ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រានព្រៃ​បរបាញ់​លើភ្នំ​យក​កាំភ្លើង​វាយសត្វ​ផ្ទុះស្លាប់​ខ្លួនឯង

15 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សាកសពបុរស​ព្រានព្រៃ​ម្នាក់​​បានត្រូវ​ប្រជាពលរដ្ឋ​នៅភូមិ​តាសាល​ឃុំ​តា​សាល ស្រុកឱរ៉ាល់​​ ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៦​ល្ងាចថ្ងៃ​ទី២៦ មីនា នៅចំណុច​អន្លង់​ព្រីង លើខ្នងភ្នំទើរ ​ក្នុង​ភូមិ​សាស្ត្រ ​ទឹកដី​ឃុំតា​សាល ស្រុកឱរ៉ាល់ ។ សាកសព​ត្រូវបាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​​ខេត្ត និង​មន្ត្រី​ប៉ូលិស​ខេត្ត​-ស្រុកចុះ​ទៅ​ធ្វើការ​ត្រួត​ពិនិត្យផង​ដែរ ។

យោង​តាម​ប្រភព​ព័ត៌​មានពី​មន្ត្រីសមត្ថកិច្ច​ស្រុកឱរ៉ាល់​បានឱ្យ​ដឹង​ថា បុរស​ដែល​ស្លាប់នេះ​ឈ្មោះ​​កាន់ សេត អាយុ​៣៨​ឆ្នាំ មានទីលំនៅភូមិ​តាសាល ឃុំតាសាល ​មានប្រពន្ធ​និងកូនចំនួន​៤នាក់ក្នុង​បន្ទុក ។ មន្ត្រី​កង​រាជ​អាវុធហត្ថ​​ស្រុក​បានបំភ្លឺ​បន្ថែម​ថា ឈ្មោះកាន់ សេត នេះ​​បាន​បាត់​ខ្លួន​ពីផ្ទះ​តាំងពី​ថ្ងៃទី​២៤ មីនា និង​ទើប​ប្រទះ​ឃើញ​សព​នៅ​ល្ងាច​ថ្ងៃ​ទី២៦ មីនា ​ដោយ​សព​មានភាពហើម​ស្អុយ​ទៅហើយ ។  ក្រោយ​ពី​ធ្វើ​ការ​​ត្រួតពិនិត្យ​​ហើយរួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​សពនេះ​​ដល់ក្រុមគ្រួសារ​សព​ធ្វើ​ការបូជា​​នៅ​កន្លែងកើត​ហេតុតែម្តង ។​

លោក​វរ​សេនីយ៍​ត្រី​យក់ គន្ធា ​នាយ​រង​ការិ​យា​ល័យ​ស្រាវជ្រាវ​បទល្មើស​នៃទីបញ្ជា​ការ​កង​រាជអាវុធហត្ថ​​​ខេត្តបានឱ្យ​ដឹងថា តាមការសន្និ​ដ្ឋាន​ និងស្រាវជ្រាវ​​នៅទីនោះ​ គឺ​បុរស​ឈ្មោះ​កាន់ សេត ជា​ព្រាន​បាញ់សត្វ​ព្រៃ​ធ្វើ​អាជីវកម្ម​ ។ ការបាត់ខ្លួន​របស់​​ជន​រងគ្រោះ​​គឺពេល​ចេញពីផ្ទះ​ទៅ​បរ​បាញ់​សត្វ​នៅចំណុច​​​ខាង​លើ និងអាច​សន្និដ្ឋាន​ថា កាន់ សេត ​បាញ់សត្វ​​ត្រូវហើយ​យក​កាំភ្លើង​វាយបន្ថែម ហើយ​អាច​ផ្ទុះ​ត្រូវខ្លួន​ឯង​។ ​
ការបញ្ជាក់​នេះ ព្រោះកន្លងទៅ​ព្រាន​នេះដើ​របរ​បាញ់​​សត្វតែ​ម្នាក់​ឯង​ទេ ពុំ​មានអ្នកទៅ ជា​មួយឡើយ ។ ​ម្យ៉ាង​ទៀត​​ការស្លាប់នេះ​មាន​កាំភ្លើង​មួយដើម​ធុនសេ​កាសេជ្រុះ​នៅ​ជិត​សាក​សព និង​ពិនិត្យឃើញ​ស្នាម​ត្រូវ​គ្រាប់​សេ​កាសេ​មួយគ្រាប់ ចំ​ឆ្អឹងជំនីរ​ស្តាំធ្លាយទៅ​ក្រោយ​ស្មា​ឆ្វេង​ ។ កាំភ្លើង​ត្រូវបាន​មន្ត្រី​ប៉ូលិស​យកទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋានស្រុក​ ដើម្បី​ស្រាវជ្រាវ​រកប្រភពផ្តល់អាវុធនេះ ៕