ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលកិច្ច​ប្រជុំ​ JBC ៖ ចំណុច​វិជ្ជមានលើ​ការរុក​រក​បង្គោល​ព្រំដែន​ ការ​ផលិត​ផែនទី​អាកាសរួម និងបើក​ច្រក​ស្ទឹង​បត់

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧​យប់​ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១២ គណៈប្រតិភូ​ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជាដឹកនាំ​ដោយ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈ កម្មាធិការព្រំដែន​ចម្រុះបានធ្វើមាតុភូមិនិវត្តន៍​ ពីកិច្ចប្រជុំលើកទី៥ស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ​។ ​លោកទេសរដ្ឋមន្ត្រី​បានបញ្ជាក់ថា កិច្ចប្រជុំលើក​នេះមានលទ្ធ​ផលវិជ្ជមានច្រើន

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧​យប់​ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១២ គណៈប្រតិភូ​ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជាដឹកនាំ​ដោយ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈ កម្មាធិការព្រំដែន​ចម្រុះបានធ្វើមាតុភូមិនិវត្តន៍​ពីកិច្ចប្រជុំលើកទី៥ស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ​។  ​លោកទេសរដ្ឋមន្ត្រី​បានបញ្ជាក់ថា កិច្ចប្រជុំលើក​នេះមានលទ្ធ​ផលវិជ្ជមានច្រើន ព្រោះភាគីទាំង២​បានឈាន​ដល់ការឯកភាពគ្នាលើចំណុចជាច្រើន​រួមមាន​ការរុករកបង្គោលព្រំដែនដែលនៅសេស​សល់ ការផលិតផែនទីអាកាសរួមគ្នានិងការ​បើក​ច្រកស្ទឹង​បត់​ ។

លោកវ៉ា គឹមហុង បានមានប្រសាសន៍​ក្នុង​សន្និសីទសារព័ត៌​មាន​នៅឯចំណតយន្តហោះ​អន្តរជាតិភ្នំពេញ​ថា កិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែនចម្រុះទូទៅ​លើកទី៥នេះមានលទ្ធផល​វិជ្ជមានច្រើន ព្រោះ​ភាគីទាំង២បានឯភាពគ្នាលើ​ចំណុចទាំងឡាយ​ដែលកម្ពុជាបានដាក់ចូលក្នុង​របៀបវារៈនៃកិច្ច​ប្រជុំប្រកបដោយជោគជ័យ​ព្រោះភាគីទាំងពីរបានទទួលយក ហើយបាន​អនុញ្ញាតឲ្យគណៈកម្មការបច្ចេកទេសអាចចុះទៅ​អនុវត្តនៅលើដីជាក់ស្តែងដើម្បីរុករកបង្គោល​ដែលនៅសល់ ។

លោកវ៉ា គឹមហុង បានបញ្ជាក់ថា​ ការ កំណត់​ពេលវេលាណាមួយជាក់ច្បាស់ក្នុងការចុះ​ទៅរកបង្គោលព្រំដែនទាំងនោះនឹងត្រូវកំណត់​នាពេលក្រោយ។ ការឯកភាពគ្នានេះមានសារ​សំខាន់ណាស់ អ្វីដែលរាំងស្ទះកាលពីមុនព្រោះ​ភាគីថៃបានដាក់កំណត់ហេតុទាំងឡាយ​ដូច​ខាង​លើនេះតាមនីតិវិធីរបស់ប្រទេសគេវា​លែងមាន​ជាឧបសគ្គទៀតឡើយ​ ហើយពេលនេះ​ថៃអាច​ចុះហត្ថលេខាលើឯកសារទាំងឡាយពេលមាន​ការឯកភាពគ្នាដោយមិនចាំបាច់ឆ្លងកាត់រដ្ឋ​សភា​ដូចពីមុនទៀតទេ ។

លោកវ៉ា គឹមហុង បានបញ្ជាក់ទៀត​ថា បញ្ហា​​ដែលមិនបានឆ្លងកាត់រដ្ឋសភាថៃដូច​មុនយើងឃើញថា បរិយាកាសពេលនេះវាល្អ​​ជាងមុនណាស់ ។ ដូចអ្វីដែលយើងធ្លាប់ធ្វើ​ជាមួយគាត់តាំងតែពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ​២០០៨នេះ ជាចំណុចមួយដែលវិជ្ជមាន ។ ពីមុន​ដោយសារតែមានបញ្ហាប្រាសាទព្រះ​វិហារ​ធ្វើឲ្យ​កិច្ចប្រជុំលើកទី៥នេះមានការ​អាក់ខាន ។ កិច្ច​ប្រជុំនេះតែងតែធ្វើជារៀងរាល់​ឆ្នាំ ហើយពេល​កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥នេះ​ធ្វើឡើងនៅទី​ក្រុងបាងកក ប្រទេសថៃ ។

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានមាន​ប្រសាសន៍បន្តថា  កិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែនគោកចម្រុះ​នេះយើងបានធ្វើឡើងវិញ​មិន​មានឧបសគ្គអ្វីទៀតទេ។ភាគីថៃមិនចាំបាច់ឆ្លង​កាត់រដ្ឋសភាគេដូចមុនទៀតទេ ហើយនៅពេល​ណាកិច្ចប្រជុំបានសម្រេចចុះហត្ថលេខាយល់ព្រម​គឺយើងយកទៅអនុវត្តតែម្តង ។ វាជាចំណុចវិជ្ជ​មានដែលយើងមានការសប្បាយចិត្ត ទាំងភាគី​ថៃ​បានបញ្ជាក់ថា អ្វីដែលភាគីទាំង២​បានឯក​ភាព​គ្នាពីមុនមកនោះយើងឯកភាពគ្នាអនុវត្ត​ជាក់ស្តែង នេះជាបំណងដែលកម្ពុជាយើងចង់​បានតាំង​ពីមុនមក ។

លោកវ៉ា គឹមហុង បានអះអាងទៀតថា កម្ពុជាក៏បានលើកយកនូវរបៀបវារៈលំអិតរបស់​ខ្លួនដាក់ចូលក្នុងកិច្ច​ប្រជុំនេះដែរនូវចំណុច​សំខាន់មួយចំនួនដូចជា យើងបានរុក​រកបង្គោល​ពីបង្គោលលេខ១ នៅច្រកជាំស្រងាំ ក្នុងស្រុក​អន្លង់វែង ដល់បង្គោលលេខ២៣នៅប្រាសាទ​តាមាន់ ក្នុងស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្តរ​មានជ័យ ។ ការចុះរុករកបង្គោលគោលព្រំដែន​នេះ នឹងត្រូវធ្វើឡើងបន្ទាប់ពីគណៈកម្មការ​ជំនាញចុះទៅបើកច្រកថ្មីមួយ«ស្ទឹងបត់»​ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដែលកម្ពុជាបាន​ស្នើឡើង ។

លោកវ៉ា គឹមហុង បន្តថា នៅច្រកស្ទឹង​បត់​នេះ​ភាគីថៃបានយល់ព្រមឲ្យបញ្ជូនក្រុម​បច្ចេក​ទេសនៃប្រទេសទាំង២ចុះទៅត្រួតពិនិត្យនៅ​ថ្ងៃទី៥ មីនា ឆ្នាំ២០១២ខាងមុខនេះ ។ នៅពេល​បញ្ចប់ការងារនៅស្ទឹងបត់រួច គណៈកម្មការ​ព្រំដែននេះនឹងបន្តរុករកបង្គោលព្រំដែននៅច្រក​ជាំស្រងាំរហូតដល់ប្រាសាទតាមាន់តែម្តង ។ ការចុះធ្វើកិច្ចការនៅស្ទឹងបត់នេះមានរយៈពេល​ពីរខែទើបចប់ ។

លោកវ៉ា គឹមហុង បន្តថា ចំណុចដែលភាគី​ទាំងពីរបានឯកភាពគ្នានោះគឺការផលិតផែនទី​លំហអាកាស ។ ផែនទីនេះជាផែនទីខ្នាតធំ អាចឲ្យយើងដឹងពីភូមិសាស្រ្តនានាតាម​បណ្តោយ ព្រំដែន ដែលអនុញ្ញាតឲ្យក្រុមបច្ចេក​ទេសងាយ ស្រួលក្នុងការរុករកបង្គោលព្រំដែន​ដែលបាន​បោះដោយគណៈកម្មការបារាំង-សៀម​លើកទី​១​ក្នុងឆ្នាំ១៩០៨-១៩០៩ និង​លើកទី២បោះនៅ​ឆ្នាំ១៩១៩-១៩២០ ។ កាលពីលើក​មុន គណៈ​កម្មា​ធិការព្រំដែនចម្រុះកម្ពុជា-ថៃ ធ្លាប់បាន​យល់ព្រមដែរតែមិនបានស៊ីជម្រៅតែពេលនេះ​យើង​បានឯកភាពថា បន្តភារកិច្ចដើម្បីឲ្យអ្នក​បច្ចេក​ទេសក្នុងការធ្វើផែនទីនេះ ហើយភាគី​ទាំងពីរបាន​ឯកភាពរកក្រុមបច្ចេកទេសពិនិត្យ ពិចារណារក​ក្រុមហ៊ុនណាមកពីប្រទេសទី៣​ដើម្បីធ្វើ បន្ទាប់​មកដាក់ផែនទីនេះជូនទៅ​អនុគណៈកម្មការចម្រុះពិនិត្យនិងសម្រេច ។

លោកវ៉ា គឹមហុង បន្តទៀតថា ពីមុនភាគី​ទាំងពីរបានរកឃើញបង្គោលចំនួន៤៨ ក្នុងនោះ​មានបង្គោលចំនួន៣៣បានឯកភាពគ្នារួចហើយ​។​មានបង្គោល១៥មិនទាន់បានឯកភាពគ្នា​និង​ថែម១៩បង្គោលទៀតរកឃើញហើយ តែមិន​ទាន់បានធ្វើឯកសារត្រឹមត្រូវ ។ បង្គោលទាំង​១៩នេះ បើមិនធ្វើឯកសារមិនដឹងថា បង្គោល​នោះ​នៅកន្លែងណាទេ ហើយភាគី​ទាំង២នឹង​ធ្វើ​ឯកសារជាបីភាសា គឺភាសាខ្មែរ​ភាសា​សៀម និង​អង់គ្លេស ។ ភាភីទាំង២ក៏បាន​ឯកភាពគ្នាធ្វើ​ការជួសជុលបង្គោលដែលបាក់​បែកឬដាំបង្គោល​បន្ថែម និងធ្វើឯកសារនានាដាក់ជូនគណៈ​កម្មាធិការចម្រុះដើម្បីពិនិត្យនិងសម្រេច ។

លោកវ៉ា គឹមហុង បន្តថា ភាគីទាំងពីរបាន​ឯកភាពគ្នាក្នុងការវាស់វែងព្រំដែននៃគណៈ​កម្មា​ធិការចម្រុះនៃប្រទេសទាំងពីរ ។ ភាគីទាំង២បាន​ខិតខំប្រឹងប្រែងក្នុងការចរចាអំពីបញ្ហាព្រំដែននេះ​ដោយសុខចិត្តបូជាអស់កម្លាំងកាយចិត្ត ហើយ​ចំណុច​ណាដែលអាចទទួលយកបានយើងយក​តែ​ចំណុចណាមិនអាចទទួលយកបានយើងមិន​យក​ទេ ។ ទោះបីជាយ៉ាងណា កិច្ចចរចានេះមាន​លក្ខណៈ​ល្អប្រសើរជាងមុន ។

លោកវ៉ា គឹមហុង បន្តទៀតថា វាអាចនៅ​មាន​បញ្ហាទាក់ទងនឹងបច្ចេកទេស ដែលបញ្ហា​នេះភាគី​​ទាំង២អាចប្រឈមព្រោះថាបញ្ហា​បច្ចេក​ទេសមិនមែន​ដូចជាបញ្ហានយោបាយនោះ​ទេ ។ បញ្ហានយោ​បាយយើងអាចសម្រប​សម្រួល​តែបញ្ហាបច្ចេក​ទេសមិនអាចសម្រួល​បានទេ ។ កាលពីមុនថៃ​មានឧបសគ្គដោយសារ​តែ​មាត្រា១៩០ និងកាល​ពីឆ្នាំ២០១១ កិច្ច​ប្រជុំគ្រោងធ្វើនៅប្រទេស​ឥណ្ឌូណេស៊ីដែល​ជាអ្នកសម្របសម្រួលតែមិនមាន​លទ្ធផល​នេះជាឧបសគ្គ ។

លោកវ៉ា គឹមហុង បន្តថា កន្លងមកភាគីថៃ​មានឧបសគ្គ ព្រោះរាល់ឯកសារឬលិខិតស្នាម​ដែលមុនឬក្រោយពេលចរចាត្រូវដាក់ឆ្លងកាត់​ តាម​នីតិវិធីប្រទេសនីមួយៗពិនិត្យសិន តែកម្ពុជា​មិនស្មុគស្មាញដូចប្រទេសថៃទេ កាលណាសម្តេច​តេជោនាយករដ្ឋមន្ត្រីសម្រេចហើយគឺចប់​ហើយគ្មានឧបសគ្គទេ ។ នៅក្នុងឆ្នាំ២០០៨ និង២០០៩ ខាងភាគីថៃរាល់ឯកសារដែលដាក់​មកចរចានោះគេថា ក្រោយកិច្ចប្រជុំត្រូវ​ដាក់​ឯកសារទាំងអស់ទៅសុំការសម្រេចតាម​​នីតិវិធី​ប្រទេសនីមួយៗដែលនេះជាឧបសគ្គ​តែពេលនេះ​មិនមានទៀតទេ ហើយនៅថ្ងៃទី៣​មីនា ឆ្នាំ​២០១២ខាងមុននេះ គណៈកម្មាធិការ​ចម្រុះ​នឹងចាប់ផ្តើមចុះទៅពិនិត្យជាក់ស្តែង ៕