប្រធានាធិបតី​​​ ធនាគារ​កណ្តាល​ និងក្រសួង​​​ការពារ​ប្រទេស ។ ​ការ​​ដាក់​ពង្រាយ​​​​រថក្រោះ​​នេះធ្វើឡើង​​នៅពេល​ឧត្តម​សេនីយ៍​ Ali Mohsen al-Ahmar ជា​មេ​បញ្ជា​ការ​​កង​ទ័ព​​​ថ្មើរជើង​​ រថពាសដែក ​ប្រកាស​​ថា រូប​លោក​​នឹង​ចូលរួមធ្វើបដិវត្ត​​​ន៍​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ជា​ច្រើនរូបទៀត ដើម្បីទម្លាក់​​​​លោក​សា​ឡេហ៍​ ចេញពីតំណែង​​​ ។​
លោក al-Ahmar ថ្លែង​ថា ​ពេលនេះ​វិបត្តិ​​​នៅ​ក្នុង​ប្រទេស​​កាន់តែ​​មាន​​ភាពស្មុគស្មាញ​​​​ដែល​ជំរុញ​​ឱ្យប្រទេស​​កើត​មាន​អំពើ​ហិង្សា​ និង​សង្គ្រាម​​​ស៊ីវិល ។​
លោក Al-Ahmar ជា​មន្ត្រី​​យោធា​ជាន់ខ្ពស់​​​បំផុត​​គាំទ្រ​ក្រុមប្រឆាំង​​ដែលបាន​ធ្វើបាតុ​កម្ម​​អស់រយៈ​ពេល​ជា​ច្រើន​​សប្តាហ៍​មក​​ ហើយ​ទាម​ទារ​​​​ឱ្យលោកប្រធានាធិបតី​​អាលី​អាប់​ឌុល​ឡាហ៍ ​សាឡេហ៍ ​ដែលកាន់អំណាច​អស់​រយៈ​ពេល​​៣២​ឆ្នាំ ​មកហើយ ​ចុះ​ចេញពីតំណែង​​​ ។​
លោក Al-Ahmar បានប្រកាស​ផ្តាច់ខ្លួន​ពី​រដ្ឋាភិបាល​​របស់​លោក​សាឡេហ៍ ​រយៈ​ពេល​​​មួយ​​ថ្ងៃ​​​ក្រោយ​ពី​លោក​​សាឡេហ៍ ​​​រំលាយ​រដ្ឋាភិ​បាល​របស់​លោក​​មក។
លោកសាឡេហ៍ កាន់តែ​​ឯកោ​ទោះបីជា​​កង​ទ័ព​​ប្រកាស​ថា ​នៅតែ​គាំទ្រ​លោក​ក៏ដោយ ។ ​ក្រៅពី​​ពួក​នាយ​ទាហាន​​​មួយ​ចំនួន​​​ចាកចោល​​ជួរ ឯកអគ្គ​រដ្ឋ​ទូត​​យេម៉ែន​​ប្រចាំ​ប្រទេស​ស៊ីរី លីបង់ និង​អារ៉ាប៊ី​ សាអូឌីត ​បានសុំ​លាលែង​​ ក៏ដូច​ជា​​នាយក​​នៃ​​ទីភ្នាក់ងារ​​​ព័ត៌​មាន​​​រដ្ឋដែរ ៕