ខេត្តឧត្តរមានជ័យ ៖ ហេតុការណ៍បាញ់រះរបស់ទាហានសៀមទៅលើប្រជាពលរដ្ឋខ្មែរបានកើតឡើងជាថ្មីទៀតហើយបណ្តាលឱ្យមនុស្សម្នាក់របួសធ្ងន់ត្រូវចាប់ខ្លួន និងបាត់ខ្លួនម្នាក់ ហើយមនុស្ស១១នាក់ទៀត ក្នុងនោះក៏មានរបួសស្រាលម្នាក់បានរត់រួចមកដល់ភូមិវិញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ពលរដ្ឋខ្មែរឈ្មោះឈឿន ញូង ភេទប្រុស អាយុ៣៨ឆ្នាំ បានរងរបួសបាក់ភ្លៅ ហើយត្រូវទាហានឈុតខ្មៅសៀមចាប់ខ្លួន ចំណែកអ្នករបួសស្រាលឈ្មោះហៀច ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ រីឯប្រជាពលរដ្ឋ១០នាក់ផ្សេងទៀត បានរត់គេចខ្លួនរួចពីការបាញ់សម្លាប់ដោយកាំភ្លើងពីក្រុមទាហានសៀម ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៩ មីនា កន្លងទៅ នៅចំណុចជប់អង្គញ់ក្នុងទឹកដីឃុំគោកមន ស្រុកបន្ទាយអំពិល ។
បើតាមសេចក្តីរាយការណ៍ពីមន្ត្រីប៉ូលិសការពារព្រំដែនគោកដែលសុំមិនបញ្ចេញឈ្មោះបានឱ្យកោះសន្តិភាពដឹងថា បច្ចុប្បន្នទោះបីជាដឹងថា ការឡើងភ្នំកាប់ឈើគ្រញូង គឺជាប្រការគ្រោះថ្នាក់ក្តី ក៏ក្រុមឈ្មួញឈើនៅតែបន្តជួលប្រជាពលរដ្ឋខ្មែរឱ្យឡើងទៅលើភ្នំដងរែក កាប់ និងអូសឈើគ្រញូងដដែល ។
មន្ត្រីប៉ូលិសរូបនោះបានបន្តថា ការជួលប្រជាពលរដ្ឋឱ្យឡើងទៅលើភ្នំដងរែកកាប់ឈើគ្រញូងនោះ បើតាមការសង្កេតឃើញថា ពួកឈ្មួញមិនជួលប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរៗបន្ទាត់ព្រំដែនទេ គឺច្រើនតែជួលប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗដែលគេនាំយកមកដាក់នៅចំណុចព្រំដែនណាមួយ ពេលប្រមូលផ្តុំគ្នាបានគ្រប់ចំនួនហើយ គឺពួកគេឱ្យប្រជាពលរដ្ឋទាំងនោះធ្វើសកម្មភាពឡើងភ្នំកាប់ឈើគ្រញូងទៅតាមការកំណត់របស់គេ ។ មន្ត្រីរូបនោះបានបញ្ជាក់ថា បានជាក្រុមឈ្មួញជួលតែប្រជាពលរដ្ឋចំណាកស្រុកបែបនេះមកពីងាយស្រួលក្នុងការបិទបាំងរឿងដែលទាហានសៀមធ្លាប់បាញ់បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ហើយបើមានបញ្ហាអ្វីមួយនោះ ពួកគេនឹងនាំចេញពីចំណុចកើតហេតុយកទៅព្យាបាលនៅខេត្តផ្សេង ។ ជាក់ស្តែងប្រជាពលរដ្ឋចំនួន១៣នាក់ ដែលមកពីតាមបណ្តាខេត្តផ្សេងៗក្រុមឈ្មួញបានជួលឱ្យឡើងភ្នំដងរែក ពេលត្រូវទាហានសៀមបាញ់ជនម្នាក់ដែលគេអះអាងថារបួសស្រាលនោះ ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ដោយឡែកប្រជាពលរដ្ឋដែលបានរត់គេចខ្លួនរួចទាំង១០នាក់ នោះត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិលធ្វើការឃាត់ខ្លួនបាន៦នាក់ យកមកធ្វើការសាកសួរផងដែរ ។ ទោះបីជាបែបណា ព័ត៌មាននៃការសាកសួរដល់ក្រុមអ្នកឡើងភ្នំនេះ មិនទាន់ដឹងថា ពួកគេត្រូវបានជួលដោយឈ្មួញឈ្មោះអ្វីនោះឡើយ។
ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងស្រុកបន្ទាយអំពិល បានឱ្យកោះសន្តិភាពដឹងថា នាពេលបច្ចុប្បន្ននេះក្រុមឈ្មួញកំពុងតែដឹកជញ្ជូនឈើប្រណីតដូចជាឈើគ្រញូង ឈើប្រភេទលេខ២ យ៉ាងគគ្រឹកគ្រេងក្នុងមួយយប់ៗធ្វើឱ្យពួកគាត់ថ្លង់នឹងម៉ាស៊ីនរថយន្តស្ទើរតែដេកពុំបានឡើយ និងមិនដែលឃើញមានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាមួយចេញមុខបង្ក្រាបឡើយ៕
ចែករំលែកព័តមាននេះ