ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីម៉ាក់ត្រូវ​​ការ​ថវិកា​ប្រមាណ​100លាន​ដុល្លារ​សម្រាប់​គាំ​ទ្រ​ការ​បោសសម្អាត​មីន​5ឆ្នាំ​ខាង​មុខ​

12 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖​ ​មន្ដ្រីជាន់ខ្ពស់​មជ្ឈ​មណ្ឌល​​សកម្មភាព​កម្ចាត់់​មីន​កម្ពុជា​​(ស៊ី​ម៉ាក់) ​បាន​ប្រកាស​ថា ​ស៊ី​ម៉ាក់​ត្រូវការ​ថវិកា​ប្រមាណ​ជាង​១០០​លានដុល្លារ សម្រាប់​គាំទ្រ​ប្រតិបត្ដិ​ការ​រយៈ​ពេល៥ឆ្នាំ​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​​បោស​សម្អាត​​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បន្សល់​ទុក​ពី​ភ្លើងស​ង្គ្រាម​រាប់​​ទ​ សវត្សរ៍​មកនេះ ​។

ខេត្ត​សៀម​រាប​ ៖​ ​មន្ដ្រីជាន់ខ្ពស់​មជ្ឈ​មណ្ឌល​​សកម្មភាព​កម្ចាត់់​មីន​កម្ពុជា​​(ស៊ី​ម៉ាក់)​បាន​ប្រកាស​ថា ​ស៊ី​ម៉ាក់​ត្រូវការ​ថវិកា​ប្រមាណ​ជាង​១០០​លានដុល្លារ សម្រាប់​គាំទ្រ​ប្រតិបត្ដិ​ការ​រយៈ​ពេល៥ឆ្នាំ​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​​បោស​សម្អាត​​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បន្សល់​ទុក​ពី​ភ្លើងស​ង្គ្រាម​រាប់​​ទ​សវត្សរ៍​មកនេះ ​។

អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាពកម្ចាត់​មីន​កម្ពុជា ​លោកហេង​ រតនា បាន​ថ្លែង​ថា​ ​ស៊ី​ម៉ាក់​​ក្នុ​ង​នាម​ជា​ប្រតិបត្ដិ​ករ​ជាតិ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ បាន​រៀបចំ​ផែនការ​រំកិល​រយៈពេល៥ឆ្នាំ របស់​ខ្លួន(២០១២​ទៅ២០១៧​)​ស្រប​តាមតម្រូ​វ​ការ​របស់​ប្រជាពលរដ្ឋ​ និង​រាជ​រដ្ឋាភិបាល​ ដោយធ្វើ​យ៉ាងណាធ្វើការ​បោស​សម្អាត​​ផ្ទៃដី​ចម្ការ​មីន​ជិត៥ម៉ឺនហិ​កតា​ និង​រំដោះ​ផ្ទៃដី​ចម្ការ​មីន​សង្ស័យចំនួន១០ម៉ឺនហិ​កតា នៅ​ទូ​ទាំង​ប្រទេស​ ។ ដើម្បី​សម្រេច​បាន​ផែនការ​នេះ ស៊ី​ម៉ាក់​ត្រូវការ​ធន​ធាន​ទាំង​សម្ភារ  ទាំង​ថវិកា​ជាង១០០លាន​ដុល្លារ ក្នុង​ការ​គាំទ្រ​ប្រតិបត្ដិការ​របស់​ខ្លួន​រយៈពេល៥ឆ្នាំ ទៅ​មុខ ​។

លោក​ហេង រតនា បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ នៅ​ក្នុង​ពិធី​ប្រគល់-​ទទួល​សម្ភា​​រ​​បោស​សម្អាតមីន​ពី​រដ្ឋាភិបាល​ជប៉ុន​ដំណាក់កាល​ទី​៦ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ១៦,៥លាន​​​ដុល្លារ ផ្ដល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា មក​ឱ្យស៊ី​ម៉ាក់ ដែល​ប្រារព្ធធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី១៦ កុម្ភៈ ឆ្នាំ២០១២ កន្លង​ទៅនៅ​​​ខេត្ដសៀមរាប ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ដ្រី សុខ​​ អាន រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការគណៈ​រដ្ឋ​មន្ដ្រី​ និង​លោកម៉ាសា​ហ្វូ​៊មីគូ​រ៉ូ​គី​ ​(Masafumi Kuroki)​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំនៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដោយ​មានការ​ចូលរួម​ពី​មន្ដ្រី​សំខាន់​ៗ​ជា​ច្រើន​​​ទៀត ​។

លោក​បាន​បន្ថែម​ថា​ ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​ពិតជា​មានការ​ប្រឈម​នឹង​ឧបសគ្គ​លំ​បាកមួយ​ចំនួន​ដូច​ជា  ស្ថានភាពចម្ការ​មីន​មាន​ព្រៃ​ដុះ​ក្រាស​់ឃ្មឹក​​ និង​មាន​ស្ថានភាព​ដី​រឹង​ខ្លាំង ស្ថានភាព​ចម្ការ​មីន​ចម្រុះ​គ្នា​ គ្រាប់​មី​នតោន​កប់​ជ្រៅ​ៗ​ និង​មីន​ថ្មើរជើង​ច្រើន​ដែល​ងាយ​បង្ក​គ្រោះ​​ថ្នាក់​ពេល​កំពុង​ប្រតិបត្ដិការ​ ចំណែក​ផ្នែក​ធនធាន​សម្ភារ និង​ថវិកា​គាំ​ទ្រ​បេសក​កម្ម​បោស​សម្អាត​មីន​នេះ​ គឺ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ជំនួយ​របស់​ដៃគូ​អ​ភិ​វ​ឌ្ឍន៍ ​។

លោក​បាន​បញ្ចា​ក់​បន្ថែម​ថា​ ​កិច្ច​ប្រតិបត្ដិការ​បោស​សម្អាត​គ្រាប់​មីន​ និង​យុ​ទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ជា​ភារ​កិច្ច​ស្នូល​របស់​អង្គភាព​ ហើយ​ចាប់ពី​ឆ្នាំ ១៩៩២​ដល់​ឆ្នាំ​២០១១​ កន្លង​ទៅ​នេះ​ ស៊ី​ម៉ាក់ បាន​សម្រេច​លទ្ធផល​ដោយ​បាន​រុករក​ និង​កម្ទេច​​​​ចោល​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ជិត​៤៧​ម៉ឺន​គ្រាប់(៤៦៦​.២៧៤​គ្រាប់​)គ្រាប់​មី​ន​ប្រឆាំង​រថក្រោះ​ជាង​៩​ពាន់​គ្រាប់(៩.០១២គ្រាប់​)គ្រាប់​យុ​ទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​​គ្រប់​ប្រភេទ​ បាន​ចំនួន​ជាង​មួយ​លាន​ចិតសិប​ពីរ​ម៉ឺន​គ្រាប់​​(១.៧២៧.៦៤៩ គ្រាប់​​​) ​សរុប​រួម​ទាំង​គ្រាប់​មី​ន​ និង​យ​ុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​គឺ​ជិត​២,​២​លាន​គ្រាប់​(​២.១៩២.៦៣១​គ្រាប់)​ ។ ​ដោយ​ក្នុង​នោះ​បាន​ធ្វើការ​បោស​សម្អា​ត​​ផ្ទៃដី​មាន​មីន​បាន​ចំនួន​ជាង​បី​ម៉ឺន​ប្រាំ​ពាន់​ហិ​កតា​ និង​រំដោះ​ផ្ទៃដី​សង្ស័យ​ចម្ការ​មីន​ចំនួន ជិត​​ដប់​ប្រាំបួន​ម៉ឺន​ហិ​កតា ។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​-ទទួល​សម្ភារ​បោស​សម្អាត​មីន​ពី​រដ្ឋាភិបាល​ជប៉ុន​ដំណាក់កាល​ទី​៦​ផ្ដល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ មក​ឱ្យ​ស៊ី​ម៉ាក់  នោះ​​ដែរ​ លោក​ឧបនាយករដ្ឋមន្ដ្រី​ សុខ​ អាន រដ្ឋ​មន្ដ្រី​​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​«កិច្ច​ប្រតិ​បត្ដិការ​បោសសម្អាត​មីន​ និង​យុ​ទ្ធ​ភ​ណ្ឌមិន​ទាន់​ផ្ទុះ​ គឺជា​គោលដៅ​ដែល​រាជរដ្ឋាភិបាល និង​ដៃគូ​អភិ​វ​ឌ្ឍន៍​ទាំងអស់​ត្រូវ​បន្ដ​សម្រេច​ឱ្យ​បាន​ជោគ​ជ័យ​ទាំង​ស្រុង​​ ដើម្បី​រួមចំណែក​ធានា​បាន​ស្ថិ​រ​ភាព​​​​នយោ​បាយ​ ម៉ាក្រូសេដ្ឋកិច្ច​ សន្ដិភាព និង​សុ​វ​ត្ថិ​​ភាព​ ជូន​ប្រទេស​ និង​ប្រជាជន​កម្ពុជា​» ។

លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​បន្ថែម​ទៀត​ថា​ ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​អស់​រ​យៈ​ពេល​៥០០​ឆ្នាំ​មក​ហើយ​ ប៉ុន្ដែ​តាម​រយៈ​នយោបាយ​ឈ្នះ​ ឈ្នះ​ របស់​សម្ដេច​អគ្គ​មហា​សេនា​ប​តីតេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ធ្វើ​ឱ្យ​កម្ពុជា​បាន​ទទួល​​​ឯក​ភាព​ជាតិ​ទាំងស្រុង​នៅ​ចុងឆ្នាំ​ ១៩៩៨ ​ដែល​នេះ​ជា​ប្រវត្ដិសាស្ដ្រ​លើក​ដំបូង​របស់​​កម្ពុជា​ ។​ ទោះបីជា​ភ្លើងសង្គ្រាម​បាន​រលត់​ហើយ​ក្ដី​ ក៏​រាជ​រដ្ឋាភិបាល​នៅ​តែ​បន្ដ​រែកពុន​នូវ​ការ​លំបាក​ក្នុង​ការ​ធ្វើ​សមា​​ហរណកម្ម​ ការ​ក​​សាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រូប​វន្ដ​ និង​បញ្ហា​ធំ​ៗ​មួយ​ចំនួន​ទៀត​ ហើយ​ថែម​ទាំង​ត្រូវ​ប្រឈម​មុខ​ដោះ​ស្រាយ​​កាក​សំណល់​ពី​សង្គ្រាម​ដែល​ជា​គ្រាប់​មីន​និង​យុទ្ធ​ភ​ណ្ឌ​​មិន​ទាន់​ផ្ទុះ​យ៉ាងច្រើន​ទៀត​ ហើយ​កាក​សំណល់​ខ្លះ​​នៅ​សល់​តាំងពី​សម័យ​សង្គ្រាម​លោកលើក​​ទី​២​ ក៏មានដែរ ​។

លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​បន្ដ​ទៀត​ថា​លទ្ធផល​ជិត​២០​ឆ្នាំ​ កន្លង​មកនេះ ​ក្រៅពី​អង្គភាព ស៊ី​ម៉ាក់​កំពុង​បំពេញ​បេសក​កម្ម​​​បោសសម្អាត​មីន​ និង​យុទ្ធ​ភ​ណ្ឌមិន​ទាន់​ផ្ទុះ ​នៅ​មាន​អង្គភាពប្រ​​​តិ​​​​បតិ្ដ​ករ​មួយ​ចំនួន​ទៀ​ត​ដូច​ជា​ កង​យោធ​ពល​ខេម​រ​ភូមិន្ទ និង​អង្គការ​ដោះ​មីន​ហា​ឡូ​ត្រាស់ ​(Halo​ Trust)​ អង្គការ​យេ​ម៉ាស់​​(Jmas)​រួម​គ្នា​បោស​សម្អាត​ផ្ទៃដី​បាន​ប្រមាណ​៦៤៣,២១​ គីឡូ​ម៉ែត្រ​ក្រឡា​ ​។ ​តាម​ការ​វាយតម្លៃ​របស់​អាជ្ញា​ធរ​មីន​ និង​ប្រតិបត្ដិករ​ទាំងអស់​បានឱ្យ​ដឹង​ថា ផ្ទៃដី​មាន​មីន​នៅ​សល់​ជាង​៦៧០​គីឡូម៉ែត្រ​ក្រឡា​ទៀត ដែល​ទំហំ​នេះ​ត្រូវ​ធ្វើការ​បោសសម្អាត​មីន​ ទាំង​ស្រុង​តែ​ម្ដង​ និង​នៅ​មាន​ផ្ទៃដី​សង្ស័យ​មាន​មីន​ប្រមា​ណ​១.០៨៥​គីឡូម៉ែត្រ​ក្រឡា​ទៀត​ ដែល​ចាំ​បាច់​ត្រូវការ​ធ្វើការ​បញ្ជាក់​ឡើង​វិញ​ឱ្យ​បាន​ច្បាស់​លាស់​ដែរ ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ និង​បំបាត់​ការ​ភ័យ​ខ្លាច​របស់​ប្រជាជន​ ។​ ដោយ​ផ្អែក​លើ​ការ​​វាយតម្លៃ​នេះ​ កម្ពុជា​នៅ​តែ​ត្រូវការ​ធនធាន​យ៉ាង​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​ឱ្យ​ទស្សនៈ​វិស័យ​​១០​ឆ្នាំ​លើ​កទី២ទៅ​មុខ​បាន​ទទួល​ជោគ​ជ័យ ​។

ទោះបីជារាជ​រដ្ឋាភិបាល​កម្ពុជា និងដៃគូ​អភិ​វ​ឌ្ឍន៍​បាន​រួម​គ្នា​ដោះស្រាយ​បញ្ហា​មីន​ និង​យុ​ទ្ធភ​ណ្ឌមិន​ទាន់​ផ្ទុះ​អស់​រយៈពេល​ជាង​២០​ឆ្នាំ ហើយ​​ក៏​ដោយ​ ក៏​គ្រាប់​មីន និង​យុទ្ធ​ភ​ណ្ឌ​​មិន​ទាន់​ផ្ទុះ​នៅ​តែ​មាន​សេសសល់​ច្រើន​ទៀត​នៅ​តាម​ភូមិករ ដីស្រែ​ចម្ការ​ និង​ទីតាំង​សំខាន់​ៗ​មួយ​ចំនួន​ដែល​នៅ​តែ​បន្ដ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាជន ឬ​បណ្ដាល​ឱ្យ​ក្លាយជា​ជន​ពិការ​អស់​មួយ​ជីវិត​ ជា​ពិសេស​ចំពោះ​អ្នក​ដែល​កំពុង​រស់នៅ​តាម​តំបន់​អតីត​សមរភូមិ​ ព្រមទាំង​បន្ដ​បង្កភាព​ភ័យ​ខ្លាច​ដល់​ការ​ប្រើប្រាស់​ដីធ្លី​ក្នុង​ការ​បង្កប​ង្កើ​ន​ផល​ចិញ្ចឹម​​គ្រួសារ​ ក៏​ដូច​ជា​ឧបសគ្គ​ដល់​ការ​អភិ​វ​ឌ្ឍហេ​ដ្ឋា​រចនា​សម្ព័ន្ធក្នុង​ប្រទេស​ ។

តាម​របាយការណ៍​ទិន្នន័យ​តាមដាន​អ្នក​គ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​មីន​បានឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ ២០០០-២០០៧ មាន​អត្រា​អ្នក​គ្រោះថ្នាក់​ជាង ៨០០​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ  ហើយ​មក​ទល់​ឆ្នាំ ២០០៨-២០១១​ អ​ត្រា​នេះ​បាន​ធ្លាក់​មក​ដល់​នៅ​ត្រឹម​ក្រោម​៣០០​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ប៉ុន្ដែ​តួលេខ​ធ្លាក់​ចុះ​នេះ​នៅ​តែ​ជា​តួលេខ​ខ្ពស់​ជាង​បណ្ដា​​ប្រទេស​​ផ្សេង​ៗ​ទៀត​ដែល​មាន​សន្ដិភាព​ពេញ​លេញ​​ដូច​ប្រទេស​កម្ពុជា​យើង ​។

សូម​បញ្ជា​ក់ថា  ​ជំនួយសម្ភារ​​បច្ចេកទេស​ដែល​ត្រូវ​ផ្ដល់​ជូន​មក​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី១៦​ កុម្ភៈ នោះ​រួម​មាន ​គ្រឿង​ចក្រ​ធុន​ធ្ងន់​​ចំនួន​៨​គ្រឿង​​ រថយន្ដ​គ្រប់​ប្រភេទ​ចំនួន១១៥​គ្រឿង​ ម៉ាស៊ីន​រាវ​មី​ន​ចំនួន​៤៩២​គ្រឿង តង់​ស្នាក់​នៅ​ចល័ត​ចំនួន​៨៦​ ​ឧបករណ៍​​GPS ចំនួន​​១១៥​គ្រឿង​ វិទ្យុទាក់ទង​ចំនួន​២០៥ គ្រឿង​ ម៉ាស៊ីន​ភ្លើង​ចំនួន២៧​គ្រឿង​​​ ព្រមទាំង​គ្រឿងបន្លាស់​រថយន្ដ​ គ្រឿងចក្រ​ និង​សម្ភារ​​សំខាន់​ៗ​មួយ​ចំនួន​ទៀត ៕